​ភ្នំពេញៈ ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​អង្គការ​សុខ​ភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា បាន​រួមគ្នា​ផ្សព្វផ្សាយ​សារ​ទាក់ទង​នឹង​ប្រភេទ​ជំងឺមិនឆ្លង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ ​ដើម្បី​កាត់បន្ថយ​អត្រា​អ្នក​កើត​ជំងឺមិនឆ្លង​នៅ​ប្រទេស​កម្ពុជា​។​

​យោងតាម​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី ​១១ ខែសីហា បានឱ្យដឹងថា ក្រសួង​ព័ត៌មាន និង​អង្គការ​សុខភាព​ពិភពលោក​បានរៀបចំ​កិច្ចប្រជុំ​ពិនិត្យ​ខ្លឹមសារ​ស្តីពី «​លើកកម្ពស់​ការយល់ដឹង​ស្តីពី​ចំណីអាហារ​សុខភាព និង​កាត់បន្ថយ​ជាតិ​ប្រៃ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។​

​ជំងឺមិនឆ្លង ជា​ជំងឺ​រ៉ាំរ៉ៃ បណ្តាលឱ្យមាន​ពិការភាព បាត់បង់​ពល​កម្ម និង​កំពុងតែ​គំរាមកំហែង​ដល់​ភាពក្រីក្រ និង​បង្កឱ្យមាន​ការចំណាយ​យ៉ាងច្រើន​ទៅលើ​ការថែទាំ​សុខភាព ដែល​បណ្ដាលមកពី​កត្តា​ប្រឈម​មួយចំនួន​ដូច​​ជា​៖ ការប្រើប្រាស់​ថ្នាំជក់ ការ​​ប្រើប្រាស់​គ្រឿង​ស្រវឹង របប​អាហារ​ដែល​គ្មាន​សុខុមាលភាព និង​កង្វះ​កាយ​វប្បកម្ម​ជាដើម​។​

​លោក​ ប៉ាង ណាត ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អគ្គនាយករង​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ថ្លែង​នាឱកាស​នោះ​ថា នេះ​ជា​សកម្មភាព​មួយ​នៃ​ការចាប់ផ្ដើម​លើកដំបូង​រវាង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក​ក៏ដូចជា​កិច្ច​សហ​​ប្រតិបត្តិការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ជំរុញ និង​លើក​​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​លោក​ ប៉ាង ណាត បាន​បញ្ជាក់ថា​៖ «​សង្ឃឹមថា ចាប់ពីពេលនេះ​តទៅ ក្រសួង​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្ថិតនៅក្រោម​ក្រសួង​ព័ត៌មាន​នឹងធ្វើ​ការបណ្ដុះ​ចំណេះដឹង​ជំនាញ​ផ្នែក​សុខុមាលភាព​តាមរយៈ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមិនឆ្លង​នេះ ហើយ​ជួយ​បន្ត​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យបាន​ចំ​ទិសដៅ និង​ងាយស្រួល​ទៅដល់​ផលិត​ព័ត៌មាន ជាការ​រួមចំណែក​ក្នុងការ​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់​ជំងឺមិនឆ្លង​នេះ​»​។​

​ជាមួយគ្នានេះ លោក ឃឹម​ សំអាត តំណាង​អង្គការ​សុខ​ភាព​ពិភពលោក​ក៏បាន​ថ្លែង​ដែរ​ថា ទាក់ទង​នឹង​ប្រភេទ​ជំងឺមិនឆ្លង​នេះ​គឺជា​រឿង​សំខាន់ ដោយ​សារ​ជំងឺ​ប្រភេទ​នេះ​មិនសូវមាន​ការចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ដែលជា​ក្ដីកង្វល់​របស់​កម្ពុជា និង​ពិភពលោក​។​

​លោក​ នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ ខែសីហា​ថា វា​ជា​ការល្អ​មែនទែន​ដែល​ក្រសួង​ព័ត៌មាន​និង​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្ដួចផ្ដើម​រួមគ្នា​ក្នុង​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​នាំសារ​ពី​បញ្ហា​ជំងឺមិនឆ្លង​ទៅកាន់​ប្រជាពលរដ្ឋ​។​

​ក្រៅពីនេះទៀត លោក​បាន​បន្ដថា ទោះបីជា​ជំងឺមិនឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា មិនមាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​មួយ​ដែល​ក្រសួងសុខាភិបាល និង​ភាគី​ពាក់​ព័ន្ធ គួរ​មាន​ក្ដីបារម្ភ​និង​ត្រូវ​ចាប់​ផ្ដើម​ប្រុងប្រយ័ត្ន​ពី​ឥឡូវនេះ ហើយ​ប្រសិនបើ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺមិនឆ្លង​នេះ​ទេ វា​អាច​នឹង​ហួសពេល ពីព្រោះថា ជំងឺមិនឆ្លង​វា​ជា​ឃាតករ​ស្ងៀម​ស្ងាត់​លាក់​មុខ​។​

​លោក ​នុត សម្បត្តិ បាន​ថ្លែងថា​៖ «​យើង​ត្រូវតែមាន​វិធានការ ខណៈដែល​ក្រសួងសុខាភិបាល​មាន​វិធាន​ការណែនាំ​ហើយ ក៏ប៉ុន្តែ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ យើង​ត្រូវការ​មានការ​ចូល​រួម ជាពិសេស​គ្រួសារ​នីមួយៗ​ត្រូវការ​ការចូលរួម​ឱ្យបាន​ខ្លាំង​មែនទែន ដើម្បី​ធ្វើ​យ៉ាងម៉េច​ទប់​ស្កាត់ ក៏ដូចជា​ការផ្សព្វផ្សាយ និង​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ការជក់បារី​ហួស​ដែន​កំណត់ ដែល​បង្ក​ជា​ជំងឺមិនឆ្លង​បាន​»​។​

​លោក​បាន​បន្ថែមថា ប្រសិនបើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​មានការ​ផ្សព្វផ្សាយ​ជាប្រចាំ​ស្ដីពី​ជំងឺមិនឆ្លង​នេះ​ទៅកាន់​ប្រជាពលរដ្ឋ​នោះ លោក​ជឿជាក់ថា វា​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​ជំងឺមិនឆ្លង​៕