ភ្នំពេញៈ លោក​ ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ថ្មី​កម្ពុជា​គ្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ពាក់កណ្តាល​ខែកញ្ញា​ខាងមុខ​ ដើម្បី​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​២០ ​ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​ជា​អ្វីដែល​អ្នក​វិភាព​ថ្លែងថា ជាការ​ផ្តល់​តម្លៃ​ដល់​ចិន​ជាអាទិ​ភាព ក្រោយ​តែងតាំង​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ជា​ផ្លូវការ​។​

​យោងតាម​គេហទំព័រ​លោកនាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី ​១៣ ខែសីហា ដែល​បានលើកឡើង​ពី​ជំនួប​សម្តែង​ការគួរសម​រវាង​លោក​ ហ៊ុន​ ម៉ា​ណែ​ត និង​លោក​វ៉ាង យី ប្រធានការិយាល័យ​គណៈ​កម្ម​ការ​កិច្ចការបរទេស​នៃ​គណៈ​ក​ម្មា​ធិ​ការ​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស្ត​ចិន និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​។​

​នៅក្នុង​ជំនួប​នេះ លោក​ វ៉ាង​ យី បានបញ្ជាក់​បន្ថែម​ពី​ជំហរ​របស់​ចិន​ក្នុងការ​ជំរុញ​ការអនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។​

​ប្រភព​ដដែល​បាន​បន្តថា លោក វ៉ាង យី បានលើកឡើង​ដែរ​ថា ចិន​ត្រៀម​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ គឺ​លោក​ ហ៊ុន ម៉ា​ណែ​ត និង​ការចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​២០ ឆ្នាំ ​២០២៣ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី នា​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ ​២០២៣ ខាងមុខ​។​

​ជាមួយគ្នានេះ លោក​ ហ៊ុន​ ម៉ា​ណែ​ត បាន​សម្តែង​អំណរ​​គុណ​ពី​ជំហរ​ឥត​ប្រែប្រួល​របស់​ចិន ខណៈ​រដ្ឋាភិបាល​ថ្មី​កម្ពុជា​ក៏​រក្សា​គោលជំហរ​របស់​រដ្ឋា​ភិ​បាល​ចាស់​ផងដែរ​ចំពោះ​មិត្ត​ភាព​កម្ពុជា​-​ចិន ជាពិសេស​ការបន្ត​គាំទ្រ​ «​គោលនយោបាយ​ចិន​មួយ​» និង​ការមិន​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បន្ថែមថា លោក​នឹងមាន​វត្តមាន​ផងដែរ​ក្នុង​ពិធី​ខួប​លើក​ទី​១០ នៃ​ការ​​បង្កើត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០២៣ ខាងមុខ​។​

​ជុំវិញ​រឿងនេះ លោក ស៊ឺន​ សម អ្នកជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហ៊ុន ម៉ា​ណែ​ត ទៅ​ចិន​ជា​រឿង​សំខាន់ ទាំង​សម្រាប់​ក្របខ័ណ្ឌ​អាស៊ាន​ផង និង​សម្រាប់​កម្ពុជា​ផង​និង​សម្រាប់​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​ក្នុងនាម​លោក​ជា​ប្រមុខ​រដ្ឋា​ភិ​បាល​ថ្មី​ផង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដំណើរ​ទៅ​ចិន​របស់លោក ​[​ហ៊ុន​ ម៉ា​ណែ​ត​]​ ជា​រឿង​សំខាន់ ព្រោះ​ចិន​នៅក្នុង​អាស៊ី​ដែល​សុទ្ធសឹង​ជា​ជនជាតិ​មាន​មនោសញ្ចេតនា​ខ្ពស់ ហើយ​ចិន​ចង់ឱ្យ​សមាជិក និង​មិត្តភក្តិ​នានា​រាប់អាន​ខ្លួន​ដោយស្មោះ​ត្រង់​ និង​អស់ពី​ចិត្ត​។​ កម្ពុជា​យើង​បាន​រាប់អាន​ចិន​ដោយ​ស្មោះត្រង់​និង​អស់ពី​ចិត្ត​តាំងពី​ជំនាន់​សម្តេច​សីហនុ ជំនាន់​សម្តេច​ ហ៊ុន សែន មក​ជំនាន់​លោក​បណ្ឌិត​ ហ៊ុន ម៉ា​ណែ​ត​»​។​

​លោក​បន្ថែមថា ដំណើរ​ទស្សន​កិច្ច​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ទៅកាន់​ប្រទេស​ចិន​ ជា​រឿង​សំខាន់​ទាំង​នៅ​ពាក់កណ្តាល​ខែកញ្ញា និង​ពាក់កណ្តាល​ខែតុលា ព្រោះ​ប្រទេស​ចិន​ជា​ប្រទេស​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ហើយ​ដំណើរ​ទស្សនកិច្ច​ទាំង ​២ ​លើក​ខាងមុខ នឹង​ក្លាយជា​ដំណើរ​ប្រវត្តិសាស្ត្រ​នៃ​ការចាប់​​ផ្តើម​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​ចិន​ ក្នុង​សម័យកាល​ដឹកនាំ​រដ្ឋ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត​។​

​សម្រាប់​លោក វណ្ណ ប៊ុន​ណា អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​​នយោបាយ ក៏បាន​ថ្លែង​ដែរ​ថា ក្នុង​ទំនាក់ទំនង​ការបរទេស​នៅពេល​មេដឹកនាំ​ប្រទេស​ថ្មី​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​បរទេស​ណាមួយ វា​បង្ហាញ​ពី​សារៈសំខាន់​នៃ​ប្រទេស​បរ​ទេស​នោះ​សម្រាប់​ប្រទេស​សាមីខ្លួន​ទៅលើ​ផលប្រយោជន៍ និង​នយោបាយ​ការបរទេស​។

​ក្នុងន័យនេះ​លោក​ថ្លែងថា ប្រសិនបើ​លោក ​ហ៊ុន ម៉ា​ណែ​ត បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន​ក្រោយ​ការតែងតាំង​ជានា​យក​រដ្ឋមន្ត្រី​ផ្លូវការ​មែន​នោះ​បង្ហាញ​ច្បាស់​ពី​នយោបាយ​ការ​បរ​ទេស​រដ្ឋាភិបាល​លោក​ដែល​ផ្តល់​អាទិភាព​ចំពោះ​ចិន​។​លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​លោក ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ចិន​ខាងមុខ​ធ្វើឡើង​ដោយមាន​ជំនួប​ក្រប​​ខ័​ណ្ឌ​ទ្វេភាគី មាន​ការជួប​ថ្នាក់ដឹកនាំ​កំពូល​ចិន តួយ៉ាង​ជា​​មួយ​លោក ស៊ី ជីន​ភីង នោះ​វារឹតតែ​បង្ហាញ​ច្បាស់​ពី​ការផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដែកថែប​កម្ពុជា​-​ចិន​»​។

​លោក ​វណ្ណ ប៊ុន​ណា បាន​បន្តថា ក៏ប៉ុន្តែ​ប្រសិនបើ​គ្រាន់​ជា​ជំនួប​ក្របខ័ណ្ឌ​អាស៊ាន​-​ចិន ឬ​គ្រាន់តែ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​វិញ គឺ​មិន​បង្ហាញ​ការផ្តល់​សារៈសំខាន់​នៃ​ទំនាក់​​ទំនង​ប្រទេស​ទាំង ​២ នៃ​រដ្ឋា​ភិ​បាល​ថ្មី​ឡើយ​។​

​សូម​រំឭក​ដែរ​ថា លោក ​វ៉ាង​ យី ទើប​បានមក​បំពេញ​ទស្សន​​កិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ​២ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ១៣ ខែសីហា ឆ្នាំ​ ២០២៣ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី​៕