ភ្នំពេញៈ ​ក្លិប​អ្នកកាសែត​កម្ពុជា ​(​ក​.​អ​.​ក​) សហការ​ជាមួយ ​CP ALL (Cambodia) Co.,Ltd.​ នឹង​រៀបចំ​ការប្រកួតប្រជែង​រូបថត​ក្រោម​ប្រធានបទ ​«​ផ្សព្វផ្សាយ​សម្រស់​សហគម​ន៍​យើង​» ​ឬ​ជា​ភាសា​អង់គ្លេស «Promote the Beauty of Our Community» សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា ដើម្បី​លើកកម្ពស់​បរិស្ថាន​ល្អៗ​របស់​សហ​គម​ន៍​កម្ពុជា​។​

​លោក​ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ​(​ក​.​អ​.​ក​) បានឱ្យដឹង​នៅ​ថ្ងៃទី ​៧ ខែ​សីហា​ថា គោលបំណង​នៃ​ការបង្កើត​ការ​ប្រកួតប្រជែង​រូបថត​នេះ​ គឺ​ដើម្បី​បំផុស​ចលនា​ប្រកួតប្រជែង​ស្នាដៃ​រូបថត​ល្អៗ និង​លើក​ទឹកចិត្ត​អ្នកសារព័ត៌មាន​រួមទាំង​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​អ្នក​ថតរូប​ឯករាជ្យ​ដែល​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​ជាមួយ​សារព័ត៌​មានបាន​ផ្សព្វផ្សាយ​ពី​សម្រស់ និង​បរិស្ថាន​ល្អៗ​របស់​សហគមន៍​រប​ស់​កម្ពុជា​។​

​លោក​បាន​បន្ត​ដូច្នេះ​ថា​៖ «​ដោយសារតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា ចាប់ផ្តើម​ស្រឡាញ់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ច្រើន ហើយ​ពួកគាត់​ចូលចិត្ត​ដើរ​កម្សាន្ត​ទៅ​តំបន់​សហគមន៍​ធម្មជាតិ​ស្រស់ៗ តែ​ការប្រមូលផ្តុំ​រូបថត​ល្អៗ​ទាំងនោះ មិនទាន់​ត្រូវបាន​រៀបចំ​ជា​កញ្ចប់ ដើម្បី​ងាយស្រួល​ផ្សព្វផ្សាយ​ឱ្យបាន​ទូលាយ​ដល់​សាធារណជន ពិសេស​សហ​​គម​ន៍​អន្តរជាតិ​នៅឡើយ​ទេ​»​។

​លោក​បន្តថា​៖ «​ហេតុនេះ ទើប​ខាងយើង​រៀបចំ​ការប្រកួតប្រជែង​នេះ​ឡើង​ ដើម្បី​លើកកម្ពស់​សហគមន៍​អេកូ​ទេសចរណ៍​ទាំងនោះ​»​។​

​ទន្ទឹមគ្នានេះ ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ដែរ​ថា តាមរយៈ​កម្មវិធី​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សហគមន៍​អេកូ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ក្លាយជា​ផ្នែក​សំខាន់​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ ពិសេស​ជួយ​ជំរុញ និង​អភិវឌ្ឍ​ពី​វិស័យ​ទេសចរណ៍​ទាំង​ធម្មជាតិ វប្បធម៌ សេវាកម្ម ព្រមទាំង​ផ្សព្វផ្សាយ​ពី​ភោគផល​សម្បត្ដិ​ធនធានធម្មជាតិ​របស់​កម្ពុជា​ទៅកាន់​បរ​ទេស​ថែមទៀត​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្លិប​អ្នក​កាសែត​កម្ពុជា បានបញ្ជាក់​បន្ថែមថា ការ​​ប្រកួតប្រជែង​រូបថត​ពេលនេះ ចាត់ទុកថា ជាការ​ប្រកួតប្រជែង​លើកដំបូង ហើយក៏​ជា​ឱកាស​សម្រាប់​អ្នកសារព័ត៌មាន និង​អ្នក​ថតរូប​ឯករាជ្យ ដែល​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​ជាមួយ​សារព័ត៌មាន​ក្នុងការ​បង្ហាញ​ស្នាដៃ​ថតរូប​ដ៏​ល្អ​ឯក​ដើម្បី​ដណ្តើម​ពានរង្វាន់​។​

​សម្រាប់​លក្ខខណ្ឌ​នៃ​ការចូលរួម​វិញ ក្លិប​​អ្នកកាសែត​កម្ពុជា​បាន​លើកឡើងថា រូបថត​គឺជា​ស្នាដៃ​ផ្ទាល់​របស់​អ្នកចូលរួម​ប្រកួត​,​ជា​រូបថត​ដែល​មិនមាន​ការរៀបចំ​ដើម្បី​ថត​ឬក៏​កែច្នៃ​បន្ថែម ​(Edit),​ជា​រូបថត​ដែល​បង្ហាញ​ពី​សម្រស់​ធនធានធម្មជាតិ តំបន់​រមណីយដ្ឋាន​ទេសចរណ៍ អេកូ​ទេសចរណ៍ ឬ​បង្ហាញ​ពី​បរិស្ថាន​ស្អាត និង​ការអភិវឌ្ឍ​។​

​ប្រភព​ដដែល​បន្តថា ជា​រូបថត​ដែល​បានបង្ហាញ​ពី​ភាព​ទាក់ទាញ និង​មាន​អត្ថន័យ​ទាក់ទង​នឹង​ប្រធានបទ​,​ជា​រូបថត​ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​អង្គភាព​របស់ខ្លួន ឬ​អង្គភាព​សារព័ត៌មាន​ណាមួយ​ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២២ ដល់​ថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ ​២០២៣​។​

​ទន្ទឹមគ្នានេះ បេក្ខជន​ដែល​ចាប់អារម្មណ៍​គឺ​ត្រូវ​ផ្ញើ​រូបថត​ដែល​ត្រូវ​ចូលរួម​ប្រកួត​ជា​សន្លឹក​ឬ​ជា​ឯកសារ (Files)​ ចំនួន ​៣ ​សន្លឹក​ ដោយ​ភ្ជាប់​សំណៅ​ដើម​ដែល​បាន​បង្ហាញថា រូបថត​នេះ​ត្រូវបាន​ចុះផ្សាយ​រួចហើយ​ក្នុង​អង្គភាព​សារព័ត៌មាន​ណាមួយ​មកកាន់​ក្លិប​អ្នកកាសែត​កម្ពុជា​ឱ្យបាន​មុន​ថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ​ ២០២៣៕