​សៀមរាបៈ ឯកអគ្គរដ្ឋទូត​អា​​មេ​រិ​ក ប្រចាំ​កម្ពុជា លោក W.Patrick Murphy បានចាត់ទុក​កម្ពុជា ជាពិសេស​តំបន់​អង្គរ គឺជា​ទឹកដី​អច្ឆរិយ​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ​ជា​សម្បត្តិ​វប្បធម៌ ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​តំបន់​នេះ​បាន​ក្លាយជា​កន្លែង​ដ៏​មាន​សក្តានុពល​បំផុត សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​កម្ម​​វិធី​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច​និង​ទេសចរណ៍នៅ​កម្ពុជា​។ ជាមួយ​ភាពសម្បូរ​បែបនេះ លោក W.Patrick Murphy បាន​ស្នើឱ្យ​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ នៅលើ​ពិភពលោក ជាពិសេស​ប្រជាជន​អាមេរិក គួរ​ណាស់​ឆ្លៀតពេល​មក​ដើរ​កម្សាន្ត និង​ទស្សនា​សម្បត្តិ​​វប្បធម៌​នានា នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាមេរិក ក៏បាន​រួមចំណែក​អភិ​រក្ស​សម្បត្តិ​វប្បធម៌​ទាំងអស់នេះ​ផង​ដែរ​។

​លោកបាន​ថ្លែងថា​៖ «​ចំពោះ​ប្រទេស​កម្ពុជា មាន​ប្រាសាទ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្រើន​មែនទែន អ៊ីចឹង​ប្រជាជន​នៅលើ​ពិភពលោក គួរតែ​មក​ទស្សនា​ប្រាសាទ​ទាំងអស់​ហ្នឹង ហើយ​ស្ថានទូត​អាមេរិក ក៏បាន​ជួយឧបត្ថម្ភ​ដល់​ការជួសជុល​ប្រាសាទ​ជាច្រើន និង​បានប្រគល់​ត្រឡប់មកវិញ​នូវ​វត្ថុ​បុរាណ​ជាច្រើន​ឱ្យ​កម្ពុជា​វិញ​ផងដែរ​»​។​

​លោក​បន្ថែមថា​៖ «​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​ក៏​សូម​អបអរសាទរ​ខួប​លើក​ទី​ ១៥ នៃ​ការដាក់​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​អាមេរិក ចូលរួម​ទស្សនា​ប្រទេស​កម្ពុជា ក៏ដូចជា​ចូលរួម​រត់ និង​ជិះ​កង់ ពិសេស​ដើម្បី​បាន​ទស្សនា​សម្បត្តិ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​»​។

លោក W.Patrick Murphy បាន​ថ្លែងប្រាប់​អ្នកកាសែត​បែបនេះ បន្ទាប់ពី​លោក​បាន​ចូល​​រួម​រត់​លើ​វិញ្ញាសា ១០ ​គីឡូម៉ែត្រ ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​លើក​ទី​៨ ឆ្នាំ​ ២០២៣ នៅលើ​ទឹកដី​អង្គរ កាលពី​ព្រឹក​ថ្ងៃទី​ ៦ ខែសីហា ដោយ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ​មាន​អ្នកចូលរួម​ចំនួន​២ ៥១១ ​នាក់ ក្នុងនោះ​មាន​បរទេស​ជាង ​៥០០ ​នាក់ មកពី ​៤៥ ​ប្រទេស​ជុំវិញ​ពិភពលោក​។​

​ជាមួយគ្នានេះ លោក W.Patrick Murphy បានឱ្យដឹងថា លោក​មានការ​ពេញចិត្ត ក្នុងការ​ចូលរួម​ព្រឹត្តិ​ការណ៍​ផ្សេងៗ ដែល​កម្ពុជា​បាន​រៀប​ចំ​។ «​ខ្ញុំ​តែងតែបាន​ចូលរួម​រត់ នៅក្នុង​ប្រទេស​កម្ពុជា គឺ​ខ្ញុំ​ព្យាយាម​រត់​ជា​រៀង​រាល់​ព្រឹក ដើម្បី​ធ្វើឱ្យមាន​សុខ​ភាពល្អ​តាមរយៈ​ការហាត់​ប្រាណ ហើយ​ខ្ញុំ​បាន​ចូលរួម​គ្រប់​ព្រឹត្តិការណ៍ នៅក្នុង​ប្រទេស​កម្ពុជា ជាក់ស្តែង​ដូចជា​ការប្រកួត​ម៉ា​រ៉ា​តុង នៅ​សៀមរាប ថ្ងៃនេះ​»​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​នេះ គឺ​អស្ចារ្យ​មែនទែន ហើយ​មាន​បុគ្គលិក​មកពី​ស្ថានទូត​ចូលរួម​រត់​ប្រមាណ​ ២៥ ​នាក់​។ ការចូលរួម​នេះ មិន​ត្រឹមតែ​ដើម្បី​សុខភាព តែ​ក៏បាន​ជួយ​ដល់​សេដ្ឋកិច្ច ព្រមទាំង​បាន​ទស្សនា​សម្បត្តិ​វប្បធម៌ នៅក្នុង​ខេត្តសៀមរាប ហើយ​អ្វីដែល​ពិសេស កម្ម​វិធី​រត់​នេះ ក៏បាន​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ ដែល​យើង​ពិតជា​រីករាយ​ក្នុងការ​ចូលរួម​»​។​

​សម្រាប់​ការចូលរួម​ប្រកួត ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ លើក​ទី៨ ឆ្នាំ​ ២០២៣ ​នេះ លោក W.Patrick Murphy បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ចាស់​របស់ខ្លួនឯង សម្រាប់​ការប្រកួត​លើ​វិញ្ញាសា ​១០ ​គីឡូម៉ែត្រ ហើយ​លទ្ធផល​នេះ បានធ្វើឱ្យ​បុរស​វ័យ​ប្រមាណ ​៦០ ​ឆ្នាំ​រូបនេះ បានកំណត់​ពេលវេលា​រួចហើយ​ថា នឹងចូលរួម​ទិវា​រត់ប្រណាំង​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ នៅ​ខែធ្នូ ឆ្នាំ​ ២០២៣ ជា​បន្តទៀត​។​

​លោក W.Patrick Murphy បានបង្ហាញ​ពី​អារម្មណ៍​បែបនេះ​ថា​៖ «​ខ្ញុំ​ពិតជា​ចូលចិត្ត​ការប្រកួត​ម៉ា​រ៉ា​តុង និង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​សៀមរាប ហើយ​ការចូលរួម​លើក​នេះ ខ្ញុំ​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួនឯង​។ ខ្ញុំ​ធ្លាប់បាន​ចូលរួម​ការប្រកួត​ម៉ា​រ៉ា​តុង​អង្គរ ចំនួន​ ៣​ ដង​ហើយ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​បាន​ចូលរួម​ជា​លើក​ទី​៤​ ជាមួយ​បុគ្គលិក​មកពី​ស្ថានទូត រួមទាំង​ប្រជា​ជនកម្ពុជា​និង​អ្នករត់​ជាច្រើន​ទៀត​»​។​

​ចំពោះ​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ នៅ​ខែធ្នូ ខាងមុខនេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​ដ៏​ធំ​ចុងក្រោយ ប្រចាំឆ្នាំ​ ២០២៣ ដើម្បី​ស្រូបយក​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឱ្យ​មកលេង​កម្ពុជា ហើយ​ស្របពេល​ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង ទេសចរណ៍ បានបង្ហាញ​សុទិដ្ឋិនិយម​ថា កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​ប្រហែលជា​ ៥​ លាន​នាក់ នៅ​ដំណាច់ឆ្នាំ​ ២០២៣ ​នេះ ហើយនឹង​អាច​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដល់​ទៅ​ ៧ ​លាន​នាក់ នៅ​ឆ្នាំ​ ២០២៦៕