​ភ្នំពេញៈ ​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​តំបន់ការពារទេសភាព​ចំនួន ​៤ គឺ​តំបន់ការពារទេសភាព​ប្រាសាទ​បាកាន នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ តំបន់ការពារទេសភាព បឹង​លំ​កុ​ត​នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី តំបន់ការពារទេសភាព រនាមដូនសំ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​តំបន់ការពារទេសភាព សំបូរ​ព្រៃ​គុក នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៣ ខែសីហា​នេះ បានបង្ហាញ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការបង្កើត​តំបន់ការពារទេសភាព​ចំនួន ​៤ រួមមាន តំបន់ការពារទេសភាព ប្រាសាទ​បាកាន មាន​ផ្ទៃដី​សរុប ២ ១២៤ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ តំបន់ការពារទេសភាព​បឹង​លំ​កុ​ដ មាន​ផ្ទៃដី​ជាង ១១០ ហិកតា ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។ រីឯ​តំបន់ការពារទេសភាព​រនាមដូនសំ មាន​ផ្ទៃដី​សរុប ១ ៤២៣ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំណែក តំបន់ការពារទេសភាព សំបូរ​ព្រៃ​គុក មាន​ផ្ទៃដី ៤៣៨ ហិកតា ក្នុងស្រុក​សំបូរ ខេត្តកំពង់ធំ​។

​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​បញ្ជាក់ថា​៖«​ការបង្កើត​តំបន់ការពារទេសភាព​នេះ មានបំណង​ដើម្បី​ធានា​ការថែរក្សា និង​ការពារ​សោ​ភណ​ភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌ ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព​»​។

​ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​ក៏មាន​បំណង ថែរក្សា​ការពារ​លំនឹង​បរិស្ថាន​ធម្មជាតិ​ក្នុង​តំបន់​ប្រាសាទ លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​អភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់ ផងដែរ​។

​ក្រៅពី​ការបង្កើត​តំបន់ការពារទេសភាព​នេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ធ្វើការ​កែប្រែ​តំបន់ការពារទេសភាព​មួយ​ចំនួន​ដូចជា កែប្រែ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ពី​ផ្ទៃដី​ទំហំ ១២ ៦៥០ ហិកតា មក​ផ្ទៃដី ទំហំ​២៤ ២១២ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរ​មានជ័យ ។

​ផ្ទៃដី​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម បានមកពី​ការ​បូ​កប​ញ្ចូល​ផ្ទៃដី​ទំហំ ១២ ៦៥០ ក្នុង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​តំបន់​ការពារ ទេ​សភាព​អាង​ត្រពាំងថ្ម និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិរក្ស​ជីវចម្រុះ​ឧ​ត្ត​រ ដែលមាន​ផ្ទៃដី​ទំហំ​ ១១ ៥៦២ នៃ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​។

​លោក ស៊ុន ពៅ បណ្តាញ​សហគមន៍​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្តព្រះវិហារ បាន​ថ្លែង​នៅ​ថ្ងៃទី​១៣ ខែសីហា​ថា លោក​គាំទ្រ​ចំពោះ​ការបង្កើត​តំបន់ការពារទេសភាព ក៏ដូចជា​ការកែប្រែ​តំបន់ការពារទេសភាព​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា ព្រោះនេះ​ជាការ​ចូលរួម​ថែរក្សា ការពារ​ព្រៃឈើ ជីវចម្រុះ​ក្នុងព្រៃ​ឱ្យនៅ​គង់វង្ស​យូរអង្វែង​។ ប៉ុន្តែ​លោក​ថា ដើម្បី​ការពារ​ថែរក្សា​ធនធានធម្មជាតិ​ឱ្យនៅ​គង់វង្ស ក្រៅពី​កា​រប​ង្កើ​តំបន់​ទេសភាព និង​តំបន់​ការពារ​ផ្សេងៗ ហើយ​គួរតែមាន​ការបើក​សេរីភាព​ទូលំទូលាយ ដល់​សាធារណជន ជាពិសេស​សម្រាប់​អ្នក​ស្រឡាញ់ធនធានធម្មជាតិ បាន​ចូលរួម​គ្រប់​សកម្មភាព​ថែរក្សា​ការពារ​ព្រៃឈើ និង​សត្វព្រៃ ផង​។

​លោក​ថ្លែងថា​៖«​សម្រាប់​ខ្ញុំ​ជា​អ្នក​ស្រឡាញ់ការពារ​ធនធានធម្មជាតិ ខ្ញុំ​ចង់ឱ្យ​មានការ​បើកទូលាយ​ទូទៅ​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ធ្វើយ៉ាងណា​បើកទូលាយ​ដល់​សហគមន៍​មូលដ្ឋាន សាធារណជន​ក្នុង​មូលដ្ឋាន​បាន​ជួយ​ការពារ ធនធានធម្មជាតិ​»​។

​លោក សុង ច័ន្ទ​សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ធ្លាប់បញ្ជាក់ថា មន្ទីរ​បើកទូលាយ​ឱ្យមាន​ការចូលរួមពី​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​នានា ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ពិតប្រាកដ មាន​ប្រសិទ្ធភាព និង​ត្រឹមត្រូវ​ស្រម​តាម​នីតិវិធី​ច្បាប់ ជា​ធរមាន​។ លោក​ក៏បាន ណែនាំ និង​ស្នើសុំ​ឱ្យ បណ្តាញ​សហគមន៍ ដែល​ពុំទាន់​មានការ​ទទួលស្គាល់​ដោយ​ច្បាប់ ត្រូវ​រៀបចំ​បំពេញ​នីតិវិធី បង្កើតជា​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​ឱ្យមានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួងបរិស្ថាន ផងដែរ​៕