​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» សាខា​ខេត្តកំពង់ចាម បាន​យក​សំណាក​គំរូ​ដូចជា​ទឹកម្ទេស ទឹកស៊ីអ៊ីវ ទឹកសៀង និង​ទឹក​ស្រូប​បាយ ទៅធ្វើ​ការពិសោធន៍ ក្រោយ​មាន​ពលរដ្ឋ​១០​នាក់ សង្ស័យ​ពុល​ចំណីអាហារ​នៅ​អាហា​រដ្ឋា​ន​មួយកន្លែង​។

​យោងតាម «​ក​.​ប​.​ប​.» បានឱ្យដឹងថា នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៣ ក្រោយ​ទទួលបាន​ដំណឹង​ថា​មាន​ប្រជាពលរដ្ឋ​ពុល​អាហារ​ស្ថិតនៅ​ភូមិ​កំ​ផ្លាក ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម លោក​ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បញ្ជា​ផ្ទាល់​ភ្លាមៗ​ទៅកាន់​មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពង់ចាម ឱ្យ​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ផ្ទាល់​ភ្លាមៗ​តែម្ដង​។

​បន្ទាប់មក​មន្ត្រី​ជំនាញ សាខា​ខេត្តកំពង់ចាម បាន​ចុះទៅ​កន្លែងកើតហេតុ ក៏ដូចជា​មន្ទីរពេទ្យបង្អែក​ស្រុក​ស្រី​សន្ធរ ដើម្បី​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ពុល​អាហារ​នោះ​ផង និង​សាក​សួរនាំ​ព័ត៌មាន​មួយចំនួន​អំពី​ការពុល ដែលមាន​ចំនួន ១០​នាក់​។

​ក​.​ប​.​ប​. បញ្ជាក់ថា តាម​ការសាកសួរ​ពី​ប្រជាពលរដ្ឋ ការពុល​អាហារ​គឺ​បន្ទាប់ពី​បាន​ពិសា​បាយ​ភ្លៅ​មាន់​ដែល​នៅ​ទីតាំង​កន្លែងកើតហេតុ​តែ​ម្ដង​។ ក​.​ប​.​ប​. បន្តថា​៖«​តាម​ការបំភ្លឺ​របស់​ម្ចាស់​ហាង​បាយ​ភ្លៅ​មាន់​គាត់​ទើបតែ​បើក​លក់បាន​១៥​ថ្ងៃ​តែប៉ុណ្ណោះ ដែលមាន​គ្រឿងផ្សំ​មួយចំនួន​ដែលមាន​ការសង្ស័យ ទើប​មន្ត្រី​ជំនាញ​បាន​ស្រង់​យក​សំណាក​គំរូ​ដូចជា​ទឹកម្ទេស ទឹកស៊ីអ៊ីវ ទឹកសៀង និង​ទឹក​ស្រូប​បាយ ដើម្បី​បញ្ជូនមក​អគ្គនាយកដ្ឋាន​ដើម្បី​ធ្វើការ​ពិសោធន៍​រក​លទ្ធ​ផល​ជាក់ស្ដែង​នៃ​ការពុល​»​។​

​កន្លងមក​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ លើ​បញ្ហា សុខភាព ពុល​ចំណីអាហារ និង​ពុល​ស្រា ជាដើម ប៉ុន្តែ​ក្រសួង​បាន​សង្កេតឃើញថា ករណី​ពុល​អាហារ និង​ករណី​ពុល​ស្រា នៅតែ​បន្ត​កើតឡើង​នៅតាម​សហគមន៍​នៃ​បណ្តា​ខេត្ត​មួយចំនួន​៕