ភ្នំពេញៈ ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​គិត​ចាប់ពី​ថ្ងៃទី ​២៦ ខែកក្កដា រហូតដល់​ថ្ងៃទី ​៤ សីហា ឆ្នាំ​ ២០២៣ បានធ្វើឱ្យ​ប៉ះពាល់​ប្រជាជន​ចំនួន ១២ ០៤៤ គ្រួសារ ខូចខាត​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ​៩ ០៥៣ ខ្នង ស្លាប់​មនុស្ស​ ២​ នាក់ និង​របួស​ ២​ នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (​គ​.​ជ​.​គ​.​ម​.)​។

​លោក​ សុទ្ធ គឹម​កុល​មុន្នី អ្នក​នាំពាក្យ គ​.​ជ​.​គ​.​ម បានឱ្យដឹង​នៅ​ថ្ងៃទី ​៦ ខែសីហា​ថា ទឹកជំនន់​ទឹកភ្លៀង​ទូទាំងប្រទេស​កើតឡើង​ក្នុងពេល​ថ្មីៗ​នេះ​បានធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ ​១២ ០៤៤ គ្រួសារ​។ ចំពោះ​ការអន្តរាគមន៍​ឆ្លើយតប អគ្គលេខាធិការ​នៃ គ​.​ជ​.​គ​.​ម បាន​ចុះ​ពី​និត្យ​ស្ថាន​ភាពជាក់ស្តែង និង​បាន​ជម្លៀស​ប្រជាជន​ ១៧៩ គ្រួសារ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។

​លោក​បញ្ជាក់ថា​៖ «​ចំពោះ​ការ​អន្តរាគមន៍​ឆ្លើយតប ឯកឧត្តម​អគ្គលេខាធិការ គ​.​ជ​.​គ​.​ម បាន​ចុះ​ពិនិត្យ​ជាក់ស្តែង មាន​អាជ្ញាធរ​ឃុំ សង្កាត់ ក្រុង​ស្រុក បាន​ចុះ​តាមដាន និង​ពិនិត្យ​ការវិវឌ្ឍ​នៃ​ស្ថានភាព​ជាប្រចាំ ហើយ​គណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​សហការ​ជាមួយ​សាខា​កាកបាទក្រហម​នាំយក​អំណោយ​សង្គ្រោះ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ផងដែរ​»​។

​លោក​បាន​ឱ្យដឹងទៀតថា ទឹក​ជំនន់​ទឹកភ្លៀង​ដែល​កើតឡើង​នៅ​ ១២​ ខេត្ត ២៧​ ក្រុង​ស្រុក ៧៧ ឃុំ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស្រូវ​ប្រជាពលរដ្ឋ ១១ ៩៥៥ ហិកតា ខូចខាត​ផ្លូវ​ចំនួន ២៤ ៩១៧ ម៉ែត្រ ខូចខាត​សាលារៀន ១៩ ខ្នង និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ ២ នាក់ ពេល​ទៅ​បោះតង់​ដេក​កម្សាន្ត​នៅ​មាត់​ទឹកជ្រោះ​ឪម៉ាល់ ហើយ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឱ្យ​ទឹក​ហូរ​នាំទៅ​បាត់​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​ ៣០ ខែកក្កដា ស្ថិតក្នុង​ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត​។​

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង​បានឱ្យដឹងថា ទឹកជំនន់​ទឹកភ្លៀង​បាន​ឡើង​ជន់​លិច​ដល់​បណ្តា​ស្រុក​មួយចំនួន​ក្នុង​រយៈ​ពេល​ខ្លី​ក៏បាន​ស្រក​ទៅវិញ​ជា​លក្ខណៈ​ធម្មជាតិ​។ ទឹកជំនន់​នេះ​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​ណាមួយ​ទេ ហើយ​ទ្រព្យសម្បត្តិ​ដំណាំ​កសិកម្ម​ក៏​មិនមាន​បញ្ហា​អ្វី​ដែរ​។ ចំពោះ​ករណី​ទឹកស្ទឹង​សង្កែ​ដែល​ប្រែ​ទៅ​ខ្មៅ​ដែល​បង្កដោយ​សំណល់​រាវ​នៅ​រោងចក្រ ​១ ​កន្លែង​ហូរ​ចូល​ស្ទឹង​នោះ មកដល់ពេលនេះ​ទឹក​មាន​សភាព​ធម្មតា​វិញ​ហើយ​។

​លោក​ថ្លែងថា​៖ «​ឥឡូវ​ទឹកបាន​ប្រែក្លាយ​ទៅ​ធម្មតា​វិញ​អស់ហើយ ចំណែក​ពាក់ព័ន្ធ​រឿង​ទឹកខ្មៅ​ហ្នឹង​គឺ​យើង​បាន​យកទៅ​មើលទៅ ទឹក​ហ្នឹង​គុណភាព​សម្រាប់​ការប្រើប្រាស់​អីហ្នឹង រដ្ឋាករទឹក​គេ​បានបញ្ជាក់​ហើយ មិនមានការបំពុល​អី​ទេ​»​។

​ដោយឡែក​នៅ​ខេត្តមណ្ឌលគិរី​ទឹកជំនន់​បានធ្វើ​ឱ្យដាច់​ផ្លូវជាតិ​លេខ ​៧៦ A នៅ​ចំណុច​អូរ​ងើយ​ទាំងស្រុង​មិនអាច​ធ្វើដំណើរ​បាន​។ លោក​ជាក់ ម៉េង​ហ៊ាង អភិបាល​រង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី បានឱ្យដឹង​នៅ​ថ្ងៃទី​ ៦ ខែសីហា​ថា ពេលនេះ អាជ្ញាធរខេត្ត​កំពុង​ឈូសឆាយ​ចាក់ដី​រៀបចំ​ផ្លូវ​វាង​ដើម្បីឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​ជា​បណ្តោះ​អា​សន្ន​បាន​ដោយ​ការធ្វើ​ផ្លូវ​វាង​នេះ​នឹង​រួចរាល់​ក្នង​សប្តាហ៍​ក្រោយ​។

​លោក​បញ្ជាក់ថា​៖ «​ពេលនេះ​បើសិន​ជាមាន​ប្រជាពលរដ្ឋ​ណា​កុន​អាសន្ន​ត្រូវ​ឆ្លងកាត់​យើង​អាចជួយ​សម្រួល​ឱ្យ​ឆ្លង​បាន តែ​សម្រាប់តែ​ករណី​ចាំបាច់​បំផុត​ទេ ព្រោះ​កន្លែង​ហ្នឹង​យើង​កំពុងតែ​ធ្វើ​ហើយ​មិនទាន់​អាច​បើក​ឱ្យ​ដំណើរការ​ជាទូទៅ​បានទេ​»​។​

​តាម​ការ​ព្យាករ​នៅ​ព្រឹក​ថ្ងៃទី ​៦ ខែសីហា កម្ពស់​ទឹក​នៅ​ស្ថានីយ ទន្លេមេគង្គ​​ស្ទឹងត្រែង ទឹក​មាន កម្ពស់​ ៨,៦០​ ម៉ែត្រ​អាច​នឹង​ស្រក​មក​នៅ ៨,៣២ ម៉ែត្រ​នៅ​ថ្ងៃទី​ ៧ ខែសីហា​។ ស្ថានីយ​នេះ​កម្រិត កម្ពស់​ទឹក​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ១០,៧០ ម៉ែត្រ​។ នៅ​ស្ថានីយ​ទន្លេមេគង្គ​​ក្រចេះ ទឹក​មាន​កម្ពស់​ ១៨,៨៦​ ម៉ែត្រ អាច​នឹង​ចុះមក​នៅត្រឹម​ ១៨,៥៨​ ម៉ែត្រ​នៅ​ថ្ងៃទី​ ៧ ខែសីហា​។ ស្ថានីយ នេះ​កម្រិត​កម្ពស់​ទឹក​ដែល​ត្រូវ ប្រុងប្រយ័ត្ន​មាន​កម្ពស់​ ២២ ម៉ែត្រ​។

​នៅ​ស្ថានីយ​ទន្លេមេគង្គ​កំពង់ចាម ទឹក​មាន​កម្ពស់​ ១២,០៨​ ម៉ែត្រ អាច​នឹង​ស្រក​ចុះមក​នៅត្រឹម​ ១១,៩៧​ ម៉ែត្រ​នៅ​ថ្ងៃទី​ ៧ សីហា​។ ស្ថានីយ​នេះ​កម្រិត​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រុង​​ប្រយ័ត្ន​មាន​កម្ពស់​ ១៥,២០​ ម៉ែត្រ​។ នៅ​ស្ថានីយ​ទន្លេបាសាក់​ចតុមុខ ទឹក​មាន​កម្ពស់ ៧,១៧ ​ម៉ែត្រ​អាច​នឹង​ឡើងទៅ​ដល់​ ៧,២២​ ម៉ែត្រ​នៅ​ថ្ងៃទី​ ៧ ខែសីហា​។ ស្ថានីយ​នេះ កម្រិត​កម្ពស់​ទឹក ដែល​ត្រូវ​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ១០,៥០​ ម៉ែត្រ​។ នៅ​ស្ថានីយ​ទន្លេមេគង្គ​អ្នក​លឿង ទឹក​មាន កម្ពស់​ ៥,១០ ​ម៉ែត្រ​អាច​នឹង​ឡើង ដល់ ៥,១៥ ម៉ែត្រ​នៅ​ថ្ងៃទី​ ៧ សីហា​។ ស្ថានីយ​នេះ កម្រិតកម្ពស់​ទឹក​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ៧,៥០​ ម៉ែត្រ​។

​ដោយឡែក នៅ​ស្ថានីយ​ទន្លេបាសាក់​កោះ​ខែល​ទឹក​មាន​កម្ពស់ ៦,៦៤​ ម៉ែត្រ​អាច​នឹង​ឡើងដល់ ៦,៧៣ ​ម៉ែត្រ​នៅ​ថ្ងៃទី​ ៧ ខែសីហា​។ ស្ថានីយ​នេះ កម្រិតកម្ពស់​ទឹក​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​មាន​កម្ពស់​ ៧,៩០ ​ម៉ែត្រ​។ នៅ​ស្ថានីយ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់ ​៥,៧១​ ម៉ែត្រ​អាច​នឹង​ឡើងដល់​ ៥,៧៩ ​ម៉ែត្រ​នៅ​ថ្ងៃទី​ ៧ ខែសីហា​។ ស្ថានីយ​នេះ កម្រិត​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រុង​​ប្រយ័ត្ន​មាន​កម្ពស់​ ៩,៥០​ ម៉ែត្រ​៕