​ភ្នំពេញៈ សហគ្រិន​ខ្មែរ សហ​ការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ​៣ រួមគ្នា​អនុវត្ត​កម្មវិធី​បណ្តុះ​ធុរកិច្ច​កសិកម្ម​ខ្មែរ​សម័យថ្មី រយៈ​ពេល​ ១៦​ ខែ ដើម្បី​លើកកម្ពស់​សហគ្រិនភាព និង​ប្រើប្រាស់​តួនាទី​របស់​ធុរកិច្ច​ថ្មី​ក្នុងការ​​ផ្ដល់​ផលិតផល ឬ​សេវាកម្ម​ទាក់ទង​ទៅនឹង​ការជំរុញ​ក​សិ​​កម្ម​ឱ្យ​ធន់​នឹង​អាកាសធាតុ និង​ក្សេត្រ​បរិស្ថាន​ជូន​ដល់​កសិករ​ខ្នាតតូច​។

ការប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១១ ខែសីហា ឆ្នាំ​ ២០២៣ ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) អង្គការ​ហេ​ក្ស​កម្ពុជា (HEKS/EPER) និង​ការី​តាស​ស្វ៊ី​ស (CARITAS Switzerland) ក្រោម​គម្រោង​នើ​ឆ័​រ (Nurture Project)​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី ​១៤ ខែសីហា បានឱ្យដឹងថា កសិករ​ខ្នាតតូច​នៅ​ប្រទេស​កម្ពុជា ងាយ​រង​ផល​ប៉ះ​ពាល់​ពី​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ និង​ត្រូវការ​គំនិត​នវានុវត្តន៍​ថ្មី​ដែល​អាចជួយ​ពួកគេ​ក្នុងការ​សម្រប​ខ្លួន និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​។

​សេចក្តីប្រកាស បាន​អះអាងថា​៖«​កម្មវិធី​បណ្តុះ ធុរកិច្ច​ក​សិ​កម្ម​ខ្មែរ​សម័យថ្មី​ជំរុញ​ន​វា​​នុ​វត្ត​ន៍​ផ្អែកលើ​តម្រូវការ​ទីផ្សារ ដើម្បីឱ្យ​កសិករ​ខ្នាតតូច​ទទួល​បាន​នូវ​ផលិតផល និង​សេវា​​កម្ម​ថ្មី​ដែល​ជំរុញ​កសិកម្ម​ពួក​គាត់​ធន់​នឹង​អាកាសធាតុ ព្រម​ទាំង​ពង្រីក​លទ្ធភាព​ចូលទៅ​កាន់​ទីផ្សារ​ក្នុង​គោលដៅ​សម្រប​ខ្លួន និង​កាត់បន្ថយ​ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ​»​។​

​សេចក្តីប្រកាស​នេះ ក៏បាន​ឱ្យដឹងទៀតថា គម្រោង​នេះ នឹង​អនុវត្ត​ក្នុង​រយៈពេល​ ១៦ ​ខែ ដើម្បី​ចូលទៅ​បំពេញ​ចន្លោះ​ដ៏​សំខាន់​មួយ​ទាក់ទង​នឹង​ការ​ជួយ​គាំទ្រ​ដល់​សហគ្រិន​ក្នុងការ​អភិវឌ្ឍ និង​ពង្រឹង​ផលិត​ផល សេវាកម្ម​អប្បបរមា​ដែល​គាំទ្រ​កសិករ​ខ្នាតតូច​ឱ្យមាន​ភាព​ធន់​នឹង​អាកាសធាតុ​។

​លោក ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ បាន​និយាយថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ខិតខំ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន ដែល​ឆ្លើយតប​ទៅនឹង​ការ​​ប្រែប្រួល​អាកាសធាតុ ខណៈ​នៅ​រក្សា​លទ្ធភាព​ប្រកួតប្រជែង​។

កម្មវិធី​បណ្តុះ​ធុរកិច្ច​កសិកម្ម​ខ្មែរ​សម័យថ្មី​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​នាំយក​ដំណោះស្រាយ​ប្រកបដោយ​ន​វា​នុ​​វត្ត​ន៍​មក​ពង្រឹង​ការដាំដុះ​ឱ្យ​កាន់តែ​ប្រ​សើរ​។ កម្មវិធី​នេះ​ផ្ដោតលើ​អ្នកទទួលផល​នៅ​តំបន់​ជនបទ​នៃ​ខេត្ត​គោល​ដៅ​ចំនួន​ ៤ រួមមាន បាត់ដំបង បន្ទាយ​មានជ័យ ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​។ កម្មវិធី​ចែកជា​ ៣ ​ដំណាក់កាល រួមមាន វគ្គ​ត្រៀម​មុន​កម្មវិធី​បណ្តុះ​ធុរកិច្ច វគ្គប​ណ្តុះ​ធុរកិច្ច និង​វគ្គ​ការប្រឹក្សា​យោបល់​ក្រោយ​កម្មវិធី ដើម្បី​ធានាថា ធុរកិច្ច​ថ្មី​ទទួលបាន​ការគាំទ្រ​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​លើ​ការអភិវឌ្ឍ​ផលិតផល ឬ​សេវា​កម្ម​សម្រាប់​កសិករ​ខ្នាតតូច​។

​លោក Markus Buerill នាយក​សហប្រតិបត្តិ​តំណាង​ទីភ្នាក់ងារ SDC បាន​ថ្លែងថា កសិកម្ម​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការ​កើន​ឡើ​ន​ហា​និ​ភ័យ​នៃ​គ្រោះរាំងស្ងួត និង​ទឹកជំនន់ ទន្ទឹមនឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​កសិករ​ខ្នាតតូច​ទទួលរង​ផល​ប៉ះពាល់​ខ្លាំងជាងគេ​ពី​គ្រោះ​ទាំងនោះ ទាមទារ​ភាគី​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ប្តេជ្ញា​​ចិត្ត​គាំទ្រ​ការ​សម្រប​ប្រព័ន្ធ​ផលិតកម្ម​របស់​កសិក​រ​កម្ពុជា​ទៅនឹង​ហានិភ័យ​ទាំងនេះ​។

​លោក​ថ្លែងថា​៖ «​ការពិត​យើង​មាន​បច្ចេកវិទ្យា និង​សេវាកម្ម​ដែលមាន​ស្រាប់​នៅក្នុង​ទីផ្សារ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ធ្វើឱ្យ​បច្ចេកវិទ្យា និង​សេវាកម្ម​ទាំង​នោះ​អាច​ទៅដល់​កសិករ​ខ្នាតតូច និង​អាច​សម្រប​ខ្លួន​ទៅនឹង​បរិបទ​ក្នុង​ទីជនបទ​នៅ​ប្រទេស​កម្ពុជា​។ យើង​ជឿជាក់ថា តាមរយៈ​កម្មវិធី​នេះ​យើង​នឹង​អាច​គាំទ្រ​ដល់​ធុរកិច្ច​ថ្មី និង​ក្រុម​​ហ៊ុន​នានា ដើម្បី​ពង្រីក​ផលិតផល​របស់​ពួកគេ​ជាមួយ​បច្ចេកវិទ្យា និង​សេវាកម្ម​ដ៏​មាន​ភាព​សម្បូរបែប ទំនើប ធន់​នឹង​អាកាសធាតុ​។ នេះ​មិន​ត្រឹមតែ​ជាការ​រួមចំណែក​ដ៏​សំខាន់​ដល់​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​បង្កើត​បរិយាកាស​ទីផ្សារ​ដែល​គាំទ្រ​ដល់​ជីវភាព​រស់នៅ​ប្រកបដោយ​ភាព​ធន់​ផងដែរ​»​។​

​លោក Julien Brewster នាយក​ប្រចាំ​តំបន់​មេគង្គ​នៃ​អង្គការ​ហេ​ក្ស ថ្លែងថា ទោះបីជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​នៃ​សហគ្រិនភាព​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ទសវត្សរ៍​កន្លងមក​ក៏ដោយ ក៏​ធុរកិច្ច និង​ក្រុមហ៊ុន នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ក្នុងការ​ពង្រីក​ផលិតផល និង​សេវាកម្ម​ដែលមាន​រួមបញ្ចូល​ដំណោះស្រាយ​ដែល​ធន់​នឹង​អាកាសធាតុ ដូចជា​គ្រាប់ពូជ ម៉ាស៊ីនបូមទឹក​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ និង​ជីសរីរាង្គ​ទៅកាន់​ទី​ជន​បទ និង​តំបន់​ដាច់ស្រយាល​។

​លោក​ថ្លែងថា​៖ «​កម្មវិធី នឹង​ផ្ដល់ជូន​ទៅដល់​ធុរកិច្ច​កសិកម្ម និង​ក្រុមហ៊ុន​ជាមួយនឹង​តម្រូវការ​ចាំបាច់​ដូចជា ជំនាញ ចំណេះដឹង ការណែនាំ ទំនាក់ទំនង​ក្នុង​វិស័យ និង​ឱកាស​ស្វែងរក​មូលនិធិ​។ ការណ៍​នេះ​នឹង​ជួយ​ធ្វើឱ្យ​កសិករ​ខ្នាតតូច​មាន​ភាព​ធន់​នឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យ​ជីវ​ភាព​របស់​ពួកគេ​ប្រសើរឡើង​»៕