បាត់ដំបងៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីនកម្ពុជា ​(​ស៊ី​ម៉ាក់) ​និង​អង្គ​ការ​ជប៉ុន បាន​​ចុះ​អនុ​ស្ស​រ​ណៈ​យោគ​យល់​គ្នា​លើ​គម្រោង «​បោស​សម្អាត​មីន​តោ​ន​​តាម​សហគមន៍​» ក្នុង​ខេត្ត​បាត់​ដំបង ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមា​ណ​ចំនួន ៤៣ ៧១៤ ដុល្លារ​​ ដើម្បី​រួ​ម​​ចំណែក​លើក​កម្ពស់​សកម្ម​ភាព​សេដ្ឋ​កិច្ច​សង្គម​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។

ការ​ចុះ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ កាលពី​​ថ្ងៃ​ទី​១៥ ខែ​សីហា​ ដែល​មាន​លោក​ហេង រតនា អគ្គ​នាយក​អង្គ​ភាព ស៊ី​ម៉ាក់ (CMAC) រួម​ជា​មួយ​លោក Takayama Ryoj ប្រធាន​អង្គ​ការ​ IMCCD ចូលរួម​​​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​លើ​គម្រោង​នេះ។

យោងតាម​អង្គភាព ស៊ីម៉ាក់ បាន​ឱ្យដឹងថា គម្រោង​ «​បោស​សម្អាត​មីន​តោន​តាម​សហគមន៍​»នេះ ​មាន​រយៈ​​ពេល ១​ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុ​វត្ត​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០​២៤ ខណៈ​ដែល​គម្រោង​នេះមាន​ផែន​ការ​បោស​សម្អាត​ផ្ទៃ​ដី​ចម្ការ​មីន​តោន​ស្ថិត​ក្នុង​ខេត្ត​បាត់​ដំបង​។ ​

ប្រភព​ដ​ដែល​បាន​ឱ្យ​ដឹង​ទៀត​ថា គម្រោង​នេះ មាន​ការ​គាំ​ទ្រ​ដោយ​អង្គ​ការ​មិន​រក​ប្រាក់​ចំណូល​របស់​ជប៉ុន (Japan Non-Profit Organization (NPO) ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ៤៣ ៧១៤ដុល្លារ​សហ​រដ្ឋ​អា​មេរិក ​ដើម្បី​លើក​កម្ពស់​សកម្ម​ភាព​សេដ្ឋ​កិច្ច​សង្គម​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្រោយ​បោស​សម្អាត​មីន​ក្នុង​ខេ​ត្ត​បាត់​ដំបង​។

អង្គ​ភាព​ស៊ី​ម៉ាក់ បាន​បញ្ជាក់​ថា ៖ «គម្រោង​នេះ​ដែរ គឺ​បាន​ផ្ដោត​សំខាន់​លើ​ការ​បោស​សម្អាត​គ្រាប់​មីន​ប្រ​ឆាំង​មនុស្ស និង​សំណល់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ជា​ពិសេស​ការ​បោស​សម្អាត​គ្រាប់​មីន​ប្រឆាំង​រថ​​ក្រោះ​​»។

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជាបាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​ចុះ​អនុ​ស្សរ​ណៈ​យោ​គ​យល់​គ្នា​ជា​មួយ​អង្គ​ការ​របស់​ជប៉ុន​លើ​គម្រោង «​បោស​សម្អាត​មីន​តោន​តាម​សហគមន៍​» ដែល​កិច្ច​សហ​កា​រ​គ្នា​នេះ វា​គ្រាន់​តែ​ជា​រូប​ភាព​តូច​មួយ​ក្នុង​ការ​គាំ​ទ្រ​តែ​ក្រុម​ដោះ​មីន​តោន ដែល​មាន​ថវិកា​ប្រមាណ​ចំនួន៤៣ ៧១៤ដុល្លារសម្រាប់​អនុវត្ត​រយៈ​ពេល ១​ឆ្នាំប៉ុណ្ណោះ​។

លោក​បន្ត​ថា គម្រោង​នេះ​ដែរ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ឃុំ​តាសែន ស្រុក​កំរៀង ក្នុង​ខេត្ត​បាត់​ដំបង ពីព្រោះ​ឃុំ​តា​សែន​ ជា​​ឃុំ​ដាច់​ស្រយាល ហើយ​ជា​ឃុំ​ដែល​មាន​បញ្ហា​គ្រាប់​មីន​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា​។

លោក​ ហេង រត​នា មានប្រសាសន៍​​ថា​៖ «​សម្រាប់​អត្ថ​ប្រយោជន៍​នៃ​គម្រោង​ហ្នឹង គឺ​បាន​ជួយលើ​​ការ​ងារ​បោស​សម្អាត​គ្រាប់​មីន​តោន ជា​ពិសេស​ជួយ​ស្វែង​រក​ព័ត៌​មាន​នៃ​គ្រាប់​មីន​តោន​ដែល​បន្សល់​ទុក​ពី​សម័យ​សង្រ្គាម​នៅ​តំបន់​មួយ​ចំនួន​ទៅ​តាម​អាទិភាព​ចាំ​បាច់ ខណៈ​ព័ត៌​មាន​ទាំង​នោះ​នឹង​ត្រូវ​បាន​ផ្ដល់​ដល់​កង​កម្លាំ​ង​ធំ​របស់​យើង ដើម្បី​ចូល​រួម​ជួយ​បោស​សម្អាត​មីន​តោន​ឱ្យ​អស់​ពី​ឃុំ​នេះ​ផង​ដែរ​»​។

លោកបាន​​បន្ថែម​ថា ទោះ​បី​ជា​គម្រាង​នេះ​មាន​ទំហំ​តូច​ក្ដី ប៉ុន្តែ​តាម​បទ​ពិសោធន៍​ក្នុង​កិច្ច​សហ​ការ​គ្នា​កន្លង​ម​ក​​ឃើញ​ថា ​មាន​ចំណុច​កំពុង​ប្រឈម​មួយ​ចំនួន ត្រូវ​បាន​គម្រោង​នេះ​​ចូល​រួម​ជួយ​ដោះ​ស្រាយ និង​កាត់​ប​ន្ថយ​រាល់​ការ​លំបាក​របស់​អង្គ​ភាព​ស៊ី​ម៉ាក់​៕