សៀមរាបៈ​ទឹក​ជំនន់​ទឹក​ភ្លៀង​ បានធ្វើ​ឱ្យ​ប៉ះ​ពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​សរុប​ ១៩០ ​ខ្នង នៅ​តំបន់​អភិវ​ឌ្ឍន៍​រុន​តា​ឯក ក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយ​ស្រី ខេ​ត្ត​សៀមរាប​។ លោក​ស្រី ​ឈួន អ៊ឹម មេឃុំ​រុន​តា ​ឯក​ប្រាប់​ថា ​ដើម្បី​ដោះ​ស្រាយ​ការ​ជន់​លិច​នេះ​ អាជ្ញាធរ​ឃុំ​ និង​ស្រុក​បន្ទាយ​ស្រី​បាន​សហ​ការ​ជា​មួយ​កង​វិស្វកម្ម​ដោះស្រា​យ​បញ្ហា​ភ្លាមៗ​ ដោយ​មិន​ទុក​ឱ្យ​លិច​ទឹក​ស្ទះ​យូរ​ទេ​។

​លោក​ស្រី ​ឈួន អ៊ឹម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៨ ​ខែសី​ហា​ថា ​ក្នុង​អំឡុង​ពេល​ភ្លៀង​ខ្លាំង​ បណ្តាល​ឱ្យមា​ន​ទឹក​ជំនន់​ទឹកភ្លៀង ​១​ រយៈ​មុន​បាន​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​អភិ​វឌ្ឍន៍​រុន​តា​ឯក ​សរុប​ចំនួន ១​៩០​​ខ្នង​ ប៉ុន្តែ​ការ​ជន​លិច​នេះ​មិន​បណ្តាល​ឱ្យ​មាន​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ដល់​អាយុ​ជីវិត​នោះ​ទេ​។

លោក​ស្រី​បន្ត​ថា នៅ​​ចំពោះ​មុខ​បញ្ហា​នេះ​អា​ជ្ញាធរ​មូលដ្ឋា​ន​ឃុំ​រុន​តា​ឯក និង​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​ បាន​សហ​ការ​ជា​មួយ​កងវិ​ស្វកម្ម ធ្វើកា​រ​ដោះ​ស្រាយ​ភ្លាម​ដោយ​បាន​កាយ​សម្អាត​លូ ធ្វើ​ប្រឡាយ​រំដោះ​ទឹក​ឱ្យបាន​ទាន់​ពេល​វេលា​ ដោយ​មិន​ទុកឱ្យ​ទឹក​នៅ​ស្ទះ​យូរ​នាំ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ឡើយ​។

​លោក​ស្រី​ថ្លែងថា​​៖«​តាំង​ពី​មាន​ជំនន់​ទឹកភ្លៀង​រហូត​មក​ដល់​ពេល​នេះ ​មាន​ឡូ​ត៍​ផ្ទះ​ខ្លះ​ក៏​លិច​ ខ្លះ​ទៀត​ក៏​អត់​មាន​លិច​ទេ សរុប​ទិន្ន​ន័យ​ ដែល​ខ្ញុំ​ទទួល​បាន​មាន​ចំនួន​ ១៩០​ ឡូ​ត៍ (​ស្មើនឹង​ ១៩០ ​ខ្នង​ផ្ទះ​) ប៉ុន្តែ​តាម​តំបន់​ផ្សេងៗ​គ្នា​ ប្លុក​ខ្លះ​ ១០ ខ្លះ​ ២០ ​ឥឡូវនេះ​យើង​បាន​ដោះ​ស្រាយ​រួច​រាល់​អស់​ហើយ​ ទឹក​លិច​យ៉ាង​យូរ ​២ ​ថ្ងៃ​ឬ​៣​ថ្ងៃ​ទឹក​ហូរ​ចេញ​អស់​ហើយ​»​។

​បើតា​ម​លោក​ស្រី ឈួន អ៊ឹម ​បច្ចុប្បន្ន​តំបន់​រុន​តា​ឯក​មាន​ប្រជា​ពល​រដ្ឋ​រស់នៅ​ច្រើ​នជាង​មុន ចំ​ណែក​ការអ​ភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កំពុង​ប្រព្រឹត្ត​ទៅជា​បន្ត​បន្ទាប់​ ក្នុ​ងនោះ​មានកា​រ​កសាង​ផ្លូវ​ចាក់​បេ​តុង​បាន ​៦០​ ភាគ​រយ​ មណ្ឌល​សុខ​ភាព​បាន​សង់​រួច​រាល់ ​មាន​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល ​សាលា​រៀន ​មាន​សិស្ស​ចូល​រៀន​ច្រើន រីឯ​វត្ត​អារាម​សាង​សង់​បាន ​៥០​ ភាគ​រយ ​ប៉ុន្តែ​មិន​ទាន់​និមន្ត​ព្រះ​សង្ឃ​ចូល​គង់​នៅ​ទេ ដោយ​ឡែក​សា​​លាស្រុក​សាង​សង់​បាន​៤០ ​ភាគ​រយ​ហើយ​។​

​អ្នកស្រី​ យ៉ាន់ ​សុភាព ​អាយុ​​ ៣០ ​ឆ្នាំ ប្រជា​ពលរដ្ឋ​នៅ​តំបន់​អភិ​វឌ្ឍន៍​រុន​តា​ឯក ​បាន​ឱ្យដឹង​ថា កា​រអភិវឌ្ឍ​នៅ​តំបន់​រុន​តា​ឯក​កំពុង​ប្រព្រឹត្ត​ទៅដោ​យ​រលូន​ល្អ មាន​ការ​ធ្វើ​ផ្លូវ​ល្អ​ស្អាត ​សាលា​រៀន ​មន្ទីរ​ពេទ្យ មាន​ទឹក ​មាន​ភ្លើង​ប្រើប្រា​ស់​គ្រប់​គ្រាន់ ​រីឯវត្ត​អារាម ​និង​ផ្សារ​កំពុង​បន្ត​ធ្វើ​ជិត​រួចរា​ល់​ហើយ​។ អ្នក​ស្រី​បាន​ឱ្យដឹ​ង​ដែរថា​ ចំពោះ​ជំនន់​ទឹកភ្លៀង​មានកា​រ​ប៉ះ​ពាល់​មួយ​ចំនួន​ដល់​ការ​រ​ស់នៅ​របស់​ប្រជា​ពល​រដ្ឋ ដែ​ល​ទី​តាំង​ទាំង​នោះ​ភាគ​ច្រើន​នៅ​កន្លែង​ទាប និង​ក្បែរ​ជើង​ភ្នំ​។

​អ្នកស្រី​ថ្លែង​ថា​៖«​ការ​លិច​ទឹក​នេះ​ដោយ​សារតែ​ដី​មាន​លក្ខណៈ​ដូចជា​ភ្នំ ពេល​ខ្លះ​ចាប់ឆ្នោត​បាន​នៅ​ទី​ខ្ពស់ ​បន្ទាប់ម​ក​នៅតាម​ទី​ទាប​បន្ត​បន្ទាប់​ស្រាក់​គ្នា​រហូត​ដល់​ក្រោម​បែប​នោះឯ​ង​។​ការ​លិច​ទឹក​នេះ​អត់​យូរ​ទេអាច​ត្រឹមតែ​២-៣ថ្ងៃ​អីស្រក​ទៅវិញ​ហើយ ដោយ​សារ​តែ​យើង​មាន​ប្រព័ន្ធ​លូ​»​។

​អ្នក​ស្រី​បន្ត​ថា ​បច្ចុប្បន្ន​មិនទា​ន់មា​ន​កន្លែង​ការងារ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាព​លរដ្ឋ​នៅឡើ​យ​ទេ ហេ​តុនេះ​អ្នករ​ស់នៅ​​តំបន់​អភិវ​ឌ្ឍន៍​រុន​តា​ឯក​ត្រូវ​ធ្វើដំ​ណើរ​ចូលទៅក្នុ​ង​​ក្រុង​ដើម្បី​ប្រកប​របរការ​ងារ​ផ្សេងៗរក​ចំណូល​ចិញ្ចឹម​ជីវិត​។អ្នក​ស្រី​ថ្លែងថា​​៖«​ឥ​ឡូវ មិនទា​ន់​ឮថា​ មាន​គម្រោង​បង្កើត​កន្លែង​ការងារ​នៅ​តំបន់​ហ្នឹង​ទេ អត់​ទាន់​មាន​ឮថា​បង្កើត​ជា​រោង​ចក្រ ឬ​មាន​កន្លែង​ដែល​អាច​ឱ្យ​យើង​ប្តូរ​ការងា​រ​ពី​ក្នុង​ក្រុង​អង្គរ​មក​ធ្វើ​តំបន់​នេះ​វិញគឺ​នៅឡើ​យទេ​​»​។

​លោក​ វិ​ន រេ​ន ជំទប់​ទី​១ ឃុំ​ពាក់​ស្នែងបា​នឱ្យដឹង​ដែ​រថា​ ពាក់​ព័ន្ធ​នឹង​តំបន់​អភិវ​ឌ្ឍន៍​ពាក់​ស្នែង​បច្ចុប្បន្ន​ផ្លូវ​បេតុង​ត​ភ្ជាប់​ម​កពី​ក្រុង​សៀមរា​បប្រ​វែង​ជាង​ ១៨ ​គីឡូម៉ែ​ត្ រ​បាន​ធ្វើ​រួច​រាល់​ហើយ ​រីឯ​ផ្លូវធំ​ចូល​ទៅ​តំបន់​អភិវ​ឌ្ឍន៍​នេះ​ចំនួន​ ២ ​ខ្សែក៏បា​ន​ធ្វើ​រួ​ចរាល់​ផង​ដែរ ខណៈ​ផ្លូវ​នៅ​ផ្នែក​ខាង​ក្នុង​តំបន់​អភិ​វឌ្ឍន៍​នេះ​ កំពុង​ចាក់​ដី។លោក​បន្ត​ថា ក្រៅ​ពីនេះ​បង្គោល​ភ្លើង​បាន​ដំឡើង​រួចរា​ល់និង​​កំពុង​ដំណើរ​ការ​ដាក់​ខ្សែភ្លើ​ង ចំ​ណែក​ទីតាំង​ដី​ឡូ​ត៍​ដែល​មាន​ជង្ហុកឬ​​ទាប​ក៏​ក្រុម​ការងារ​កំពុង​ចាក់ដី​បំពេញ​ឱ្យបា​ន​ស្មើ​។

​លោក​បញ្ជាក់​ថា​៖«​ចំពោះ​ហេ​ដ្ឋា​រចនា​ម្ព័​ន្ធ​ដូចជា​សា​លារៀ​ន មន្ទីរ​ពេទ្យ ​សាលាស្រុ​ក ផ្សារ វត្ត​អារា​ម កំពុង​តែ​ដំណើរ​ការ​សាង​សង់​បាន​ខ្លះ​ហើយ​។​ចំពោះ​ប្រជា​ពលរដ្ឋ​គឺ​អត់​ទាន់​បាន​មក​នៅទេ​ ដោយ​សារ​ដី​ឡូត៍​ហ្នឹង​រៀប​អត់​ទាន់​ចប់​សព្វ​គ្រប់​»៕