​ភ្នំពេញៈ អង្គការ​អុក​ស្វា​ម និង​អង្គការ​ដៃគូ បាន​សហការគ្នា​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ «​គណនេយ្យភាព​សង្គម​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​» ដល់​មន្ត្រី​រដ្ឋាភិបាល​តំណាង​កម្មករនិយោជិត និង​សហគមន៍ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហ​ការ​គ្នា ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន​។

​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​លោក ឈួ​រ សុ​បញ្ញា រដ្ឋលេខាធិការ និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច​, ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​, បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​, មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​តំណាង​អង្គការ​សង្គម​ស៊ីវិល សហជីព ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​កម្មករនិយោជិត​មូលដ្ឋាន សរុប​ចំនួន ​១៣៤ ​នាក់​។

​យោងតាម​អង្គការ​អុក​ស្វា​ម បានឱ្យដឹងថា សិក្ខាសាលា​នេះ បានរៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពង្រីក​វិសាលភាព និង​ចំណេះដឹង​របស់​តំណាង​កម្មករនិយោជិត និង​សហ​គម​ន៍​ស្តីពី​យន្តការ​គណនេយ្យ​ភាព​សង្គម និង​សារៈសំខាន់​ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​កម្ពុជា​។

​ប្រភព​ដដែល​បន្តថា មួយទៀត​គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការយល់ឃើញ និង​ការអនុវត្ត​ប្រចាំថ្ងៃ​របស់​តំណាង​កម្មករនិយោជិត និង​សហ​គម​ន៍ ស្តីពី​យន្តការ​គណនេយ្យ​ភាព​សង្គម ហើយ​និង​ដើម្បី​ពង្រឹង​កិច្ចសហការ​គ្នា​រវាង​ស្ថាប័នរដ្ឋ អង្គការ​អុក​ស្វា​ម អង្គការ​ដៃគូ និង​តំណាង​កម្មករនិយោជិត និង​សហគមន៍ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុក​ស្វា​ម បាន​ថ្លែង​ក្នុង​អង្គសិក្ខាសាលា​ថា ក្នុងស្ថានភាព​ដូច​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​បរិបទ​វីរុស​កូ​វីដ ​១៩ គោលនយោបាយ​គាំពារ​សង្គម​នឹង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​កម្លាំងចលករ​ចូលរួម​ចំ​​ណែ​ក​ជំរុញ​ការរីកចម្រើន និង​លូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា​ស្របទៅតាម​យុទ្ធសាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោកស្រី​បាន​ថ្លែង​ទៀតថា​៖ «​សារៈសំខាន់​ចម្បងៗ​មួយចំនួន​នៃ​យន្តការ​គណនេយ្យ​​ភាព​សង្គម ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម ចំពោះ​ការអភិវឌ្ឍ និង​ទំនុកចិត្ត​សាធារណៈ​គឺ​បង្កើន​ប្រសិទ្ធភាព ចីរភាព និង​ភាព​ជោគជ័យ​នៃ​ការអនុវត្តន៍​គោល​នយោបាយ​គាំពារ​សង្គម ដ្បិត​មានការ​ពង្រឹង​ឱ្យ​ប្រសើរឡើង​នូវ​តម្លាភាព ប្រព័ន្ធ​អភិបាល​​កិច្ច និង​អធិការកិច្ច​»​។

​លោកស្រី ភាណ សោភ័ណ បាន​បន្តថា ពង្រឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​មកលើ​ស្ថាប័ន​សាធារណៈ ដោយមាន​យន្តការ​តាមដាន ត្រួតពិនិត្យ និង​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព និង​ទូលំទូលាយ ហើយ​និង​ពង្រឹង​ភាព​ធន់ និង​ការឆ្លើយតប​ទៅនឹង​គ្រោះ​អា​​សន្ន​នានា ឬ​វិបត្តិ​សេដ្ឋកិច្ច ដ្បិត​កម្ពុជា​បាន​ធានា​ពី​ចីរភាព និង​លទ្ធភាព​ឆ្ពោះទៅរក​ការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​ជាស​កល​។​

​លោកស្រី ភាណ សោភ័ណ បានឱ្យដឹងថា​៖ «​យន្តការ​គណ​​នេ​យ្យ​ភាព​សង្គម ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម មាន​ភាពចាំបាច់​ណាស់​ស​ម្រា​ប់​ការអភិវឌ្ឍ និង​ទំនុកចិត្ត​សាធារណៈ​។ យន្ត​​ការ​នេះ​ជួយ​បង្កើន​ប្រសិទ្ធភាព ចីរភាព និង​ភាពជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដ្បិត​មានការ​ពង្រឹង​ឱ្យ​ប្រសើរឡើង​នូវ​តម្លា​ភាព ប្រព័ន្ធ​អភិបាលកិច្ច និង​អធិការកិច្ច​»​។

​លោក ឈួ​រ សុ​បញ្ញា ក៏បាន​លើកឡើង​ផងដែរ​ថា វេទិកា​នេះ​បានបញ្ជាក់​ពី​ស្មារតី និង​កិច្ចសហការ​រវាង​ស្ថាប័ន​ពាក់​ព័ន្ធ និង​តំណាង​សង្គម​ស៊ីវិល​សហជីព ដែល​បង្ហាញឱ្យឃើញ​ពី​កិច្ចប្រឹងប្រែង​របស់​អ្នក​ទាំងអស់គ្នា​ដើម្បី​ពង្រឹង​យន្តការ​គណនេយ្យភាព​ស​ង្គ​ម ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​។​

​លោករដ្ឋលេខាធិការ ឈួ​រ សុ​បញ្ញា បាន​បញ្ជាក់ថា​៖ «​ច្បាស់​ណាស់​ប្រតិបត្តិ​ករ និង​និយតករ គឺជា​តួអង្គ​សំខាន់​នៃ​ភាពជោគជ័យ​នៃ​គោ​លន​យោ​បាយ​គាំពារ​សង្គម​នៅ​កម្ពុជា ប៉ុន្តែ​ការចូលរួម​យ៉ាងសកម្ម​របស់​សង្គម​ស៊ីវិល សហជីព និង​ភាគី​ពាក់ព័ន្ធ គឺ​បន្ត​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​ពី​ប្រសិទ្ធភាព និង​គណនេយ្យ​ភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​របស់​កម្ពុ​ជា​យើង​»៕