ភ្នំពេញៈ​ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ លោក​ស្រី​ ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) បាន​លើក​ឡើង​ថា ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ការត​ភ្ជាប់ និង​កិច្ច​សហប្រ​តិបត្តិ​ការ​វប្បធម៌​ និង​ប្រជា​ជន​នៅតែ​ជា​អាទិ​ភាព​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌា ​ហើយ​ការ​ផ្លាស់ប្តូ​រ​ធុរកិច្ច​ក្នុង​វិស័យ​ផ្សេងៗ​ត្រូវ​បាន​ត្រៀម​ជាស្រេច​ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​។

​លោក​ស្រី​បាន​អះ​អាង​បែប​នេះ ​នាឱកាស​ដែល​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ប្រារព្ធ​ខួប​លើក​ទី​៧៧ នៃ​ទិវា​ឯក​រាជ្យ​ជាតិ​នៃ​សាធា​រណរដ្ឋ​ឥណ្ឌា​ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ឥណ្ឌា​នៅ​កម្ពុជា​ យ៉ាង​ច្រើន​កុះ​ករ​ រួមជា​មួយ​ឥស្សរ​ជន​ជាន់​ខ្ពស់​កម្ពុជា ​ជា​ច្រើន​រូប ​ខណៈ​ឆ្នាំ​២០២៣​នេះ​ ជា​ខួប​លើក​ទី​៧០ នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​។​

​ការ​ប្រារព្ធ​ពិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃទី​១៥​ ខែសីហា ឆ្នាំ​២០២៣ ​ក្នុង​បរិ​វេណ​ស្ថាន​ទូត​ឥណ្ឌា​នៅ​កម្ពុជា​ សម្រាប់​វេលា​ព្រឹក និង​ពិធី​ទទួល​បដិ​សណ្ឋារ​កិច្ច​នៅ​សណ្ឋា​គារ​ ១ កន្លែង ​នៅ​រាជ​ធា​នីភ្នំពេញ ​សម្រាប់​វេលា​ល្ងាច​។

កម្មវិ​ធី​នេះ​ក៏មាន​ការ​ចូល​រួម​ពី​ឥស្ស​រជន​ខ្មែរ​ជា​ច្រើន​រូប​រួមមាន ​លោក ​ប៉ាន​ សូរ​ស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក​អៀង​ មូលី ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​លោក​លី ធុជ ទេស​រដ្ឋមន្ត្រី​អនុ​ប្រធាន​ទី ១ ​អាជ្ញា​ធរ​មីន ​លោក​ឈិ​ត សុខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សា​សនា និង​ឥស្សរ​ជន​ខ្មែរ​ជាច្រើន​រូប​ទៀត​ ព្រម​ទាំង​វត្ត​មាន​ឯក​អគ្គរាជ​ទូត ​អង្គ​ទូត​នៃ​បណ្តា​ស្ថាន​ទូត​នានា​ផង​ដែរ​។ ក្នុង​នោះ​ក៏មាន​ពលរដ្ឋ​ឥណ្ឌា​ជាង​ ២៥០​នាក់ ​ផង​ដែរ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ពី​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​។​

​តាម​រយៈ​សេចក្តី​ប្រកាស​នេះ ​លោក​ស្រី​ ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ​ បាន​លើក​ឡើង​ពី​សមិទ្ធ​ផល​នានា​​ដែលកើ​តចេ​ញពី​​ទំនា​ក់​ទំន​ង​កម្រិត​ខ្ពស់​រវាង​កម្ពុជា​ និង​ឥណ្ឌា ខ​ណៈពេ​លនេះបា​ន​ឈាន​ចូល​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ទ្វេ​ភាគី​។

លោក​ស្រី​បាន​បញ្ជាក់​ថា​៖«​ដំណើរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​២ ទាំង​ផ្នែក​នយោ​បាយ ការ​ពារ​ជាតិ និង​សភា ​បាន​ផ្តល់​កម្លាំង​រុញ​ច្រាន​ជាថ្មី​ដល់​ទំនាក់​ទំនង​ទ្វេភា​គី​នៃ​ប្រទេស​ទាំង​២ ។​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្ត្រ​របស់​ព្រះ​មហា​ក្សត្រ​កម្ពុជា​និង​ឯក​ឧត្តម ​ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​ប្រទេស​ឥណ្ឌា​»។

លោក​ស្រី​បាន​បន្ថែម​ថា ដំ​ណើរ​ទស្សន​កិច្ច​រប​ស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​២​ទៅ​វិញ​ទៅម​ក​នេះ​បាន​បើក​ទស្សន​វិស័យ​ថ្មី​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ ​និង​ពង្រឹង​ផ្នែក​ដែល​មាន​ស្រាប់​លើ​ការ​កសាង​សមត្ថ​ភាព ​ការ​អភិរក្ស​បេតិក​ភណ្ឌ និង​ការ​គាំទ្រ​ការ​អភិ​វឌ្ឍ​។

​លោក​ថុង ​ម៉េង​ដា​វិត អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធ​សាស្ត្រ​នៃ​វិទ្យា​ស្ថាន​ចក្ខុវិ​ស័យ​អាស៊ី ​(AVI) លើក​ឡើង​ថា ទំនាក់​ទំនង​កម្ពុជា​-​ឥណ្ឌា ​ជា​ទំនាក់​ទំនង​បែប​ប្រពៃ​ណី​និង​យុទ្ធ​សស្ត្រ ​ខណៈ​ប្រទេស​ទាំង​២​ បាន​ប្រកាស​គាំទ្រ​នយោ​បាយ​និង​ការ​ទូត​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រប​ខ័ណ្ឌ​មិន​ចូល​បក្ស​សម្ព័ន្ធ​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​។

​លោក​បាន​បន្ត​ថា​៖«​ឥណ្ឌា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ធន​ធានម​នុស្ស វិ​ស័យ​វប្បធម៌​និង​វិស័យ​ទេសចរ​ណ៍​ ដែល​វិស័យ​ទាំង​នេះ​ ត្រូវ​បាន​រដ្ឋាភិ​បាល​នៃ​ប្រទេស​ទាំង​២​ យក​ចិត្តទុក​ដាក់​ជា​ខ្លាំង​។ស្រប​តាម​បរិបទ​នៃការ​ប្រែ​ប្រួលល​ភូមិ​សាស្ត្រ​នយោបា​យ​និង​សន្តិសុខ​តំបន់​ កម្ពុជា​បាន​ចាត់​ទុក​ឥណ្ឌា​ជា​តួអង្គ​មួយ​សំខាន់​ក្នុង​កិច្ច​ការ​ថែរ​រក្សា​សណ្តាប់​ធ្នាប់​និង​ស្ថិរភាព​តំបន់​ក៏​ដូចជា​ជំរុញ​សកម្ម​ភាព​សេដ្ឋ​កិច្ច​តំបន់​ផង​ដែរ​»​។

​លោក​បានប​ន្ថែម​ថា ​ឥណ្ឌា​ បាន​ចាត់​ទុក​កម្ពុជា​ជា​រដ្ឋ​យុទ្ធ​សាស្ត្រ​សំខាន់​នៅក្នុង​តំបន់​សម្រាប់​ខ្លួន​ ដើម្បី​កសាង​ស្ពាន​សន្តិភា​ព ​វប្ប​ធម៌ ​និង​ការ​ដោះដូ​រ​រវាង​ប្រជា​ជន​អាស៊ាន ​និង​ឥណ្ឌា​។ លោ​កថា ​កម្ពុជា​​វិញ​តែង​សង្ឃឹ​មថា ​ឥណ្ឌា​នឹង​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច ​វិស័យ​អប់រំ​និង​បច្ចេក​វិទ្យា ក​សិកម្ម ​និង​ទេស​ចរណ៍​បន្ថែម​ទៀត​ក្រោម​ក្រប​ខ័ណ្ឌ​មេគង្គ​-​ហ្គាំ​ង​ហ្គា​ (Me​kong G​anga Cooperation)​។​

​ជា​មួយ​គ្នានេះ​ លោក ShiladityaBasu​ អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ​នៃ​ដេ​ប៉ា​ដឺ​ម៉​ង់​សិក្សា​អាស៊ី​អាគ្នេយ៍ ​និង​អាស៊ី​បូព៌ា​នៃ​សាកលវិ​ទ្យាល័យ ​Calcutta ​ប្រទេស​ណ្ឌា បាន​លើក​ឡើងដែរ​ថា កម្ពុជា​និង​ឥណ្ឌា​ មាន​ទំនាក់​ទំនង​ជា​យូរ​លង់​ផ្អែក​តាម​ទិដ្ឋ​ភាព​ប្រវត្តិ​សាស្ត្រ ដោយ​ប្រទេស​ទាំង​២មាន​​គ្រឹះ​វប្បធម៌​ស្រដៀង​គ្នាច្រើន​​ ជាពិ​សេស​​សព្វថ្ងៃ​​ព្រះ​ពុទ្ធ​សា​សនា​បាន​ដើរ​តួនាទី​ចងភ្ជាប់​ទំនាក់​ទំនង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២ ​ក៏ដូចជា​​ប្រាសាទ​បុរាណ​ដែល​ឧទ្ទិស​ដល់​អាទិ​ទេព​ក្នុង​សាសនា​ហិណ្ឌូ​ជា​ដើម។

បើ​តាម​លោក Shiladitya Basu​ សព្វថ្ងៃ​​ប្រទេស​ទាំង​២ មាន​កិច្ច​សហ​ប្រតិ​បត្តិការ​នឹង​គ្នា​ក្រោម​ក្រប​ខ័ណ្ឌ​មេគង្គ​-​ហ្គាំ​ង​ហ្គា ប៉ុន្តែ​ពាណិជ្ជ​កម្ម​ទ្វេភាគី​មិន​សូវ​មាន​ទំហំ​ច្រើន​ទេ ​ដោយ​ភាគ​ច្រើន​តាម​រយៈ​វិស័យ​វាយ​ន​ភណ្ឌ​ប៉ុណ្ណោះ​។​

លោក​បញ្ជាក់​ថា​៖«​ទិដ្ឋ​ភាព​មួយ ​ដែល​អាច​ជា​អត្ថ​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​២ គឺ​កា​រទូត​វប្បធម៌ ​ជាពិសេស​ការ​តភ្ជាប់រ​វាង​ប្រជា​ជន​និង​ប្រជាជន​។ វិស័យ​ទេសចរណ៍​អាច​ជា​រឿង​តែ១ គត់​ ដែល​អាច​ចង​ប្រទេស​ទាំង​២​ក្នុង​ការ​តភ្ជាប់​គ្នា​ និង​រក្សា​ទំនាក់​ទំនង​ការ​បរទេស​ឱ្យ​ល្អ​ប្រសើរ​»៕