ភ្នំពេញៈ សមាគម​សម្ព័ន្ធ​ស​ហគ​មន៍​កសិករ​កម្ពុ​ជា (CCFC) បាននិងកំពុង​ចងក្រង​សៀវភៅ «​មូលដ្ឋានគ្រឹះ​កិច្ច​គាំពារ​សង្គម​ក្នុង​វិស័យ​ក​សិ​-​ស្បៀងអាហារ​» សម្រាប់​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ ដល់​អ្នកធ្វើការងារ​ចងក្រង​សហ​គម​ន៍ ពិសេស​ដល់​កសិក​រដែ​ល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ស្បៀងអាហារ​អាច​ប្រើប្រាស់​សម្រាប់​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​យកចិត្តទុកដាក់ និង​លើកកម្ពស់​វិស័យ​ស្បៀងអាហារ​នៅ​កម្ពុជា​។​

​លោក ថេ​ង សាវឿន ប្រធាន ​CCFC ប្រាប់​នៅ​ថ្ងៃទី ១៣ ​សីហា​ថា សៀវភៅ​នេះ នឹង​រួមចំណែក​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​គិតគូរ និង​យកចិត្តទុកដាក់​បញ្ចូល​កសិករ​ខ្នាតតូច​ក្នុង​វិស័យ​ស្បៀង​​អាហារ ឱ្យទទួល​បាន​នូវ​ប្រព័ន្ធ​ការពារ​សង្គម និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូច​កម្មករ កម្មការិនី​កាត់ដេរ​ផងដែរ​។ លោក​ថា នៅ​កម្ពុជា ភាគច្រើន​នៃ​កសិករ​ជា​អ្នក​ផលិត​ស្បៀង​មិនបាន​យល់ដឹង​ស៊ីជម្រៅ​ពី​វិស័យ​ស្បៀង និង​ផល​ប៉ះពាល់​នៃ​សុខភាព រួម​ជាមួយនឹង​ការថែទាំ​សុខភាព​នោះទេ​។

​លោក ថេ​ង សាវឿន ​ថ្លែងថា ៖ «​សម្រាប់​ថេរវេលា នៃ​ការ​ចងក្រង​សៀវភៅ​នេះ គឺ​យើង​ចាប់ផ្តើម សរសេរ​ពី​ចុងឆ្នាំ​ ២០២២ ហើយ​យើង​គ្រោង​បញ្ចប់ និង​ផ្សព្វផ្សាយ​សៀវភៅ​គាំពារ​សង្គម​ក្នុង​វិស័យ​ក​សិ​-​ស្បៀងអាហារ​នេះ នៅក្នុង​ខែតុលា ឆ្នាំ​ ២០២៣​ នេះ​។ សម្រាប់​ការគាំទ្រ​ឧបត្ថម្ភ​សៀវភៅ​នេះ យើង​ទទួលបាន​មូលនិធិ​ពី​រដ្ឋាភិបាល​បែលហ្ស៊ិក​តាមរយៈ​អង្គការ​អុក​ស្វា​ម​ប្រចាំ​កម្ពុជា​»​។​

​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា បានរៀបចំ​វគ្គ​សិក្ខាសាលា​មួយ​ស្តីពី​ការពង្រឹង​សមត្ថភាព និង​ចងក្រង​សៀវភៅ «​មូលដ្ឋានគ្រឹះ​កិច្ច​គាំពារ​សង្គម​ក្នុង​វិស័យ​ក​សិ​-​ស្បៀងអាហារ​» រយៈពេល​ ២​ ថ្ងៃ កាលពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី ​១០ ខែសីហា ដល់​បុគ្គលិក​ទាំងអស់​របស់​ស​មា​គម ដើម្បី​បង្កើន​ការយល់ដឹង​ពី​របៀប​រៀបចំតាក់តែង​ចងក្រង​សៀវភៅ​មូល​ដ្ឋា​ន​គ្រឹះ​កិច្ច​គាំពារ​សង្គម​ក្នុង​វិស័យ​ក​សិ​-​ស្បៀងអាហារ តាម​​រយ​:​ការពង្រីក​វិសាលភាព និង​ចំណេះដឹង​ពី​យន្តការ​ជំរុញឱ្យមាន​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន​។

​កញ្ញា អ៊ឹ​ម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ ខែសីហា​ថា ក្រសួង​គាំទ្រ​ចំពោះ​ការ​ចងក្រង​សៀវភៅ «​មូលដ្ឋានគ្រឹះ​កិច្ច​គាំពារ​សង្គម​ក្នុង​វិស័យ​ក​សិ​-​ស្បៀងអាហារ​» នេះ ព្រោះ​វា​ជា​រឿង​ល្អ និង​ជាការ​រួមចំណែក​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល នៅក្នុង​ការជួយ​គាំទ្រ​ដល់​ប្រជាកសិករ​។

កញ្ញា អ៊ឹ​ម រចនា បាន​ប្រាប់ថា ការ​ចងក្រង​ជា​សហគមន៍​កសិករ គឺជា​រឿង​ដែល​ក្រសួងកសិកម្ម​បាន​យកចិត្តទុកដាក់ និង​លើក​ទឹកចិត្ត​ឱ្យមាន​ការ​ចងក្រង​ជា​សហគមន៍​ឱ្យបាន​ច្រើន ព្រោះ​ការ​ចងក្រង​សហគមន៍​នេះ​អនុញ្ញាតឱ្យ​ប្រជាកសិករ​មានឱកាស​ឈានទៅ​ទទួលបាន​ចំណេះដឹង និង​បច្ចេកទេស​ក្នុង​ការធ្វើ​កសិកម្ម ជាពិសេស​គឺ​ធ្វើឱ្យ​កសិករ មានអំណាច​ក្នុងការ​តថ្លៃ​ជាមួយ​ឈ្មួញ និង​អាជីវករ​នៅក្នុង​ទីផ្សារ​ដោយផ្ទាល់​ផងដែរ​។​

​កញ្ញា អ៊ឹ​ម រចនា បញ្ជាក់ថា​៖ «​នៅក្នុង​អាណត្តិ​ថ្មី​នេះ​ការចង​ក្រង​ជា​សហគមន៍​កសិករ គឺជា​គោលនយោបាយ​អាទិភាព​មួយ ដែល​ក្រសួង​ដាក់ចេញ និង​ជំរុញ​សម្រេច​ឱ្យបាន​កាន់តែ​ល្អប្រសើរ នៅក្នុង​អាណត្តិ​នេះ​»​។​

​យោងតាម CCFC បានលើកឡើង​ដែរ​ថា ការប្រមូល​ចងក្រង​សៀវភៅ​នេះ គឺជា​ការប្រមូល​បទពិសោធ​ន៍​បច្ចេកទេស ការ​ណែនាំ​ពី​វិធីសាស្ត្រ​រៀបចំ​ផែនការ​ចងក្រង និង​កំណត់​ក្រុម​គោល​ដៅ​ស្ត្រី​ក្នុង​វិស័យ​ក​សិ​-​ស្បៀងអាហារ​ដោយ​ឱ្យ​ប្រជាកសិករ​ទទួលបាន​ប្រយោជន៍​នៃ​គោល​នយោបាយ និង​ច្បាប់​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ផងដែរ​។

​ប្រភព​ដដែល​បន្តថា ដើម្បី​ជាការ​ឆ្លុះបញ្ចាំង​កត្តា​ខាងក្នុង និង​ខាងក្រៅ​ដែល​បានរួម​ចំណែក​ដល់​ភាពជោគជ័យ ឧបសគ្គ កត្តា​ប្រឈម​ហានិភ័យ នៃ​ការ​ចងក្រង និង​ដាក់បញ្ចូល​ធាតុ​ចូល​សំខាន់ៗ​នៃ​យន្តការ​គន្លឹះ​អាទិភាព​របស់​សមាគម​ក្នុងការ​ឆ្លើយតប​ការ​អភិវឌ្ឍ​ស្ថាប័ន​ប្រកបដោយ​អភិបាលកិច្ច​។

CCFC បញ្ជាក់ថា​៖ «​ការ​រ​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម​គឺជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ដើម្បី​បញ្ចប់​ភាពក្រីក្រ​ក្រោម​គោលនយោបាយ​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម​របស់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២៥»៕