ភ្នំពេញៈ ​លោក​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែងថា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នកជំនាញ​ទេសចរណ៍​មាន​សារៈសំខាន់​ខ្លាំងណាស់ ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ខណៈដែល​កន្លងទៅ​ក្រសួង​សម្រេចបាន​សមិទ្ធផល​ជា​ច្រើន​ផ្នែក​ការបណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​នេះ​។​

​លោក ថោង ខុន​ថ្លែង​បែបនេះ នៅក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​បច្ចុប្បន្នភាព​សមិទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍ (MRATP) កាលពី​ថ្ងៃទី​ ១៤ ខែសីហា ដោយ​លោក​បញ្ជាក់ថា ការងារ MRATP ដែល​ធ្វើការ​ពាក់ព័ន្ធ​ការបណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អាស៊ាន គឺ​បានសម្រេច​សមិទ្ធផល​ជាច្រើន​នៅក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៦​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ការអនុវត្ត​ការ​ងារ របស់​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ នៅក្នុង​រាជ​​រដ្ឋាភិបាល​អាណត្តិ​ទី​ ៦ បើទោះជា​មាន​ភាពរអាក់រអួល​ដោយ​សារ​តែ​វិបត្តិ​កូ​វីដ​១៩​យ៉ាងណាក្តី ក៏មាន​សមិទ្ធផល​មួយចំនួនធំ គឺ​បានធ្វើការ​សម្រេចបាន​នៅក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អាស៊ាន​»​។​

​លោក​បន្តថា ក្រសួងទេសចរណ៍​កម្ពុជា បាន​ដឹកនាំ​រៀបចំ​ស្តង់ដា​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​ស្ប៉ា និង​សុខុមាលភាព​អាស៊ាន​, ការងារ​ដឹកនាំ​រៀបចំ​គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​ការវាយតម្លៃ​ការសិក្សា​ពីមុន ​(RPL),​ការងារ​សម្របសម្រួល​រៀបចំ​គោល​កា​រណ៍​ណែនាំ​ស្តីពី​អនាម័យ និង​សុវត្ថិភាព​ដល់​អ្នកជំនាញ​ទេស​ចរណ៍​។ លោក​បន្តថា សហគមន៍​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​អាស៊ាន​, ការងារ​បង្កើតឱ្យមាន​តែម​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​​ការ​សម្រាប់​អាស៊ាន និង​ការងារ​រៀបចំ​កម្មវិធី​សិក្សាអប់រំ​បច្ចេក​ទេស​មធ្យមសិក្សា​ទុតិយភូមិ​ផ្នែក​ទេសចរណ៍ និង​ការងារ​សហ​ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​អ្នកជំនាញ​ទេសចរណ៍​រវាង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត​។​

​លោក​បញ្ជាក់ថា​៖ «​បទ​ពិ​សោ​ធន៍​នៃ​ការកសាងរ​ចនាស​ម្ព័​ន្ធ​មូលដ្ឋាន​ការបណ្តុះបណ្តាល​ជំនាញ​ទាំងនេះ​នឹង​ត្រូវបាន​យកទៅអនុវត្ត​ដោយ​សាលា​ជាតិ​​ទេសចរណ៍ ដែល​ក្រសួង​ទេស​ចរណ៍​កំពុងតែ​សាងសង់ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គ​ការ AFD របស់​ប្រទេស​បារាំង ហើយ​សង្ឃឹមថា នឹង​អាច​ដំណើរ​ការ​ក្នុង​ដើម​អាណត្តិ​ទី​ ៧ ​រាជ​រដ្ឋា​ភិ​បាល​នេះ​»​។ លោក​បន្ថែមថា ជាក់ស្តែង​ណាស់ ការងារ​អភិវឌ្ឍន៍​ជំរុញ​វិស័យ​ទេសចរណ៍ ឱ្យមាន​ការរីកចម្រើន គឺ​ត្រូវការ​ចាំបាច់​អ្នកជំនាញ​ទេសចរណ៍​មក​ធ្វើការ ពោលគឺ​បើ​គ្មាន​អ្នកជំនាញ​ទេស​ចរណ៍​ធ្វើ​ការងារ​នោះ វិស័យ​ទេសចរណ៍​មិនអាច​រីកចម្រើន​បានទេ​។

​ដោយបាន​ចូលរួម​នៅក្នុង​កិច្ច​​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេស​ច​ណ៍​នេះដែរ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទី​ភ្នា​ក់​ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៥ ខែសីហា​ថា ការ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​បង្កើន​សមត្ថ​ភាព​បន្ថែម​ជា​ពិសេស​ការបណ្តុះបណ្តាល​ដល់​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ផ្អាក​ការងារ​ដោយសារ​វិបត្តិ​កូ​វីដ​ត្រូវតែ​ពង្រឹងសមត្ថភាព​ឡើងវិញ​។​

​លោកស្រី​ថា​៖ «​យើង​ឃើញថា ក្រោយពី​ស្ថានភាព​កូ​វីដ​ ១៩ បាន​ធូរស្រាល ក្រសួងទេសចរណ៍ និង​សមាគម​បាន​សហការគ្នា បើក​វគ្គ​បណ្តុះបណ្តាល​ជាច្រើន ទាក់​ទង​នឹង​ជំនាញ​ទេសចរណ៍ ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន ដើម្បីឱ្យ​គាត់​ពង្រឹងសមត្ថភាព​ឡើងវិញ ជាពិសេស​ការសិក្សា​ពី​ជំនាញ​ថ្មីៗ​ទាក់ទង​នឹង​កា​រប​ដិ​ស​ណ្ឋា​រ​កិច្ច ដែល​ឱ្យ​គាត់​យកទៅ​ប្រើប្រាស់ នៅពេល​ស្ថានភាព​ទេសចរណ៍​ក្នុង​សកលលោក ក៏ដូចជា​កម្ពុជា វិល​មក​ភាព​ប្រ​ក្រ​តី​ឡើងវិញ​»​។​

​បើតាម​ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ គណៈកម្មការ​គ្រប់គ្រង​គម្រោង​ហូ​កា បានធ្វើ​ការបណ្តុះ​បណ្តាល​យុវជន យុវនារី​កម្ពុជា អ្នកគ្រប់គ្រង និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​បាន​ជាង​ ៣ ០០០​ នាក់​នៅតាម​ខេត្ត​គោលដៅ​ចំនួន ១០ រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះ​​វិហារ មណ្ឌលគិរី រតនគិរី ពោធិ៍​សាត់ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មាន​​ជ័យ និង​បន្ទាយមានជ័យ​៕