​ភ្នំពេញៈ បុគ្គល​ស្វ័យ​និ​យោជន៍​ជាង​ ១៨ ០០០​ នាក់ បាន​ចុះ​ឈ្មោះ​បង់​ភាគទាន ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដែល​ផ្តល់​ដោយ ប​.​ស​.​ស ខណៈ​លោក ហេង សុផាន់​ណា​រិ​ទ្ធ លើកទឹកចិត្ត​ដល់​ពលរដ្ឋ​គ្រប់រូប ដែលមាន​មុខរបរ មាន​ប្រាក់ចំណូល​ផ្ទាល់ខ្លួន មក​ចុះឈ្មោះ​នៅតាម​ភ្នាក់ងារ ប​.​ស​.​ស ដែល​មាននៅ​ទូទាំងប្រទេស​ដើម្បី​ក្លាយជា​សមាជិក​។​

​កាលពី​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ​ ២០២៣ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បានប្រកាស​ដាក់ឱ្យអនុវត្ត​គម្រោង​សាកល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ ដើម្បី​មាន​សិទ្ធិ​ទទួលបាន​ការធានា​​រ៉ាប់រង​សុខភាព​ដែល​គម្រោង​នេះ​បាន​អនុវត្ត​ជា​លើកដំបូង ចាប់​ថ្ងៃទី ១ ខែមេសា​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៧ ខែសីហា ថា គិតពី​ខែមេសា​មក មកដល់​ខែកក្កដា មាន​បុគ្គល​ស្វ័យ​និ​យោជន៍​ជាង​ ១៨ ០០០ ​នាក់ បាន​ចុះឈ្មោះ​បង់​ភាគទាន ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដែល​ផ្តល់​ដោយ ប​.​ស​.​ស​។

​លោកបានឱ្យដឹង​បន្តថា ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​មាន​ប្រាក់ចំណូល​ផ្ទាល់ខ្លួន និង​ចង់​ក្លាយជា​សមាជិក ប​.​ស​.​ស អាច​ទៅធ្វើ​ការចុះ​ឈ្មោះ​បាន​នៅតាម​ភ្នាក់ងារ​របស់ ប​.​ស​.​ស ទូទាំងប្រទេស ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម (​មាន​សុពលភាព​) និង​បញ្ជាក់ថា ខ្លួន​ធ្វើ​ការងារ ឬ​ប្រកប​របរ​អាជីវកម្ម​ផ្ទាល់ខ្លួន ដោយ​មិន​ប្រើប្រាស់​បុគ្គលិក ហើយ​មាន​អាយុ​មិន​លើសពី​៦០​ឆ្នាំ​គិត​ត្រឹម​កាលបរិច្ឆេទ​ស្នើ​ចុះបញ្ជី​នៅ ប​.​ស​.​ស​។​

​លោកបញ្ជាក់ថា​៖ «​សម្រាប់​នីតិវិធី​ក្នុងការ​ចុះឈ្មោះ គ្រប់គ្នា​អាច​ទៅ​ចុះឈ្មោះ​នៅ​កន្លែង​ណា​ក៏​បានដែរ​នៅ​គ្រប់​ស្នាក់​ការ​សាខា ប​.​ស​.​ស ទូទាំង​រាជ​ធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយ​ភ្ជាប់​មកជា​មួយ​អត្តសញ្ញាណប័ណ្ណ​។ នៅពេល​គាត់​មកដល់ នោះ​មន្ត្រី ប​.​ស​.​ស នឹង​ពិនិត្យ សាកសួរ​គាត់​ថា គាត់​ប្រក​បរបរ​អ្វី ហើយ​មាន​ទី​លំ​នៅ​នៅ​ណា​? មន្ត្រី​យើង ក៏​នឹង​ពន្យល់​អំពី​នីតិវិធី​នៃ​ការទទួល​សេវា និង​ការបង់​ភាគទាន​ជូន​គាត់​។ នៅពេល​គាត់​សម្រេច​ចិត្ត​ចុះឈ្មោះ នោះ​មន្ត្រី​យើង នឹង​ចុះឈ្មោះ​ជូន​គាត់​»​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ទាំងអស់ ដែល​មានបំណង​ចុះឈ្មោះ នៅ ប​.​ស​.​ស សូម​អញ្ជើញ​មក​ចុះឈ្មោះ​ភ្លាមៗ បើសិនជា​ចង់​សាកល្បង​ក្នុងការ​ទទួល​សេវា​ពី ប​.​ស​.​ស ព្រោះ​សមាជិក​ក្នុង​កញ្ចប់​សាក​ល្បង នឹង​ទទួលបាន​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ និង​សង្គ្រោះបន្ទាន់ បន្ទាប់ពី​បាន​បង់​ភាគទាន បាន​រយៈពេល​ ២ ខែ​ឡើងទៅ​។

​បុគ្គល​ស្វ័យ​និ​​យោជន៍ គឺ​សំដៅ​ដល់​ជន​ដែល​ប្រកបមុខរបរ រកប្រាក់​ចំណូល​ដោយ​ខ្លួនឯង មិនមាន​ប្រើ​​ប្រាស់​កម្មករនិយោជិត​នៅក្នុង​សកម្មភាព​ការងារ ឬ​មុខរបរ​ផ្ទាល់ខ្លួន និង​ដោយ​មិន​ពាក់​ព័ន្ធ​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ដែល​ផ្ដល់​ដោយ​ស្ថាប័នរដ្ឋ ឬ​ដោយ​និយោជក​តាម​កិច្ចសន្យាការងារ​។

GRET Cambodia ដែលជា​អង្គការ​មួយ​បាន​ចូលរួម​ក្នុង​គម្រោង​សាកល្បង​របស់ ប​.​ស​.​ស ដើម្បី​ផ្តល់​សេវា​ជូន​បុគ្គល​ស្វ័យ​និ​យោជន៍បាន​លើកឡើងថា កញ្ចប់​សាកល្បង​ទៅលើ​បុគ្គល​ស្វ័យ​និ​យោជន៍​គឺជា​គម្រោង ​១ ដែលមាន​បំណង​ដើម្បី​សម្រេចបាន​នូវ​ប្រព័ន្ធ​សន្តិសុខ​សង្គម​រួមបញ្ចូល​គ្នា​សម្រាប់​អ្នកបម្រើ​ការ​វិស័យ​ក្រៅផ្លូវការ ដូចជា អ្នកបើកបរ​ត្រីចក្រយានយន្ត និង​អ្នកធ្វើការ​តាម​ផ្ទះ​។

​សម្រាប់​ភាគទាន​ប្រចាំខែ​ដែល​ត្រូវ​បង់ គឺមាន​ចំនួន ​១៥ ៦០០​ រៀល ​ក្នុង​ ១ ខែ ដែលនាំឱ្យ​ពួកគាត់​អាច​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ក្នុង​មណ្ឌល​សុខភាព​ដែល​ទទួលស្គាល់​ដោយ ប​.​ស​.​ស​.​ក៏ដូចជា សេវា​សម្ភព និង​សេវា​សង្គ្រោះបន្ទាន់​៕