សៀមរាបៈ ការសាងសង់​អគារ​សម្រាប់​ពិនិត្យ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ សម្រាល និង​សង្គ្រោះ​ទារក ក្នុង​បរិវេណ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័នទី ៧ (មន្ទីរពេទ្យ​គន្ធបុប្ផាទី ៣) ក្នុង​ក្រុង​សៀមរាប​ដំណើរការ​បាន​ប្រមាណ ៨០ ភាគរយ​ហើយ គិត​ត្រឹម​ថ្ងៃទី ១០ ខែសីហា​នេះ។ នេះបើ​យោងតាម​ន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប។​

ក្រោយពេល​សាងសង់​រួច អគារ​ដែលមាន​តម្លៃ ៣ ២០០ ០០០ ដុល្លារ​អាមេរិក​នេះ អាចដាក់​គ្រែ​បាន​ចំនួន​សរុប ១២០ គ្រែ។ ក្នុងនោះ ៨០ គ្រែ​សម្រាប់​ស្ត្រី​ជា​ម្ដាយ និង ៤០ គ្រែ​សម្រាប់​ទារក​ទើប​សម្រាល។ អគារ​នេះ​ក៏មាន​បំពាក់​សម្ភារ​សម្រាប់​សង្គ្រោះ​ទារក និង​កន្លែង​ពិនិត្យ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ។

យោងតាម​អគ្គនាយក​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី ៧ លោក​ដេ​នី​ស ឡូ​រ៉ង់ (Denis Laurent) បានឱ្យ​ដឹងថា នាបច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប មាន​អគារ​សរុប ៣៣ អគារ។ ក្នុងនោះ គ្រែ​សម្រាក សម្រាប់​ស្ត្រី​ទើប​សម្រាល មាន​ចំនួន​សរុប ២៥០ គ្រែ។ ចំនួន​នេះ នៅ​ពុំទាន់​គ្រប់គ្រាន់ សម្រាប់​កំណើន​ស្ត្រី​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​មួយ​នេះឡើយ រហូត​ស្ត្រី​មុន​សម្រាល និង​ក្រោយ​សម្រាល​មួយចំនួន ត្រូវ​សម្រាក​នៅលើ​កម្រាល ខណៈ​គ្រែ​សម្រាក​បាន​ប្រើប្រាស់​អស់។ ដោយឡែក សម្រាប់​ទារក​ទើប​សម្រាល តម្រូវឱ្យ​គេង​រហូតដល់​ចំនួន ៣ នាក់ នៅលើ​គ្រែ​តែមួយ ដែល​បញ្ហា​ទាំងនេះ​បង្កឱ្យមាន​ការលំបាក​ទាំងអ្នក​មក​ទទួល​សេវា និង​ក្រុមការងារ​មន្ទីរពេទ្យ។​

មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី ៧ ទទួល​ពិនិត្យ​ជំងឺ​កុមារ​ចំនួន​ចន្លោះ​ពី ១ ០០០ ទៅ ១ ៥០០ នាក់ និង​សម្រាក​ព្យាបាល​ចំនួន​ចន្លោះ​ពី ២៧០ នាក់ ទៅ ៣៥០ នាក់​ក្នុង​មួយថ្ងៃ។ ដោយឡែក ផ្នែក​សម្ភព ពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ចន្លោះ​ពី ៤០០ ទៅ ៥០០ នាក់ និង​សម្រាល​ទារក​ចំនួន​ចន្លោះ​ពី ៦០ ទៅ ៨០ នាក់​ក្នុង​មួយថ្ងៃ។​

លោក​ដេ​នី​ស ឡូ​រ៉ង់​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សប្បុរសជន​នៅ​ប្រទេស​ស្វ៊ីស និង​បណ្ដា​ប្រទេស​នានា ដែល​បាន​បន្ត​ឧបត្ថម្ភ​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុងប្រទេស​កម្ពុជា ទោះបី​លោក​វេជ្ជបណ្ឌិត ប៊ី​អាត រីចន្នើរ (Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​បានទទួល​មរណភាព​អស់​រយៈពេល ៥ ឆ្នាំ​ហើយក្ដី។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ៕