ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ និង​ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ​-​សៀមរាប​, ​សៀមរាប​-​ប៉ោយប៉ែត​ នៅតែ​បន្ត​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ព្រោះ​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​បម្រើឱ្យ​ផលប្រយោជន៍​ជាតិ​ទាំងមូល​មិន​បម្រើឱ្យ​បុគ្គល​នោះទេ​។​

​នេះ​ជាការ​លើកឡើង​ពី​សំណាក់​លោក ​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃទី​ ៨ ខែសីហា ក្នុងពេល​លោក និង​មន្ត្រី​ពាក់​ព័ន្ធ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​វាង​កំណាត់​ផ្លូវជាតិ​លេខ ​៧៦ (​ស្នួល​សែន​មនោ​រម្យ​) ដែល​បាន​បាក់ស្រុត​ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក​បាន​លើកឡើងថា​៖ «​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​,​ សៀមរាប​-​ប៉ោយប៉ែត គឺជា​គម្រោង​របស់​ជាតិ ហើយ​បើ​ខ្ញុំ​មិន​នៅ​ក៏​គម្រោង​ជាតិ​ដ៏​មាន​សារៈសំខាន់​នេះ​នៅតែ​បន្តធ្វើ​ដដែល​»​។​

​លោក​ ស៊ុន ចាន់ថុល បាន​បន្តថា​៖ «​ការងារ​នេះ​មាន​ដំណាក់​កាល​របស់​វា ទី​១ យើង​ត្រូវតែ​ផ្ញើ​សេចក្តីជូនដំណឹង​ទៅ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទ​នេ្ល​មេគង្គ​ហើយ ដើម្បី​គាត់​បញ្ជូន​ឯកសារ​នេះ​បន្តទៅ​គណៈកម្មការ​ទន្លេមេគង្គ​ដើម្បី​ឱ្យគេ​ដឹងថា កម្ពុជា​នឹង​ប្រើ​ដៃទន្លេ​នេះ​ក្នុង​គម្រោង​នេះ​»​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​បានបញ្ជាក់​ដែរ​ថា គម្រោង​ទាំងនេះ​នៅតែ​ដំណើរការ​ទៅមុខ​ដដែល ទោះបីជា​មានការ​ផ្លាស់ប្តូ​រ​រាជ​រដ្ឋាភិបាល​ថ្មី​ក៏ដោយ ហើយ​គម្រោង​នេះ​ក៏បាន​អនុម័ត​រួច​រាល់​ផងដែរ ដោយ​រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​ ៦ កាលពី​ឧសភា ឆ្នាំ​ ២០២៣ ​កន្លងមក​។​

​លោក​ ស៊ុន ចាន់ថុល បាន​ថ្លែងថា​៖ «​គម្រោង​ទាំងនេះ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ មាតុភូមិ​របស់​យើង​។ អ៊ីចឹង​! ខ្ញុំ​ជឿជាក់ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ នឹង​ជំរុញ​ការងារ​នេះ​ឱ្យបាន​ទៅមុខទៀត ហើយ​ខ្ញុំ​ក៏​ជឿជាក់ថា គម្រោង​ធំៗ​ផ្សេងទៀត​នឹង​នៅតែ​ដំណើរការ​ទៅមុខ ដោយ​សារ​វា​មិនមែនជា​គម្រោង​បុគ្គល តែ​ជា​គម្រោង​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​»​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ​ហ៊ុន ​​សែន កាលពី​ថ្ងៃទី​ ៧ ខែមិថុនា ឆ្នាំ​ ២០២៣ ដែលមាន​មន្ត្រី​ពាក់​ព័ន្ធ​សរុប​ចំនួន​ ៣៧ ​រូប ដោយ​ក្នុងនោះ​មាន​ប្រធាន​ ១ ​រូប អនុ​ប្រធាន ​២ ​រូប សមាជិក​អចិ​ន្រៃ្ដ​យ៍​ ១ ​រូប ហើយ​ក្រៅពីនេះ គឺជា​សមាជិក​នៃ​គណៈកម្មការ​។​

​ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​នេះ​ដើម្បី​ដំណើរការ​អនុវត្ត​គម្រោង​ផ្លូវ​នាវាចរណ៍ «​ព្រែកជីក​ហ្វូណន​តេ​ជោ​» ក្នុងការ​ពិនិត្យ​និង​ផ្តល់យោបល់​អំពី​នីតិវិធី​ក្របខ័ណ្ឌ​គតិយុត្ត និង​វាយតម្លៃ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ចំណែក​ទាក់ទង​នឹង​ការកសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​ សៀមរាប​-​ប៉ោយប៉ែត​ ដែលមាន​ប្រវែង ៤០០ ​គីឡូម៉ែត្រ បាន​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​រវាង​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​ជាមួយ​ក្រុមហ៊ុន​សាងសង់​កាលពី​ខែមិថុនា​កន្លងទៅ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ​៤ ​ពាន់​លាន​ដុល្លារ​៕