​ភ្នំពេញៈ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១៣ សីហា​ថា ប្រភេទ​ត្រី​ស៊ីសាច់​មនុស្ស «​ពីរ៉ាន់ញ៉ា ​(​ត្រី​ចាប​)»​ ជា​ត្រី​ដែល​គ្រោះ​ថ្នាក់​បំផុត​ដែល​ឈ្មួញ​បាន​លួច​នាំចូល​កម្ពុជា​នោះ ត្រូវបាន​ដកហូត​បំផ្លាញចោល​អស់ហើយ​។​

​លោក​ ខូវ គួ​ង អនុប្រធាន​រដ្ឋ​បាល​ជលផល បាន​ប្រាប់​ឱ្យដឹងថា ត្រី​ប្រភេទ​ស៊ីសាច់​នេះ នៅ​កម្ពុជា ហៅថា ត្រី​ចាប ដោយ​ត្រី​ចាប​នេះ មាន​ប្រភេទ​ខ្លះ​កាច​សា​ហាវ និង​ខ្លះ​មិនសូវ​កាច​សាហាវ​ទេ ហើយ​ត្រី​ប្រភេទ​នេះ​តាមច្បាប់​ គឺ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​នាំចូល​ជាដាច់ខាត ប៉ុន្តែ​មាន​ឈ្មួញ​ខ្លះ​លួច​នាំចូល​ដោយ​លួចលាក់​តាម​ប្រភព​ផ្សេងៗ​។

​លោក​បញ្ជាក់ថា​៖ «​ក្រោយពី​បានទទួល​ព័ត៌មាន​តាមរយៈ​ការចែករំលែក​នៅលើ​បណ្តាញ​សង្គម​នានា​រួចមក មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល​បាន​ចុះទៅ​ដល់ទី​តាំង​លក់​ត្រី ដែល​បាន​នាំចូល​ប្រភេទ​ត្រី​ស៊ីសាច់​មនុស្ស «​ពីរ៉ាន់ញ៉ា​»​ ដោយបាន​ធ្វើការ​ណែនាំ​ដកហូត​ត្រី​ទាំង​នោះ​យកទៅ​បំផ្លាញចោល​រួចហើយ និង​បានឱ្យ​អ្នកលក់​នោះ​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការនាំ​ចូល​ប្រភេទ​ត្រី​នេះ និង​ត្រូវ​លុប​វីដេអូ ដែល​បាន​បង្ហោះ​ជា​សាធារណៈ​ផងដែរ​»​។​

​បើតាម លោក ខូវ គួ​ង វីដេអូ ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ថ្មីៗ​នេះ ជា​វីដេអូ​កើតមាន​យូរ​ដែរ​ហើយ​មិនមែន​ថ្មីៗ​នេះ​ទេ ដោយ​ករណីនេះ រដ្ឋបាល​ជលផល​បានធ្វើ​ការងារ​ចប់សព្វគ្រប់​ហើយ តែ​ទើប​មាន​អ្នក​យកទៅ​កាត់ត និង​បង្ហោះ​ឡើងវិញ ដែលនាំឱ្យ​សាធារណជន​មានការ​ភ្ញាក់​ផ្អើល​បែបនេះ ខណៈដែល​ត្រី​ទាំងនោះ​ត្រូវបាន​ជលផល​បំផ្លាញចោល​អស់​យូរ​មកហើយ​។​

​បើតាម​អនុប្រធាន​រដ្ឋបាល​ជលផល​ដដែល​ត្រី​ស៊ីសាច់​មនុស្ស «​ពីរ៉ាន់ញ៉ា» ឬ​កម្ពុជា ហៅថា ប្រភេទ​ត្រី​ចាប​នេះ មិនមាន​វត្ត​មាននៅ​កម្ពុជា​ទេ ហើយ​រដ្ឋបាល​ជលផល ក៏​មិន​អនុញ្ញាតឱ្យ​មានការ​នាំចូល​យកមក​លក់ ឬ​ចិញ្ចឹម​នោះដែរ ហើយ​បើ​អ្នកលក់​នៅតែ​គឃ្លើន​លួច​នាំចូល​នោះ នឹងមាន​ការចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​។​

​សូមជម្រាបថា ត្រី​ពីរ៉ាន់ញ៉ា (Piranha) មានឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា Serrasalmas spp ជា​ត្រី​ទឹកសាប ១ ​ក្រុម ដែល​ត្រូវបាន​ចាត់​ចូលទៅក្នុង​ត្រកូល​ត្រី​ស៊ើ​រ៉ា​សាល់​ម៉ាស់ (Serrasalmas) ដែល​ត្រី​ក្នុង​ក្រុម​នេះ​មាន​ទាំងអស់​ ២៥ ​ប្រភេទ តែមាន​តែ ៤ ​ប្រភេទ​ប៉ុណ្ណោះ ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​ដទៃទៀត​។

​ត្រី​ពីរ៉ាន់ញ៉ា ស៊ីសាច់​ឆៅ​ជា​អា​​ហារ ច្រើនតែ​រស់នៅ​រួមគ្នា​ជា​ហ្វូង​ខ្នាត​ធំ ដែល​គេ​ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​ទន្លេ​អា​ម៉ា​ហ្សូ​ន និង​ទន្លេ​ជាច្រើន​ទៀត​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង​។ ត្រី​ប្រភេទ​នេះ មាន​ធ្មេញ​មុត​ស្រួច​រាង​ត្រីកោណ​ខ្នាត​ធំ​ផ្នែក​ខាង​ក្បាលមាន​ទំហំ​ធំ​មាន​សាច់ដុំ​នៅ​បរិវេណ​ថ្ពាល់​រឹងមាំ សម្រាប់​ប្រើ​ត្របាក់​ខាំ​ស៊ីសាច់​សត្វ​ណា​ដែល​ធ្លាក់ចូល​ទៅជិត​កន្លែងរ​ស់​នៅ​របស់​ពួកវា​ជា​អា​​ហារ​។ ជាពិសេស​សត្វ​ដែល​កំពុង​ភ្ញាក់ផ្អើល ឬ​ស្ថិតក្នុង​សភាវ​ទន់​ខ្សោយ​មាន​របួស​។

​សំឡេង​ប៉ះ​ទង្គិច​នៃ​ទឹក ដែល​ខ្ទាត​ខ្ចាយ នឹង​ទាក់ទាញ​ត្រី​ពីរ៉ាន់ញ៉ា ឱ្យ​ចូលមក​យ៉ាង​ឆាប់រហ័ស ដោយ​ត្រី​ពីរ៉ាន់ញ៉ា នឹង​ប្រើ​ធ្មេញ​ដែល​មុត​ស្រួច​នោះ ខាំ​ស៊ីសាច់​របស់​សត្វ​ធំៗ រហូត​ធ្លុះ​ទៅដល់​ឆ្អឹង​កង​ខ្នង បានត្រឹមតែ​មិន​ប៉ុន្មាន​វិនាទី​ប៉ុ​ណ្ណោះ​។ ភាពកាចសាហាវ​របស់​ត្រី​ពីរ៉ាន់ញ៉ា ខុសប្លែក​ពីគ្នា​ទៅតាម​ប្រភេទ​នីមួយៗ តែ​គេ​ជឿថា ត្រី​ពីរ៉ាន់ញ៉ា គ្រប់​ប្រភេទ​អាច​ហឹ​ត​ចាប់​ក្លិន​ឈាម​នៅក្នុង​ទឹកបាន​ដូច​ត្រី​ឆ្លាម​ដែរ​។​

​ត្រី​ពីរ៉ាន់ញ៉ា​មាន​ដងខ្លួន​សំប៉ែត ពោះ​ទូលាយ ស្រដៀង​ត្រី​កន្ត្រប់​របស់​ខ្មែរ​យើង​ដែរ​។ ត្រី​ពីរ៉ាន់ញ៉ា ប្រភេទ​នីមួយៗ មាន​ពណ៌​អុចៗ​នៅលើ​ដងខ្លួន​ខុសប្លែក​ពីគ្នា ស្រកា​បរិវេណ​ម្ដុំ​ពោះ មាន​រាង​ជា​បន្លាៗ ស្រដៀង​ធ្មេញរណារ​ចំនួន ២៤-៣១ ​គ្រាប់ មាន​អាវុធ​សំខាន់​គឺ “​ធ្មេញ​” ដែល​មានតែ ១ ​ជួរ ជា​រាង​ត្រីកោណ និង​មុត​ខ្លាំងណាស់ អាច​ខាំ​សាច់​ឆៅ​ឱ្យដាច់​យ៉ាង​ងាយស្រួល​៕