​ភ្នំពេញៈ ក្នុង​រយៈពេល ​១០ ថ្ងៃ មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​មានកូន​អាយុ​ក្រោម​ ២​ ឆ្នាំ ជិត​ ២០០ នាក់ ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​រាជរដ្ឋាភិបាល ស្តីពី​ការបង្កើន​ប្រាក់ឧបត្ថម្ភ​រាជរដ្ឋាភិបាល​សម្រាប់​ស​មា​ជិ​ក ប​.​ស​.​ស ខណៈ​ស្ត្រី បង្ហាញ​ការ​ពេញចិត្ត​ក្នុងការ​ទទួលបាន​កញ្ចប់​ថវិកា​ឧបត្ថម្ភ​បន្ថែម​នេះ​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. បានឱ្យដឹងថា បន្ទាប់ពី​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល ប្រកាស​ដំឡើង​កម្រិត​នៃ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម គិត​ចាប់ពី​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ​ ២០២៣ រហូតមកដល់​ថ្ងៃទី ​១០ ខែសីហា ឆ្នាំ​ ២០២៣ ​នេះ សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​បានទទួល​ប្រាក់​ឧបត្ថម្ភ​ពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល​មាន​ចំនួន​ ១៣៧​ នាក់​។ បន្ថែម​ពីនេះ​សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​បានទទួល​ប្រាក់ឧបត្ថម្ភ​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល​មាន​ចំនួន ៣០​ នាក់ និង​ទទួល​ប្រាក់​ឧបត្ថម្ភ​ពេល​ចាក់​វ៉ាក់សាំង​កូន​មាន​ចំនួន​ ១២​ នាក់​។

​លោក​បញ្ជាក់ថា​៖ «​គោល​នយោបាយ​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការបង្កើន​ប្រាក់ឧបត្ថម្ភ​រាជរដ្ឋាភិបាល​សម្រាប់​ស​មា​ជិ​ក ប​.​ស​.​ស​. ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម ​២ ​ឆ្នាំ​។ នេះ ​គឺជា​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការលើក​កម្ពស់​សុខុមាលភាព​មាតា និង​ទារក ព្រមទាំង​រួមចំណែក​ដោះ​ស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ចាប់តាំងពី​កូន​ក្នុង​ផ្ទៃ​រហូតដល់​អាយុ​ក្រោម ២ ​ឆ្នាំ ដែល​ជួយ​ជំរុញ​ដល់​ការលូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី ឱ្យ​ស្របតាម​គោលនយោបាយ​​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋា​ភិ​បាល ដែល​ក្នុងនោះ ប​.​ស​.​ស បើក​ផ្ដល់ជូន​ជា ​៣ ដំណាក់កាល ដែល​ស្មើនឹង​ចំនួន​ ១៥ ​លើក​»​។​

​បន្ថែម​ពីនេះ លោក ហេង​ សុផាន់​ណា​រិ​ទ្ធ ក៏​អំពាវនាវ​ដល់ក​ម្មករ​និយោជិត​ជា​ស្ត្រី​ទាំងអស់ ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​របស់ ប​.​ស​.​ស​. ឱ្យមក​ទទួល​ប្រាក់​បំណាច់​មាតុភាព​ចំនួន ៧០​ ភាគរយ នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​ប្រចាំថ្ងៃ និង​អត្ថ​ប្រ​យោ​ជន៍​ផ្សេងៗ​ជាច្រើន​ទៀត​ពី ប​.​ស​.​ស​.​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ពីមុន​ពិនិត្យ​សុខភាព​អស់​លុយ​។ ឥឡូវ​ពិនិត្យ​សុខភាព​បាន​លុយ​។ ពិនិត្យ​សុខភាព​មុន​សម្រាល​បាន ៤​ ដង ម្តង​បាន​ ៨​ ម៉ឺន​រៀល ហើយ​នៅពេល​ដល់​ថ្ងៃ​សម្រាល​ពីមុន​កូន​ ១​ ទទួលបាន ​៤០​ ម៉ឺន​រៀល​ទេ​។ ប៉ុន្តែ​ឥឡូវនេះ កូន​ ១ ទទួលបាន​ ៨០ ​ម៉ឺន​រៀល​...​បើ​យើង​គិត​មើលទៅ ប្រាក់​ឧបត្ថម្ភ​នេះ កើនឡើង​ទ្វេដង​។ ក្នុងនោះ​ក្រោយពេល​សម្រាល​រួច អាច​ទៅពិនិត្យ​សុខភាព​ ៣​ ដង​បន្ថែមទៀត និង​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ ៧​ ដង​ទៀត ​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ក្នុង​ ១ ​លើកៗ ៨ ​ម៉ឺន​រៀល​ដែរ​»​។​

​អ្នកស្រី ចិន សុភា​ជ ដែល​ទើប​សម្រាលកូន​បាន​ប្រមាណ​ ៣ សប្តាហ៍ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ដោយ​បង្ហាញ​ការពេញចិត្ត​ថា អ្នកស្រី និង​គ្រួសារ​ទទួលបាន​ទាំង​អត្ថប្រយោជន៍​ចាស់ និង​អត្ថប្រយោជន៍​បន្ថែម​ក្នុងការ​​ពិនិត្យ​ផ្ទៃពោះ​អំឡុងពេល​សម្រាល និង​ក្រោយ​សម្រាល​។ ក្នុងអំឡុង​ពេលនោះ មិន​ត្រឹមតែ​មិន​ចំណាយ​ថវិកា ថែមទាំង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ទៀត ដែល​អត្ថ​ប្រ​យោ​ជន៍​ទាំងនេះ បាន​ចូលរួម​ជួយ​គាំទ្រ​ដល់​ជីវភាព​គ្រួ​សារបាន​មួយកម្រិត​ផងដែរ​។

​អ្នកស្រីបាន​រៀបរាប់ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​ស្ត្រី ខ្ញុំ​សប្បាយចិត្ត​ជាខ្លាំង ដែល​រដ្ឋាភិបាល​បង្កើន​គោលនយោបាយ​បន្ថែម​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​មុន​សម្រាល និង​ក្រោយ​សម្រាល​។ គោលនយោបាយ​ទាំងនេះ គឺ​ល្អ ព្រោះ​ជួយ​សម្រួល និង​កាត់បន្ថយ​ការ​​ចំណាយ​ច្រើន​ដល់​ពួក​ខ្ញុំ​ក្នុងពេល​មាន​ផ្ទៃពោះ​។ សម្រាប់​ខ្ញុំ​ផ្ទាល់ អ្វីដែល​ខ្ញុំ​សប្បាយចិត្ត​ទៀត​នោះ គឺ​ពេល​ទៅ​មន្ទីរពេទ្យ គឺ​ក្រុមគ្រូពេទ្យ បាន​យកចិត្ត​ទុក​ដាក់​ធ្វើការ​ព្យាបាល​យើង​ដែលជា​អ្នកជំងឺ​»​។​

​លោក ប្រាក់ សា​រ៉ា​ត អភិបាល​​រង​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល និង​ក្នុងនាម​អាជ្ញាធរ​ដែនដី​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ក្នុង​ខេត្តកណ្តាល ដែល​ទើប​បើក​ថ្មីៗ ឬ​បើក​យូរហើយ​ដែល​មិនទាន់បាន​ចុះបញ្ជី ត្រូវ​ប្រញាប់​ទៅ​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស​. ដើម្បីឱ្យ​កម្មករនិយោជិត​ក្លាយជា​សមាជិក ប​.​ស​.​ស​.​។

​លោក​ថា ការ​ទៅ​ចុះបញ្ជី​នេះ គឺ​ចៀសវាង​ខាតបង់​អត្ថ​ប្រ​យោ​ជន៍​របប​សន្តិសុខ​សង្គម ពិសេស​ចំពោះ​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​រួច​ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន នឹងត្រូវ​ចូលរួម​សហការ​រាល់​សកម្មភាព​ដែល​ក្រុមការងារ ប​.​ស​.​ស​. ដែល​បាន​ចុះទៅ​ផ្សព្វផ្សាយ​បញ្ជ្រាប​ចំណេះដឹង​អំពី​អត្ថប្រយោជន៍​របប​សន្ដិ​សុខ​សង្គម និង​ចំណេះដឹង​ផ្សេងៗ​ទៀត​៕