​ភ្នំពេញៈ មុន​បញ្ចប់​អាណត្តិ​រាជរដ្ឋាភិបាល​ចាស់ លោ​ក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ផ្ញើ​សារ​ដល់​មន្ត្រីនគរបាល​ទាំងអស់​ដែល​មិន​ត្រូវបាន​ផ្លាស់ប្ដូរ ត្រូវ​បន្ត​បំពេញការងារ និង​ពង្រឹងសមត្ថភាព​បម្រើ​ប្រទេសជាតិ​សម្រាប់​រាជ​រដ្ឋា​ភិ​បាល​ថ្មី ដែល​នឹង​បន្តវេន​ចាប់ពី​ចុងខែ​សីហា ឆ្នាំ​ ២០២៣​។​

​នៅក្នុង​ពិធី​ប្រគល់​សញ្ញា​​ប​ត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិ​ញ្ញា​ប​ត្រ​ជាន់ខ្ពស់​វិទ្យាសាស្ត្រ​នគរ​​បាល​ដល់​និស្សិត​ជយលាភី នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា នៅ​ថ្ងៃទី ​១៤ ខែសីហា ឆ្នាំ ​២០២៣ លោក ស ខេង ថ្លែងថា ចាប់ពី​ថ្ងៃទី ​២២ ខែ​សីហា​ទៅ រដ្ឋាភិបាល​អាណត្តិ​ទី​ ៦ ជា​រដ្ឋាភិបាល​ចាស់​ត្រូវបាន​បញ្ចប់​អាណត្តិ ហើយ​រដ្ឋាភិបាល​ថ្មី​នៃ​អាណត្តិ​ទី​៧ ត្រូវបាន​រៀបចំឡើង ក្នុងនោះ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​មួយចំនួន​ត្រូវបាន​ផ្លាស់ចេញ រួមទាំង​លោក​ផងដែរ ដែល​នឹង​បញ្ចប់​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ ហើយ​យក​ពេល​ទៅ​បំពេញភារកិច្ច​ផ្សេងទៀត​។​

​លោក ស ខេង ថ្លែងថា​៖ «​ជា​រឿង​ធម្មតា ដែលមាន​ការផ្លាស់​​ប្តូរ ឬ​ការផ្ទេរ​មន្ត្រីរាជការ ខណៈ​មន្ត្រី​កម្ពុជា​ភាគច្រើន​ក្នុង​អាណត្តិ​នេះ ត្រូវបាន​បញ្ចប់​អាណត្តិ លើកលែងតែ​មន្ត្រី​មួយចំនួន​ប៉ុណ្ណោះ ដែល​នៅ​បន្ត​បេស​ក​​កម្ម​ក្នុងតួនាទី​ដដែល និង​ខ្លះ​មានការ​ផ្ទេរ​តួនាទី​ទៅ​ស្ថាប័ន នានា ចាប់ពី​អគ្គនាយក​ចុះ ដែលជា​ស្ថាប័ន​មុខងារសាធារណៈ នឹង​បន្តធ្វើ​ការងារ​របស់ខ្លួន គឺ​អគ្គនាយកដ្ឋាន​ទាំងឡាយ ការិយាល័យ​ក្រោម​ក្រសួង​​មហាផ្ទៃ​ហ្នឹង បន្តការងារ​ជាធម្មតា ហើយ​រឹតតែ​ខិតខំ​បំពេញការងារ​ខ្លួន​បន្តទៀត​»​។​

​លោក​បញ្ជាក់​បន្តថា ក្នុងនោះ​មន្ត្រី​ផ្នែក​នយោបាយ តួយ៉ាង​រដ្ឋ​លេខាធិការ និង​អនុ​រដ្ឋលេខា​ធិ​ការ ក៏​នឹងត្រូវ​បន្ត​ភារកិច្ច​ដែល​ក្រសួងមហាផ្ទៃ​ប្រគល់ឱ្យ​ដែរ បើទោះជា​អ្នក​ប្រគល់ឱ្យ​នោះ​ជា​មនុស្ស​ថ្មី​ក្តី ប៉ុន្តែ​លោក​សង្ឃឹមថា មន្ត្រី​គ្រប់លំដាប់​ថ្នាក់​របស់​ក្រសួងមហាផ្ទៃ​នឹង​ខិតខំ​បន្ត​ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស​ផ្នែក​រដ្ឋបាល​ស៊ីវិល និង​នគរបាលជាតិ​។​

​លោក ​ប៉ិច ពិសី នាយក​ប្រតិ​ប​ត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែងថា សារ​លោក ស ខេង ជាការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ផ្នែក​បច្ចេកទេស​ក្រោម​ចំណុះ​ក្រសួង​បន្តការងារ​ដើម្បី​និរន្តរភាព​ជាតិ ក្នុងខណៈ​ប្រទេស​មានការ​ផ្លាស់ប្តូរ​ជំនាន់​ថ្នាក់ដឹកនាំ ប៉ុន្តែ​មេដឹកនាំ​តាម​ស្ថាប័ន​មិនអាច​ខ្វះ​បាន​ជំនួយ​ពី​មន្ត្រី​បច្ចេកទេស​ដែល​កំពុង​បម្រើការ​បច្ចុប្បន្ន​ទេ​។​

​លោក​បន្តថា លោក ស ខេង ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ជាតិ ១​ រូប បាន​បន្សល់ទុក​ស្នាដៃ​ជា​ច្រើន​ក្នុង​ការងារ​ក្រោមបង្គាប់​របស់លោក​ដែល​ត្រូវបាន​សា​ធារ​​ណ​ជន​ទូទៅ និង​ឥស្សរជន​ជា​ច្រើន​រូប​ទទួលស្គាល់ និង​ជឿ​ជាក់​លើ​កិច្ចការ​របស់លោក​ជា​​មួយ​ក្រសួងមហាផ្ទៃ​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ​។​

​លោក​ ប៉ិច ពិសី ថ្លែងថា ស្នា​ដៃ​ធំ​លោក ស ខេង គឺ​បាន​រក្សា​តុល្យភាព​អំណាច​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ជា​សសរស្តម្ភ​មួយ​ធានា​និរន្តរភាព​ផ្ទៃក្នុង​គណបក្ស និង​ការលើកកម្ពស់​សេវាសាធារណៈ តាមរយៈ​កិច្ច​ខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត ដែល​ធ្វើ​សេវាសាធារណៈ​មាន​សភាព​ល្អប្រសើរ​ជាង​មុន អំពើ​ពុក​រលួយ​បាន​ថយចុះ និង​ការ​​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែ ​១​ ជាដើម​។​

​លោក​ថ្លែងថា​៖ «​ចំពោះ​រដ្ឋ​​មន្ត្រី​ក្រសួងមហាផ្ទៃ​ថ្មី​ដែល​នឹងត្រូវ​បំពេញ ជា​ការងារ​អាទិភាព​គឺ​បន្ត​រក្សា​តុល្យភាព​អំណាច​រវាង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថ្មី និង​នាយករដ្ឋមន្ត្រី​ថ្មី ហើយ​រដ្ឋ​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ថ្មី ក៏ត្រូវ​បន្ត​កាត់បន្ថយ​អំពើពុករលួយ និង​ពង្រឹង​កិច្ចការ​មន្ត្រី​នៅតាម​មូលដ្ឋាន ដើម្បី​ជំរុញ​ការផ្តល់សេវា​សាធារណៈ​ដ​ល់​ប្រជាជន បង្កើន​យន្តការ​ផ្តល់​ការ​គាំពារ​សង្គម​នៅតាម​មូលដ្ឋាន ជា​​ពិសេស​ផ្តោតលើ​ការផ្តល់សេវា​លើ​ជន​ងាយ​រងគ្រោះ​ជាដើម​។​

​នៅ​ថ្ងៃទី​ ២៦ ខែកក្កដា ឆ្នាំ ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​លាឈប់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៧ ព្រមទាំង​បង្ហើប​ពី​កា​រលា​ឈប់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​នានា​នៅក្នុង​រាជរដ្ឋាភិបាល​ចាស់​ដើម្បី​ផ្តល់​លទ្ធភាព​សម្រាប់​អ្នក​បន្តវេន​ក្នុង​អាណត្តិ​រាជ​រដ្ឋាភិបាល​ថ្មី​៕