កែបៈ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​ ២០២៣-២០៣៥ ត្រូវបាន​ប្រ​កាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​៧ ខែសីហា ឆ្នាំ​ ២០២៣ ក្រោម​វត្តមាន​លោក ​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​កែប​។​

​តាមរយៈ​ផែនការ​នេះ ក្រសួងទេសចរណ៍​ជឿថា នឹង​ក្លាយជា​ចក្ខុវិស័យ​ដ៏​សំខាន់​សម្រាប់​ប្រែ​ក្លាយ​ខេត្ដ​កែប​ជា​គោលដៅ​ទេសចរណ៍ សម្រាក​កម្សាន្ដ​ប្រណីត​កម្រិត​ខ្ពស់​។​

​នាឱកាស​នោះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ការដាក់ឱ្យ​អនុវត្ត​ផ្លូវការ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ​គឺ​ដើម្បី​ប្រែក្លាយ​ខេត្ដ​កែប​ជា​គោល​ដៅ​ទេសចរណ៍​សម្រាក​កម្សាន្ដ​ប្រណីត​កម្រិត​ខ្ពស់ ភាព​ទាក់​ទាញ ធានាបាន​ឧត្តមភាព​ប្រកួត​ប្រជែង​នៅក្នុង​តំបន់ និង​ពិភព​លោក​នាពេលខាងមុខ​។​

​លោក​បាន​ថ្លែងថា​៖ «​ការរៀប​ចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​គឺ​បានកំណត់​ចក្ខុវិស័យ​ប្រែក្លាយ​ខេត្ត​កែប​ជា​គោលដៅ​ទេសចរណ៍ ធម្មជាតិ​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់ ដោយ​ប្រកាន់យក​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សុវត្ថិភាព គុណភាព ភាព​ប្រកួតប្រជែង និង​ទេសចរណ៍​បែប​ឆ្លាត​វៃ ហើយ​ត្រូវ​បានទទួល​ការអនុម័ត​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ខែកក្កដា កន្លងមក​»​។​

​បន្ថែម​ពីនេះ លោក ថោង ​ខុន ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ពិសេស​រដ្ឋបាលខេត្ត​កែប ខិតខំ​អនុវត្ត​ផែនការ​មេនេះ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ពិសេស​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​ផែនការ​នេះ​ឱ្យបាន​ទូលាយ​។​

​នៅក្នុង​ឱកាស​នោះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ក៏បាន​លើកឡើង​ដែរ​ថា ក្រៅពី​វិស័យ​កសិកម្ម នេសាទ​សមុទ្រ ឧស្សាហកម្ម និង​អាជីវកម្ម​កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត បច្ចុប្បន្ន​វិស័យ​ទេសចរណ៍ សេវាកម្ម ក៏​កំពុង​ជួយ​ដល់​ពល​​រដ្ឋ និង​ទាក់ទាញ​កំណើន​ទេស​ចរ​មកកាន់​ខេត្ត​កែប​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ថ្វីដ្បិតតែ​ខេត្ត​កែប​ជា​ខេត្ត​មួយ​តូច និង​មាន​ប្រជាជន​តែ​ជាង ​៤ ​ម៉ឺន​នាក់ តែ​ខេត្ត​នេះ​សម្បូរ​ភោគ​ផល​ធម្មជាតិ កន្លែង​ទេសចរណ៍ធម្មជាតិ​ជាច្រើន​ដែល​អាច​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ​មក​ទស្សនា ជាក់ស្តែង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លងមកនេះ ខេត្ត​កែប​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​សរុប​ជាង ​៦ ​លាន​នាក់​»​។​

​លោក​បានឱ្យដឹង​ដែរ​ថា គិត​មកទល់ពេលនេះ នៅ​ទូទាំង​ខេត្ត​កែប មាន​សណ្ឋាគារ​ចំនួន ​១៦ ផ្ទះសំណាក់​ចំនួន​ ៦១ បាង​ហ្គា​ឡូរី​សត​ចំនួន ​២៥ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​ចំនួន​ ៤១ ស្ប៉ា​សូ​ណា និង​ម៉ាស្សា​ចំនួន​៣ ខារ៉ាអូខេ​ចំនួន​ ៩ ក្លិប​កម្សាន្ត​ចំនួន ​១ មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ចំនួន ​៣ និង​ទូក​ដឹក​ភ្ញៀវទេសចរ​ចំនួន​ ១៦​។​

​លោក​សោម ពិសិដ្ឋ បាន​បន្តថា ជាមួយគ្នានេះ ខេត្ត​ក៏មាន​គោលដៅ​រមណីយដ្ឋាន​ទាក់​ទាញ​ទេសចរ​កើនឡើង​ដល់​ ៤២ ​កន្លែង រួមមាន រមណីយដ្ឋាន​​វប្បធម៌​ ៧ ​កន្លែង រមណីយដ្ឋាន​ធម្មជាតិ​ ២៤​ក ន្លែង រមណីយ​​ដ្ឋា​ន​កែច្នៃ​ ១១ ​កន្លែង និង​រមណីយដ្ឋាន​ឯកជន ​៨ កន្លែង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​​រយៈ​ផែនការមេ​ដែល​បាន​ដាក់ឱ្យអនុវត្ត​ចាប់ពីពេលនេះ​តទៅ នឹង​ជួយ​ប្រែក្លាយ​កន្លែង​ទេស​ចរណ៍​ធម្មជាតិ​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ទៅជា​គោល​ដៅ​ទេសចរណ៍​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់ ហើយ​រដ្ឋបាលខេត្ត​កែប​ក៏​ប្តេជ្ញា​ខិតខំ​ដាក់ចេញ​យុទ្ធសាស្ត្រ​កែលម្អ​នានា​ដើម្បី​ឈានទៅ​សម្រេច​ជោគជ័យ​ផែនការ​នេះដែរ​»​។

​បើតាម​ក្រសួងទេសចរណ៍​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ​មានការ​រៀបចំ​ដោយ​លម្អិត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​រដ្ឋ​បាល​ខេត្ត​កែប​ផ្ទាល់ និង​អន្តរ​ក្រសួង​នានា​។ តាមរយៈ​ការ​អនុវត្ត​ផែន​មេនេះ ក្រសួង​ទេស​ចរណ៍ បាន​អះអាង​ដែរ​ថា នឹង​បង្កើន​ភាព​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ជាតិ អន្តរ​​ជាតិ និង​អង្គការ​សមាគម​ដៃគូ​រាជរដ្ឋាភិបាល​នានា​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រ​​កប​ដោយ​ភាព​ច្នៃប្រឌិត ឆ្លាត​វៃ និង​ទាក់ទាញ​នៅក្នុង​ខេត្ត​កែប​នេះ​ផងដែរ​៕