​ភ្នំពេញៈ ​គ្រូបង្រៀន​កម្ពុជា​ម្នាក់ អ្នកគ្រូ ហៃ ចរិយា ត្រូវបាន​គណៈ​កម្ម​ការវាយតម្លៃ​រប​ស់​មូលនិធិ​​ពានរង្វាន់ ​«​សម្ដេច​មហា​ចក្រី (PMCAF)​ ប្រទេស​ថៃ​» ​ជ្រើស​រើស​ឱ្យទទួល​ពានរង្វាន់​គ្រូ​បង្រៀន​ល្អ​អាស៊ាន លើក​ទី​៥ ឆ្នាំ​ ២០២៣​។​

​អ្នកគ្រូ ហៃ ចរិយា គឺជា​គ្រូបង្រៀន​ថ្នាក់​ទី​១២ ឯកទេស​គណិតវិទ្យា នៅ​វិទ្យាល័យ​សុខ​ ​អាន​សំរោង ក្នុងស្រុក​សំរោង ខេត្តតាកែវ​។ ពានរង្វាន់​គ្រូបង្រៀន​ល្អ​អាស៊ាន ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​​មហា​ចក្រី​សិរិ​ន​ថន នៅ​ឆ្នាំ​ ២០១៥​។ រៀងរាល់​ ២ ​ឆ្នាំ​ម្តង គណៈ​​កម្ម​ការវាយតម្លៃ​រប​ស់​មូលនិធិ PMCAF​បាន​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា ចាត់តាំង​បេក្ខភាព​គ្រូបង្រៀន​ល្អ ទៅ​ចូល​រួម​ប្រកួតប្រជែង ដើម្បី​ទទួលពាន​រង្វាន់​គ្រូបង្រៀន​ល្អ​អាស៊ាន​ដែលមាន​ប្រទេស​ចំនួន​ ១១​ ចូលរួម​។

​ក្រសួង​អប់រំ​បញ្ជាក់​នា​ថ្ងៃទី​ ១៦ ខែសីហាថា ជយលាភី​គ្រូបង្រៀន​ល្អ​អាស៊ាន ​នឹងត្រូវ​ធ្វើ​ពិធី​ប្រគល់​ នា​ខែតុលា​ខាងមុខ ហើយ​ជយ​​លា​ភី​ម្នាក់ៗ នឹង​ទទួលបាន​ពាន​​រង្វាន់​ថវិកា​ចំនួន ​១ ​ម៉ឺន​ដុល្លារ មេ​ដាយ​មាស ​១ គ្រឿង រូប​និមិត្ត​​សញ្ញា​ព្រះមហាក្សត្រ​ថៃ​, និង​វិញ្ញាបនបត្រ​ជា​លិខិត​សរសើរ​។​

​ក្រសួង​អប់រំ​ថា​៖ «​សម្រាប់​ការ​ប្រគល់​ពានរង្វាន់​លើក​ទី​៥ ឆ្នាំ ​២០២៣ ក្រសួង​បាន​បញ្ជូន​បេ​ក្ខ​ភាព​អ្នកគ្រូ ហៃ ចរិយា ដែល​បានទទួល​ពានរង្វាន់​ស​ម្តេច​តេ​ជោ​សែន​គ្រូបង្រៀន​ល្អ ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១​ កន្លងមក​តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​វាយតម្លៃ​ពានរង្វាន់​គ្រូបង្រៀន​ល្អ​អាស៊ាន ឆ្នាំ ​២០២៣​ នៅ​ព្រះ​រាជាណាចក្រ​ថៃ​។ រហូតដល់​ខែ​​កក្កដា ឆ្នាំ ​២០២៣ គណៈ​កម្ម​ការ​បានធ្វើ​ការវាយតម្លៃ និង​ទទួល​ស្គាល់​បេក្ខភាព​អ្នកគ្រូ ហៃ ច​រិ​យា ជា​ផ្លូវការ​»​។

​ក្រសួង​បញ្ជាក់ថា កន្លងមក​នៅមុន​ការប្រកួត​ពាន​លើក​ទី​៥ ឆ្នាំ​ ២០២៣ បេក្ខជន​ដែល​ត្រូវ​ចាត់​បញ្ជូនទៅ​ចូលរួម​ប្រកួត​ប្រជែង​យក​ពានរង្វាន់​គ្រូបង្រៀន​ល្អ​អាស៊ាន​សុទ្ធតែជា​ជយលាភី​គ្រូបង្រៀន​ល្អ​ចំណាត់ថ្នាក់​លេខ​ ១ ​ពានរង្វាន់ «​សម្តេច​តេ​ជោ​​សែន​»​ ដែលមាន​ ៤​ នាក់​។​

​ទី​១​ គឺ​អ្នកគ្រូ តូច បណ្តូល គ្រូ​បង្រៀន​សាលាបឋមសិក្សា​វត្ត​បូព៌ ខេត្តសៀមរាប និង​ជា​ជយលាភី​គ្រូបង្រៀន​ល្អ​ចំណាត់ថ្នាក់​លេខ ១​ ឆ្នាំ​សិក្សា ២០១៣-២០១៤​។​ ទី​២ អ្នកគ្រូ​ឌី សោភ័ណ​គ្រូបង្រៀន​សាលាបឋមសិក្សា​គំរូ​ក្រុង ខេត្ត​កំពង់ឆ្នាំង និង​ជា​ជយលាភី​គ្រូ​បង្រៀន​ល្អ​ចំណាត់ថ្នាក់​លេខ​ ១ ឆ្នាំ​សិក្សា ​២០១៥-២០១៦​។​

​ទី​៣ គឺ​លោកគ្រូ ឡយ វីរៈ គ្រូ​បង្រៀន​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន​ សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​ជា​ជយលាភី​គ្រូបង្រៀន​ល្អ​ចំណាត់ថ្នាក់​លេខ​ ១ ឆ្នាំ​សិក្សា​ ២០១៧-២០១៨​។ ទី​៤​ គឺ​លោក​​គ្រូ ណន ដា​រី គ្រូបង្រៀន​សាលា​​បឋមសិក្សា​គួច​ម៉េង​លី​ទួល​បេង ខេត្តកំពង់ចាម និង​ជា​ជយលាភី គ្រូបង្រៀន​ល្អ​ចំណាត់ថ្នាក់​លេខ ​១ ឆ្នាំ​សិក្សា​ ២០១៨-២០១៩៕