​ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​៣ បាន​បើក​កិច្ចពិភាក្សា​ពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយ​​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិត​​ផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៤ នា​ថ្ងៃទី​ ១៦ ខែសីហា ប៉ុន្តែ​មិនទាន់​បានកំណត់​តួលេខ​ដើម្បី​ពិភាក្សាគ្នា​នៅឡើយ​ទេ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា កិច្ចពិភាក្សា​នឹងធ្វើ​ឡើង​ ៦ ​ដង​ទៀត ខណៈដែល​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ជា​ផ្លូវ​ការ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ​២ ខែតុលា ឆ្នាំ​ ២០២៣ មុន​បុណ្យ​ភ្ជុំបិណ្ឌ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា ដោយសារតែ​ឆ្នាំនេះ កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ទើប​ការពិភាក្សា​លើ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​មានការ​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​គឺ​មិន​អាក់ខាន​នោះទេ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ការពិភាក្សា​ថ្ងៃនេះ មានការ​ចូលរួម​ពី​គ្រប់ភាគី​ទាំង​​ ៣ ដោយ​ភាគី​ទាំងអស់​បាន​ស្តាប់​នូវ​បទ​​បង្ហាញ​ស្តីពី​ទិន្នន័យ​ទាក់ទង​នឹង​លក្ខណៈវិនិច្ឆ័យ​ទាំង​ ៧ ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម សម្រាប់​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ ២០២៤ ដើម្បី​ជា​ធាតុ​ចូល​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទៅពិនិត្យ​ពិចារណា សម្រាប់​ជំហរ​រៀងខ្លួន​»​។​

​លោក អ៊ិត សំហេង បាន​បន្តថា ភាគី​នីមួយៗ មិនទាន់​បានកំណត់​នូវ​តួលេខ និង​ជំហរ​ណាមួយ​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ២០២៤ នៅឡើយ​ទេ ប៉ុន្តែ​ភាគី​បានកំណត់​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​ ២៨ ខែសីហា ដើម្បី​កំណត់​តួលេខ​។ ទោះជា​យ៉ាងណា លោក​ក៏​មិនទាន់​បញ្ជាក់​ពី​ប្រាក់​ដែល​នឹងត្រូវ​ដំឡើង​នោះទេ ដោយ​អះអាងថា ការដំឡើង​ក្នុង​កម្រិត​ប៉ុន្មាន​នោះ មិនទាន់​ច្បាស់​នៅឡើយ ដោយ​ត្រូវ​ពិនិត្យ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នូវ​អ្វីដែល​ផលប្រយោជន៍​រួម គឺ​និរន្តរ​ភាព​ការងារ ហើយ​បើ​លទ្ធភាព​ដែល​អាច​ដំឡើង​បាន កាន់តែ​ល្អ​សម្រាប់​កម្មករនិយោជិត​។​

​លោក ណា​ង សុធី អនុ​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក បាន​ប្រាប់ឱ្យដឹង​ដែរ​ថា បើទោះបីជា​បច្ចុប្បន្ន មាន​រោងចក្រ​ជាង​ ១០ ​ត្រូវបាន​បិទ និង​មានកម្ម​ករបាត់​បង់កា​រងារ​ជាង​ ២ ​ម៉ឺន​នាក់​ក៏ពិតមែន ប៉ុន្តែ​កិច្ចពិភាក្សា​ពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា នៅតែ​បន្ត​ធ្វើឡើង ដោយ​ភាគី​ទាំងអស់​នឹង​ពិភាក្សាគ្នា​បន្តទៀត ដើម្បី​កំណត់​ប្រាក់​ឈ្នួល ដែលមាន​ការឯកភាព​ទាំងអស់គ្នា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ភាពចាស់ទុំ ទាំង​ ៣ ​ភាគី ដែល​ឆ្លងកាត់​ការពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ជាច្រើន​ឆ្នាំ​មកហើយ​នោះ ជាមួយនឹង​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ថ្មី ប្រហែលជា​ងាយ​​ស្រួល និង​មាន​ភាព​រីករាយ​ទាំងអស់គ្នា​។​យើង​ក៏​រង់​ចាំមើល​ដែរ​ថា​តើ​នឹងមាន​ការបន្ថែម​ប្រាក់​ឈ្នួល​លើ​ការកំណត់ ដូច​សម្តេច​ធ្លាប់ធ្វើ​កន្លងមក​ឬ​យ៉ាងណា ដោយ​យើង​គាំទ្រ​រាល់​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​»​។​

​លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា ថ្លែងថា ឆ្នាំនេះ ការបញ្ជាទិញ​មានការ​ធ្លាក់ចុះ​ច្រើន នៅក្នុង​វិស័យ​កាត់ដេរ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប ដូច្នេះ​មិនគួរ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត គួរតែ​បន្ត​រក្សា​ប្រាក់​ឈ្នួល​អប្ប​បរមា​ដដែល​។​

​លោក​បាន​ប្រាប់ថា​៖«​ខ្ញុំ​គិតថា ការបញ្ជាទិញ​យើង​មានការ​ធ្លាក់ចុះ​ឆ្នាំនេះ ដូចនេះ​គួរ​កុំ​ទាន់​មានការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត​អី ព្រោះ​ខ្លាច​ប៉ះពាល់​ការវិនិយោគ​ថ្មីៗ ដោយ​សារ​តែ​ប្រាក់​ឈ្នួល​របស់​យើង​បច្ចុប្បន្ន គឺ​ខ្ពស់​ស្រាប់​ហើយ បើ​ធៀប​នឹង​វៀតណាម និង​បង់​​ក្លា​ដែ​ស​ជាដើម​។ តែ​យើង​គាំទ្រ​ឱ្យមាន​ការដំឡើង​វិញ នៅពេល​ស្ថានភាព​សេដ្ឋកិច្ច​បានល្អ​ប្រសើរ និង​ការបញ្ជាទិញ​វិល​មក​សភាព​ធម្មតា​វិញ​»​។​

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC)​ ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា នៅ​ឆ្នាំនេះ ភាគី​ទាំងអស់ មិនទាន់​បានកំណត់​តួ​លេខ​ច្បាស់លាស់​នៅឡើយ ដោយ​បន្ទាប់ពី​ទទួល​របាយ​​ការណ៍​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ហើយ ភាគី​នីមួយៗ​នឹង​យកទៅ​ពិភាក្សាគ្នា​រៀងខ្លួនៗ​សិន​។​

​លោក​ថា​៖«​នឹងមាន​កិច្ចប្រជុំ​ចំនួន​ ៦ ​ដង​ទៀត​។​ខ្ញុំ​គិតថា​យើង​នៅតែ​មានឱកាស​ឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត ដោយ​សារ​តែ​ប្រទេស​យើង​មាន​សក្តា​នុព​ល​ក្នុង​ការនាំចេញ​ក្នុង​វិស័យ​កាត់ដេរ​នេះ ខណៈដែល​ការចំណាយ​លើ​សេវា​នានា​ដូចជា ប​.​ស​.​ស នៅ​ទាប​នៅឡើយ ហើយ​ប្រាក់​ឈ្នួល​មិនទាន់​ជា​ខ្ពស់​ជាងគេ​ក្នុង​តំបន់ បើទោះបីជា​ការនាំចេញ​ ២ ​ខែ​ចុងក្រោយ​មានការ​ធ្លាក់ចុះ តែ​មិនមាន​សញ្ញាណ​អាក្រក់​នោះទេ​»​។​

​លោក អាត់ ធន់ ថ្លែង​ដោយ​ទទួលស្គាល់ថា ស្ថានភាព​វិស័យ​កាត់ដេរ​ក្នុងឆ្នាំនេះ ពិតជា​មិនសូវ​ល្អ​មែន ដោយសារតែ​ក្នុង​រយៈពេល​ ៨ ​ខែ​ឆ្នាំនេះ មាន​រោងចក្រ​បិទ និង​ផ្អាក​បណ្តោះ​អាសន្ន​ច្រើន​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ទោះជា​យ៉ាងណា ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ថា រោងចក្រ​កើត​ថ្មីៗ នឹងមាន​បង្កើត​ច្រើន​ដែរ តែ​វា​នៅក្នុង​ការលំបាក​។ ​«​រឿង​មួយ​ដែល​ពិបាក​ជាងគេ គឺ​និយោជក តែងតែ​មិន​ចង់ឱ្យមាន​ការបង្កើន​ប្រាក់​ឈ្នួល ដោយសារតែ​មិនសូវមាន​ការងារ​ធ្វើ​តែ​យ៉ាងណាមិញ ខាង​សហ​​ជីព​នៅតែ​ជឿជាក់ នៅ​ឆ្នាំ​ ២០២៤ ​នឹងមាន​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សមស្រប​មួយ សម្រាប់​កម្មករនិយោជិត​យើង​»​។​លោក អាត់ ធន់ បញ្ជាក់បន្ថែម​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​បញ្ជាក់ថា ក្រុម​ប្រឹក្សាជាតិ​នឹង​រៀបចំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ទៀត គឺ​ធ្វើ​នៅ​ថ្ងៃទី​ ២៨ ខែសីហា និង​ក្នុង​ខែកញ្ញា ថ្ងៃទី ​៤ ថ្ងៃទី​ ១១ ថ្ងៃទី​ ១៨ ថ្ងៃទី ​២៥ និង​ចុងក្រោយ​គឺ​នៅ​ថ្ងៃទី​ ២ ខែតុលា ឆ្នាំ​ ២០២៣៕