ភ្នំពេញៈ ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង លោក តូច ឈួនសៅរិទ្ធ បានឱ្យដឹងថា គិតមកដល់ពេលនេះ ប្រជាជនប្រមាណ ៧០ ភាគរយ បានទទួលសេវាទឹកស្អាតពីអង្គភាពរដ្ឋាករទឹកបាត់ដំបង ខណៈរដ្ឋបាលខេត្តនេះ កំពុងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀតដល់តំបន់ដាច់ស្រយាល។

របាយការណ៍នេះត្រូវបានបង្ហាញឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គនាយក និងក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកបាត់ដំបង អាណត្តិទី១ កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ធ្វើឡើងក្រោមវត្តមានលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងអង្គភាពាក់ព័ន្ធ។

នាឱកាសនោះ លោក តូច ឈួនសៅរិទ្ធ ជាទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងនោះបានបង្ហាញឱ្យដឹងថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកបាត់ដំបង មានរោងចក្រផលិតទឹកស្អាតចំនួន២ទីតាំង និងមានសមត្ថភាពផលិតទឹកស្អាតបាន ៣៣ ៥២០ ម៉ែត្រត្រីគុណក្នុង១ថ្ងៃ មានបំពង់ទឹកស្អាតប្រវែង ៧៤៧ គីឡូម៉ែត្រ។លើសពីនេះ លោកថា អង្គភាពរដ្ឋាករទឹកបាត់ដំបង បានតតំណចូលផ្ទះសរុបចំនួន៣៤ ៧៣១តំណ ស្មើចំនួនគ្រួសារក្នុងតំបន់សេវាកម្ម ៥១ ០៩១ គ្រួសារ អត្រាប្រជាជនបានទទួលទឹកស្អាត ចំនួន ៦៨,៧៥% អត្រាគ្របដណ្ដប់តំបន់សេវាកម្មចំនួន៨៥,៨៦% ។

ទន្ទឹមគ្នានេះ លោកបានបញ្ជាក់បន្តថា៖« ដើម្បីសម្រេចគោលដៅរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ និងមានទស្សនវិស័យវែងឆ្ងាយនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺបានខិតខំប្រឹងប្រែងរកជំនួយអភិវឌ្ឍន៍វិស័យទឹកស្អាត ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដោយបានផ្ដល់ជូនអង្គភាពរដ្ឋាករទឹកបាត់ដំបង នូវគម្រោងទឹកស្អាត និងអនាម័យខេត្ត ដែលមានទឹកប្រាក់ប្រមាណ៣៣,៦ លានដុល្លារថែមទៀត»។

ទាក់ទិននឹងវិស័យទឹកស្អាតនេះដែរ នាឱកាសនោះ លោក ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង គឺមានផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅគ្រប់ទីប្រជុំជនឱ្យបាន ១០០% ក្នុងឆ្នាំ២០២៥ និងគោលដៅសហស្សវត្សរ៍ទឹកស្អាតជាសកលឱ្យបាន ១០០% នៅឆ្នាំ២០៣០។លោកថា សម្រាប់គោលនយោបាយនេះ គឺត្រូវការអនុវត្តផែនការដោយចាប់ផ្តើមពីទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ជាមុនដោយឈរលើបុរេលក្ខខណ្ឌ៤យ៉ាង គឺទឹកត្រូវតែមានគុណភាព សុវត្ថិភាព និរន្តរភាព និងមានតម្លៃសមរម្យ។

បន្ថែមពីនេះ លោក ចម ប្រសិទ្ធ បានបញ្ជាក់ដែរថា ចាប់ពីពេលនេះតទៅអគ្គនាយក និងក្រុមប្រឹក្សាភិបាល គឺមានភារកិច្ចជាច្រើនដែលត្រូវបំពេញចំពោះមុខដែលការធ្វើកំណែទម្រង់នេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការពង្រឹងចីរភាពរបស់អង្គភាពបង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងាររបស់អង្គភាព ដើម្បីឈានទៅសម្រេចនូវគោលនយោបាយទឹកស្អាត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖« អង្គភាពពាក់ព័ន្ធត្រូវមានភាពម្ចាស់ការកាត់បន្ថយការពឹងផ្នែកជំនួយហិរញ្ញវត្ថុពីថវិកាជាតិ បង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ ប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្ម ដើម្បីឈានទៅការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យធានាបានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល»។

រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំមកនេះ (២០១៨-២០២២) ខេត្តបាត់ដំបង មានគ្រួសារប្រជាពលរដ្ឋចំនួន ៩០,៣២% មានអគ្គិសនីប្រើប្រាស់។ ដោយឡែក ចំពោះតំបន់សេវាទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបងវិញ គិតមកដល់ពេលនេះ អនុវត្តការងារផ្គត់ផ្គង់ទឹកស្អាតបាន ០៣ ក្រុង-ស្រុក ស្មើនឹង១៦ ឃុំ-សង្កាត់ ស្មើនឹង ៨៥ ភូមិ ដែលជាដែនសេវាកម្មអាជ្ញាប័ណ្ណរបស់អង្គភាពដែលមានប្រជាជនទទួលបានសេវាទឹកស្អាត បាន ៦៨,៧៥% ។

ក្រៅពីអង្គភាពរដ្ឋាករទឹកបាត់ដំបង ខេត្តមានប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ២៤ កន្លែងទៀត នៅតាមបណ្ដាស្រុក ដែលកំពុងផ្តល់សេវាទឹកស្អាតជូនដល់ប្រជាពលរដ្ឋចំនួន ៤៥១ ភូមិ។

ពាក់ព័ន្ធនឹងវិស័យទឹកស្អាតនេះដែរ រដ្ឋបាលខេត្តក៏កំពុងធ្វើការពង្រីកការតភ្ជាប់ បណ្ដាញទឹកស្អាតបន្ថែមទៀតដល់មូលដ្ឋានភូមិ ឃុំ ជាពិសេសនៅតាមតំបន់ជនបទ៕