បាត់ដំបងៈ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​សាខា​ខេត្តបាត់ដំបង​បាន​នាំយក​កូនឈើ​ប្រណីត និង​ឈើ​លម្អ​ជាង ​២០០ ​ដើម ដាក់​ដាំ​នៅ​តំបន់​អាង​តា​គម​ដើម្បី​លើកកម្ពស់​វិស័យ​បរិស្ថាន និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទឯកភ្នំ​។​

​យោងតាម​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែសីហា​ថា សមា​គម​កាយឫទ្ធិ​នារី​កម្ពុជា សាខា​ខេត្ត​បាត់​​ដំបង សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​រដ្ឋបាល​ស្រុក​ឯក​ភ្នំ បានរៀបចំ​កម្មវិធី​ដាំ​កូនឈើ​ចំនួន​ ២៥០ ​ដើម រួមមាន​ប្រភេទ​ឈើ​ធ្នង់ ឈើទាល និង​ដើម​ក្ងោក នៅ​តំបន់​អាង​តា​គម ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដើម្បី​ចូលរួម​អបអរសាទរ​ពិធី ​«​រុក្ខទិវា ៩ ​កក្កដា​»​។​

​សមាគម​កាយឫទ្ធិ​នារី​កម្ពុជាបាន​បន្តថា ពិធី​ដាំ​កូនឈើ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​សមាជិកសមាគម​កាយ​​ឫទ្ធិ​នារី​កម្ពុជា​សាខា​ខេត្តបាត់ដំបង​ម្នាក់ ដាំ​ដើមឈើ​ ១ ​ដើម​»​ ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​បរិស្ថាន និង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​។​

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត​បាត់ដំបងបានឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ខែសីហា​ថា ការដាំ​ដើមឈើ​នេះ គឺ​អាជ្ញាធរ​មិនមែន​ត្រឹមតែ​ដាំ​នៅ​តំបន់​ទេសចរណ៍​ប៉ុណ្ណោះ​ទេ សូម្បីតែ​នៅតាម​ដងផ្លូវ​សាធារណៈ​នានា​នៅ​ទូទាំង​ខេត្តបាត់ដំបង ក៏មាន​ការជំរុញ ឱ្យមាន​ការដាំ​ដើមឈើ​ដែលជា​ជម្រក​បៃ​តង​ផងដែរ ដើម្បីឱ្យ​មើលទៅ​ឃើញថា ប្រទេស​កម្ពុ​ជាមាន​ភាព​ស្រស់បំព្រង​មាន​ខ្យល់​បរិសុទ្ធ និង​ផ្ដល់​បរិស្ថាន​ស្អាត​ល្អ​។​

​លោក​បាន​បន្តទៀតថា មូលហេតុ​ដែលមាន​ការ​ដាំ​ដើមឈើ​នៅ​តំបន់​អាង​តា​គម​នេះ ពីព្រោះ​តំបន់​នេះ​បាន​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​នៃ​រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍​មួយ​ដ៏​ធំ​ដែលមាន​ប្រាង្គ​ប្រាសាទឯកភ្នំ​។ ហេតុនេះ​ប្រសិនបើ​បាន​ដាំ​ដើមឈើ​ទាំងនេះ​នៅ​តំបន់​អាង​តា​គម​កាន់តែច្រើន ធ្វើឱ្យមាន​ម្លប់​ធ្វើឱ្យ​ត្រជាក់​ប្រៀបបាន​ទៅនឹង​តំបន់​អង្គរវត្ត​ផងដែរ​។​

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ បាន​បញ្ជាក់ថា​៖ «​យើង​ដាំ​ដើមឈើ​ច្រើន​នៅ​តំបន់​នោះ នៅពេល​យើង​ចូលទៅ វា​ធ្វើឱ្យ​យើង​ត្រជាក់ចិត្ត ធ្វើឱ្យ​យើង​មាន​ម្លប់​ជ្រក​ហើយ​វា​ក៏​រួមចំណែក​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ​ចូលមក​លេង​កាន់តែច្រើន​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទឯកភ្នំ​នេះ​»​។​

​លោក​បាន​បញ្ជាក់ទៀតថា កន្លងមក​តំបន់​អាង​តា​គម​នេះ ជា​កន្លែង​អាង​ស្តុក​ទឹក​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ស្រោច​​ស្រព​ដំណាំ​បន្លែ​ចម្រុះ​គ្រប់​ប្រភេទ ជា​​ពិសេស​គឺ​ដំណាំ​ស្រូវ​។ តំបន់​នេះ វា​ក៏​ជាទី​​កន្លែង​ដែល​ស្រឡះ និង​មិនសូវមាន​ដើម​ឈើ​ទេ​កាលពីមុន ដោយសារ​អាជ្ញាធរ​បាន​រៀបចំ​ស្ដារ​អាង​ស្តុក​ទឹក ដូច្នេះហើយ​បានជា​អាជ្ញាធរ​ត្រូវ​ការដាំ​ដើមឈើ​នៅ​តំបន់​នោះ​ឱ្យបាន​ច្រើន​ដើម្បី​ជា​ម្លប់​បៃតង​ផង និង​ដើម្បី​វិស័យ​ទេសចរណ៍​ផង​៕