ភ្នំពេញៈ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្ដីពី​ការកែប្រែ​ដោយបាន​បង្កើន​ទំហំ​ផ្ទៃដី​នៅក្នុង​ឧទ្យាន​ជាតិ​ធំៗ​ចំនួន​ ៣ រួម​មាន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម និង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូក​​គោ​» ​ក្នុង​គោលបំណង​ធានា​ការថែរក្សា ការពារ​សោ​ភណ​​ភាព​ធម្មជាតិ ទេសភាព ប្រព័ន្ធ​​អេកូឡូស៊ី និង​ជីវៈ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។​

​យោងតាម​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​នៅ​ថ្ងៃទី​ ៨ ខែសីហា ឆ្នាំ​ ២០២៣ បានសម្រេច​ឱ្យ​កែប្រែ​ឧទ្យាន​ជាតិ​ទាំង ​៣ នេះ ដោយ​ទី​ ១​ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ត្រូវបាន​រាជរដ្ឋាភិបាល​កែប្រែ​ឧទ្យាន​ជាតិ​នេះ ពី​ផ្ទៃដី​ទំហំ ​៣៣២ ៥០០ ​ហិកតា មក​ផ្ទៃដី​ទំហំ​ ៤០៥ ៧៦៦ ​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង​។

​ផ្ទៃដី​ឧទ្យាន​​ជាតិ​វីរៈ​ជ័យ​នេះ បានមកពី​ការ​បូក​បញ្ចូល​ផ្ទៃដី​ទំហំ ៣៣២ ៥០០ ហិកតា ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ ​១៩៩៣ ស្តីពី​ការ​បង្កើត​តំបន់ការពារធម្មជាតិ និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិរក្ស​ជីវ​​ចម្រុះ​ឦសាន ដែលមាន​ផ្ទៃដី​ទំហំ​ ៧៣ ២៦៦​ ហិកតា ដូច​មានចែង​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ ​២០១៧ ស្តីពី​ការបង្កើត​របៀង​អភិរក្ស​ជីវ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្ម​ជាតិ​។ បាន​កែប្រែ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​​នរោត្តម ទៅជា​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ «​ភ្នំ​គូលែន​» និង​កែប្រែ​ពី​ផ្ទៃដី​ទំហំ​ ៣៧ ៥០០​ ហិកតា មក​ផ្ទៃដី​ទំហំ​ ៦២ ៨៨៣​ ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប​។​

​ផ្ទៃដី​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​​វរ្ម័ន​នរោត្តម ​«​ភ្នំ​គូលែន​» ​នេះ បានមកពី​ការបូកបញ្ចូល​ផ្ទៃដី​ទំហំ ៣៧ ៥០០​ ហិកតា ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ១៩៩៣ ស្តីពី​ការបង្កើត​តំបន់​ការពារ​ធម្ម​ជាតិ និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិ​​រក្ស​ជីវចម្រុះ​ឧ​ត្ត​រ ដែលមាន​ផ្ទៃដី​ទំហំ​ ២៥ ៣៨៣ ​ហិកតា ដូច​ចែង​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០១៧ ស្តីពី​ការបង្កើត​របៀង​អភិរក្ស​ជីវ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្ម​ជាតិ​។ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ក៏ត្រូវ​បាន​កែប្រែ​ពី​ផ្ទៃដី​ទំហំ​ ១៥៤ ៤៥៨ ហិកតា មក​ផ្ទៃដី​ទំហំ​ ១៥៦ ១១៦ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។​

​ផ្ទៃដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ​«​បូកគោ​» បានមកពី​ការ​បូក​​បញ្ចូល​ផ្ទៃដី​ទំហំ​ ១៥៤ ៤៥៨ ​ហិកតា ដែល​មានចែង​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ ២០១០ ស្តីពី​ការកំណត់​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូក​គោ​» និង​ឧទ្យាន​ជាតិ​ព្រះ​​សុរាម្រិត​កុស​មៈ​«​គិរី​រម្យ​»​។ និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិរក្ស​ជីវចម្រុះ​ជួរ​ភ្នំក្រវាញ ដែលមាន​ផ្ទៃដី​ទំហំ​ ១ ៦៥៨​ ហិកតា ដូច​មានចែង​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០១៧ ពី​ការបង្កើត​របៀង​អភិរក្ស​ជីវ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្ម​ជាតិ​។​

​រាជរដ្ឋាភិបាល​បាន​អះអាងថា​៖ «​ការចេញ​អនុក្រឹត្យ​នេះ​ដើម្បី​ធានា​ការថែរក្សា ការពារ​សោភណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ ការ​អប់រំ ការសិក្សា​ស្រាវជ្រាវ និង​ការកម្សាន្ត​,​លើកកម្ពស់​តួនាទី​សក្តានុពល ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​, រក្សា​លំនឹង​បរិស្ថាន និង​រួមចំណែក​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ និង​ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​»​។​

​អនុក្រឹត្យ​នេះ​ក៏​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម និង​សហគមន៍​មូលដ្ឋាន ដើម្បី​រួមចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការការពារ​ធនធាន​ធម្មជាតិ និង​ការរស់នៅ​ដោយ​ចីរភាព​, និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​ចូលរួមចំណែក​ដល់​ការ​គ្រប់​គ្រង ការការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ជាដើម​។

លោក ស៊ុន​​គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប នៅ​ថ្ងៃទី ​៨ ខែសីហា បាន​ប្រាប់ថា ការសម្រេច​កែប្រែ​ឧទ្យាន​ជាតិ​នៅ​ទូទាំងប្រទេស ពិសេស​ការសម្រេច​បង្កើន​ទំហំ​ផ្ទៃដី​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម ​«​ភ្នំ​គូ​លែ​ន​» គឺ​ដោយសារតែ​រាជ​​រដ្ឋាភិបាល ពិសេស​ក្រសួង​បរិស្ថាន​ចង់​ធានាបាន​នូវ​ការ​ថែរក្សា ការពារ ប្រព័ន្ធ​ជីវចម្រុះ ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​អភិរក្ស​សម្បត្តិ​ធម្មជាតិ​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​។​

​លោក​បន្ថែមថា​៖ «​តាមរយៈ​អនុក្រឹត្យ​នេះ គឺ​បានសម្រេច​ដោយ​ផ្អែកទៅលើ​គោលការណ៍​ច្បាប់ ត្រឹមត្រូវ ដោយ​យើង​មិនអាច​និយាយថា​ការកែប្រែ​ទំហំ​ផ្ទៃដី​នេះ ដើម្បី​ទុក​ធ្វើ​ជាការ​​វិនិយោគ ឬ​ជា​កាត់​ដី​ដើម្បី​ធ្វើ​អ្វី​ផ្សេង​នោះទេ តែ​គោលបំណង​សំខាន់ គឺ​បំណង​សំខាន់​រួម​​ចំណែក​អភិរក្ស​ធនធាន​ធម្ម​ជាតិ ពិសេស​ធានា​ដល់​ការ​ប្រើប្រាស់​ដី និង​ងាយស្រួល​គ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​»​។​

​តាមរយៈ​អនុក្រឹត្យ​នេះដែរ រាជ​រដ្ឋាភិបាល​ក៏បាន​សម្រេច​ឱ្យ​ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ កែប្រែ និង​គ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​ទាំង ​៣ ​នេះ​ដោយ​សហការ​ជាមួយ​ខេត្ត​​កំពត កំពង់ស្ពឺ ព្រះសីហនុ​សៀមរាប រតនគិរី និង​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការប្រើប្រាស់​ធន​ធាន​ធម្មជាតិ និង​ការរស់នៅ​ដោយ​ចីរភាព​ផងដែរ​៕