​ភ្នំពេញៈ ​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា កម្ពុ​ជាមាន​សន្តិសុខ​ស្បៀង​គ្រប់​គ្រាន់​ដែល​អាច​បោះជំហាន​ទៅមុខ​បន្តទៀត​ក្នុងការ​ជំរុញ​ការ​​អភិវឌ្ឍ​ស្តង់ដា​ម្ហូបអាហារ​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​អ្នក​ផលិត​។​

​ការអះអាង​បែបនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ១៦ ខែសីហា ក្នុង​ទិវា​សុវត្ថិភាព​ម្ហូបអាហារ​​ពិភពលោក​នៅ​កម្ពុជា​ដែលមាន​ភាគី​ពាក់ព័ន្ធ​ពី​វិស័យ​កសិកម្ម ស្បៀងអាហារ និង​អាហារូបត្ថម្ភ​ជិត ​៣០០​ នាក់ បាន​ជួប​ពិភាក្សាគ្នា និង​ស្វែងរក​ដំណោះស្រាយ​ក្រោម​ប្រធានបទ “​ស្តង់ដា​ម្ហូប​អាហារ​ជួយសង្គ្រោះ​ជីវិត​” ក្នុងការ​ជំរុញ​សកម្មភាព​នានា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ម្ហូបអាហារ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក ឌិ​ត ទីណា បាន​អះអាងថា កម្ពុ​ជាមាន​សន្តិសុខ​ស្បៀង​គ្រប់គ្រាន់​ដែល​អាច​ចាប់ផ្តើម​បោះជំហាន​ទៅមុខ​បន្តទៀត​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ស្តង់ដា​ម្ហូបអាហារ​។ លោក​បាន​បន្តថា ការសម្រេចបាន​ស្តង់ដា​ម្ហូបអាហារ គឺ​មានន័យថា បាន​ចូលរួម​បញ្ឈប់​បញ្ហា​ប្រឈម​សុខ​ភាព​សាធារណៈ​នៅ​ទូទាំង​តំបន់​រួមទាំង​កម្ពុជា​ផងដែរ ព្រោះ​ម្ហូប​អាហារ​ដែល​គ្មាន​សុវត្ថិភាព គឺ​បង្ក​ជា​ជំងឺ និង​វិបត្តិ​សាធារណៈ​ជាច្រើន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​ប្ដេជ្ញា​លើកកម្ពស់​របប​អាហារ​សុខភាព​សម្រាប់​ទាំងអស់គ្នា តាម​អភិក្រម​ពហុ​វិស័យ ​(multisector approach)​ ដើម្បី​ធ្វើឱ្យមាន​របប​អាហារ​សុខភាព និង​អាហារ​សុវត្ថិភាព​ងាយស្រួល​អាច​រកបាន មានតម្លៃ​សមរម្យ និង​ឆ្លើយតប​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​»​។​

​យ៉ាងណាក្ដី លោក ឌិ​ត ទីណា បាន​សង្កត់ធ្ងន់ថា កិច្ចការ​នេះ​អាច​ទទួលបាន​ជោគជ័យ​ គឺ​ត្រូវមាន​កិច្ចសហការ​ពី​អ្នកពាក់ព័ន្ធ​ឱ្យចូល​​រួម​ដោយស្មោះ​ស្ម័គ្រ ជាពិសេស​អ្នក​ផលិត​ដើម្បី​បង្កើន​ការយល់ដឹង និង​បញ្ហា​អនាម័យ ខណៈ​បច្ចុប្បន្ន​ការផលិត​កែច្នៃ​ផលិតផល​ម្ហូបអាហារ​នៅតែមាន​បញ្ហា​ចោទ​អំពី​សុវត្ថិភាព និង​អនាម័យ បើទោះជា​មាន​ភាពប្រសើរ​បន្តិច បើ​ប្រៀប​​ធៀប​នឹង​អតីតកាល​ក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​មាន​សន្តិសុខ​ស្បៀង​គ្រប់គ្រាន់​។ អ៊ីចឹង​គឺជា​ឱកាសល្អ​ណាស់ ដែល​យើង​ប្រារព្ធ​ខួប​លើក​ទី​២ (​ទិវា​សុវត្ថិ​ភាព​ម្ហូបអាហារ​ពិភពលោក​)​ ដែលជា​ដំណើរ​ចាប់ផ្តើម​។ យើង​គួរតែ​ដើរ​តាម​អភិក្រម​ពហុ​វិស័យ និង​ជាក់ស្តែង​និយម ទើប​ដំណើរការបាន​ជោគជ័យ​។ អ្វីដែល​យើង​ត្រូវការ​ចាំបាច់​គឺ​គោ​លន​យោ​បាយ​តាម​ស្ថានការណ៍​ជាក់ស្តែង​ដើម្បី​នាំ​ផលិតកម្ម​ទាំងនេះ​គ្រប់​វិស័យ​ទាំងអស់​ឱ្យ​ដើរ​តាមផ្លូវ​នៃ​សុវត្ថិភាព​ម្ហូបអាហារ​»​។​

​តាម​សេចក្តីប្រកាស​រួម​ស្តីពី​ទិវា​សុវត្ថិភាព​ម្ហូបអាហារ​ពិភពលោក​ ២០២៣ បានឱ្យដឹងថា ជំងឺ​បណ្តាលមកពី​ម្ហូបអាហារ​នៅតែ​ជា​បញ្ហា​ប្រឈម​សុខភាព​សា​ធា​​រណៈ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ នៅ​ចន្លោះ​ឆ្នាំ​ ២០១០-២០១៥ ជាង​ពាក់​​កណ្តាល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ដែល​បាន​រាយការណ៍​គឺ​បណ្តាលមកពី​ការពុល​អាហារ​ឬ​រោគ​រាករូស​។

​លើសពីនេះទៅទៀត នៅ​ចន្លោះ​ឆ្នាំ​ ២០១៤-២០១៩ ការផ្ទុះ​ជំងឺ​​ឆ្លង​បង្កដោយ​ម្ហូបអាហារ​ចំនួន​ ១៣៤​ ករណី​ត្រូវបាន​រកឃើញថា កើតឡើង​ដោយសារ​កង្វះ​ការ​ប្រតិ​ប​ត្តិ​អនាម័យ​ខ្ជាប់ខ្ជួន​ពិសេស​អំឡុងពេល​រៀបចំ​ទុកដាក់​អាហារ ការគ្រប់គ្រង​កម្រិត​សីតុណ្ហភាព​ម្ហូបអាហារ​មិនបាន​ត្រឹមត្រូវ ការឆ្លង​រាលដាល​ពី​ ១​ ទៅ ​១ និង​ការ​ប្រើប្រាស់​គ្រឿងផ្សំ​ម្ហូបអាហារ និង​ប្រភពទឹក​មិន​ស្អាត​។

​លោក ​អ៊ុំ កុសល ឧបការី​តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ ​(FAO)​ ប្រចាំ​កម្ពុជា បាន​ថ្លែងថា សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​ចម្បង​របស់​ភាគី​ទាំងអស់​ដែល​ធ្វើការ​ក្នុង​ខ្សែ​ចង្វាក់​អាហារ គិត​ចាប់ពី​អ្នក​ផលិត អ្នក​កែច្នៃ ស្ថាប័ន​គ្រប់គ្រង​ម្ហូប​អា​ហារ ម្ចាស់​អាជីវកម្ម​រហូត​ដល់​អ្នកប្រើប្រាស់​។​

​លោក​ថា​៖ «​ការជួបជុំ​នេះ គឺជា​សញ្ញា​នៃ​ការទទួលស្គាល់​ចំពោះ​អត្ថប្រយោជន៍​ភាពជា​ដៃគូ និង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស្អិតល្មួត​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​តាម​ខ្សែចង្វាក់​តម្លៃ​ចាប់តាំងពី​ការផលិត​នៅ​ក​សិ​ដ្ឋា​ន​រហូតដល់​អាហារ​នៅលើ​តុ​»​។​

​លោក​ យន់ សំណាង ម្ចាស់​អាជីវកម្ម​កែច្នៃ​ម្ហូបអាហារ​ ១ ​កន្លែង​នៅ​ខេត្តសៀមរាប​ដែល​បាន​ដំណើរ​ការប្រមាណ ​២០ ​ឆ្នាំ បាន​ថ្លែងថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ និង​សារប្រយោជន៍​នៃ​ការប្រកួតប្រជែង​លើ​ទីផ្សារ និង​តម្រូវការ​របស់​អ្នក​​ប្រើប្រាស់ លោក​បាន​ផ្លាស់ប្តូរ​ពី​ការកែច្នៃ​តាមបែប​ប្រពៃណី​មក​កែច្នៃ​តាម​លក្ខណៈ​ស្តង់ដារ​ហូត​មានការ​ទទួលស្គាល់​សុវត្ថិភាព​ម្ហូបអាហារ​ពី​អ្នកប្រើប្រាស់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កាល​មុន​យើង​មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុងការ​កែច្នៃ​លក្ខណៈ​គ្រួសារ ហើយ​អត់​សូវ​មាន​គេ​ចាប់អារម្មណ៍​ពី​ផលិតផល​យើង​ទេ​។ យើង​ឃើញ​ប្រជាជន​ឥឡូវនេះ គាត់​យល់ដឹង​ច្រើន​ពី​សុវត្ថិភាព​ចំណីអាហារ​។ អ៊ីចឹង​បាន​យើង​ខំ​ផលិត​របស់​យើង​ឱ្យមាន​សុវត្ថិភាព​ហើយ​ទីផ្សារ​យើង​ឥឡូវ​ខ្ពស់ជាង​មុន​ឆ្ងាយ​ណាស់ »​។​

​លោក​ យន់ សំណាង បាន​អះអាងថា បរិបទ​បច្ចុប្បន្ន​ការ​ផលិត​កែច្នៃ​ម្ហូបអាហារ ដែល​គ្មាន​ស្តង់ដា​អនាម័យ ​គឺ​លែង​ជាទី​ពេញ​និយម​របស់​អ្នកប្រើប្រាស់​ទៀតហើយ ដែល​ទាមទារ​ឱ្យ​អ្នក​ផលិត ត្រូវ​គិតគូរ​ធ្វើ​បច្ចុប្បន្នភាព និង​បំ​ពេញ​តាម​លក្ខខណ្ឌ​ស្តង់ដា​។ លោក​សុខ ណារិន តំណាង​អង្គការសហ ប្រជាជាតិ​ដើម្បី​អភិ​វឌ្ឍន៍​ឧស្សាហកម្ម​ (UNIDO) បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ក្នុងការ​ពង្រឹង​ស្តង់ដា​វិស័យ​ម្ហូប​អា​​ហារ​នៅ​កម្ពុជា​។ លោ​កថា ​ឧស្សា​ហ​កម្ម​កែច្នៃ​ម្ហូបអាហារ​របស់​កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​។

​លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​បាន​ខិតខំ​ពង្រឹង​សុវត្ថិភាព និង​ស្តង់ដា​ម្ហូបអាហារ​ស្របពេល​ដែល​ប្រទេស​នេះ កំពុង​បោះជំហាន​ចូលទៅក្នុង​ទីផ្សារ​ពិភពលោក​។ បច្ចុប្បន្ន​យើង​កំពុង​ជួយ​ចងក្រង​ក្របខ័ណ្ឌ​ច្បាប់ និង​ប្រព័ន្ធ​ត្រួត​ពិ​និត្យ​ម្ហូបអាហារ​ជាច្រើន​តាមរយៈ​ការកសាង​សមត្ថភាព ​ដើម្បី​ធានាបាន​ស្តង់ដា​ម្ហូបអាហារ​កាន់តែ​ប្រសើរ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​សុខភាព​សាធារណៈ​»៕