ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ចាប់បាន​ក្រុមជន​ប្រដាប់អាវុធ ៧ នាក់ ដែលពាក់ព័ន្ធនឹង​ការធ្វើ​សកម្មភាព​ប្លន់រំដោះ​អ្នកទោស​ជនជាតិ​ចិន​នៅក្នុង​គ្លីនិក ១ ក្នុងក្រុង​សៀមរាប កាលពីព្រឹកថ្ងៃ​ទី១៧ ខែសីហា ចំណែក​មេខ្លោង​ក្រុម​រំដោះ និងអ្នកទោស​គ្រឿងញៀន​ជនជាតិ​ចិននោះ​សមត្ថកិច្ច​កំពុងសហការ​ជាមួយ​បណ្តាប្រទេស​ជិតខាង និងអង្គភាព​ពាក់ព័ន្ធ​ទាំងអស់ តាមស្វែងរក​ចាប់ខ្លួន​ឱ្យបាន​ក្នុងពេល​ឆាប់ៗនេះ។

តាមរយៈ​វីដេអូ​ផ្សព្វផ្សាយ​លើហ្វេសប៊ុក​អគ្គ​ស្នងការនគរបាល​ជាតិ​នៅព្រឹក​ថ្ងៃទី១៩ ខែសីហា​នេះ លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាល​ជាតិ បានឱ្យដឹង​ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​សមត្ថកិច្ច​បង្ក្រាប​បានជន​ដៃដល់ ចូលរំដោះ​អ្នកទោស​ចាប់ពី​ម៉ោង ២យប់​ថ្ងៃ​ទី១៧ ឈានចូល​ថ្ងៃ​ទី១៨ ខែសីហា បន្តបន្ទាប់​រហូតដល់​ព្រឹកថ្ងៃ​ទី១៩ ខែសីហា​នេះ សមត្ថកិច្ច​បង្ក្រាបបាន​ទាំងអស់ ៧ នាក់។

លោកអគ្គស្នងការរង​បានឱ្យដឹង​ថា ក្រុមឧក្រិដ្ឋជន ៧ នាក់​នោះគឺមាន ជន​ជាតិ​ខ្មែរ​អាមេរិកកាំង ៦ នាក់ និងម្នាក់ទៀត​ជាជន​ជាតិ​ចិន សញ្ជាតិ​អាមេរិក អ្នកទាំងនោះ​សុទ្ធតែ​កាន់លិខិត​ឆ្លងដែន​អាមេរិក​ទាំងអស់ ដែលមក​ពី រដ្ឋ​កាលីហ្វ័រនីញ៉ា និងឡុងប៊ិច។

លោកថ្លែង​ថា៖«ពាក់ព័ន្ធនឹង​ទណ្ឌិត និងមេខ្លោង​ធ្វើ​សកម្មភាព​រំដោះ​នេះ កម្លាំង​សមត្ថកិច្ចកំពុង​ធ្វើការសហ​ប្រតិបត្តិការ​ជាមួយ​បណ្តាប្រទេស​ជិតខាង បណ្តា​អង្គភាព​ពាក់ព័ន្ធ បន្តស្រាវជ្រាវ​រក​ឱ្យ​ទាល់តែឃើញ»។

លោកអគ្គស្នងការរង​បានឱ្យដឹង​ថា អ្នកទោស​ជនជាតិ​ចិន​ដែលត្រូវបាន​រំដោះ​ត្រូវបានតុលាការ​កាត់ទោស​ចំនួន​ ២ លើក ដែលលើក​ទី១ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ ២៩ ឆ្នាំ ចំណែកលើក​ទី២ សមត្ថកិច្ច​បានរកឃើញ​ថា នៅក្នុងពន្ធនាគារ​ជននោះ​បានបញ្ជា​ចេញ ធ្វើសកម្មភាព​ជួញដូរ​គ្រឿងញៀន​បន្ថែមទៀត ហើយត្រូវបាន​កម្លាំង​មន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន​បង្ក្រាបបាន ដែលលើក​ទី២នេះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២៦ ឆ្នាំ សរុបទាំង ២ លើកត្រូវជាប់​ពន្ធធនាគារ​ជាង ៥០ ឆ្នាំ។

នៅព្រឹក​ថ្ងៃទី ១៧ ខែសីហា មានជន​ប្រដាប់​អាវុធ ១ ក្រុមមានគ្នា​ប្រមាណ ៦ នាក់ ដែលប្រដាប់​ដោយអាវុធ​ខ្លី តកាណុង សម្រុកចូល​ក្នុងគ្លីនិកធ្មេញ​មួយកន្លែងស្ថិ​តនៅក្នុង​សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប ដើម្បីរំដោះ​អ្នកទោស​គ្រឿងញៀន​ជនជាតិ​ចិនម្នាក់ ដែល​សមត្ថកិច្ច​ពន្ធនាគារ​ដឹកយក​ទៅព្យាបាល។ ក្រុមជន​ដៃដល់​បានពាក់ឈុត​ខ្មៅ ពាក់របាំង​មុខជិត បាននាំគ្នា​ចូលទៅ​ក្នុងគ្លីនិក ហើយធ្វើ​សកម្មភាព​ភ្ជង់ និងចងដៃ​សមត្ថកិច្ចពន្ធនាគារ​ព័ទ្ធ​ទៅក្រោយ រុញបញ្ចូល​ទៅក្នុងបន្ទប់​ព្យាបាល​ធ្មេញ។ ក្រុមជន​ប្រដាប់​អាវុធទាំងនោះ រំដោះអ្នកទោស​បានសម្រេច តាមរយៈ​រថយន្ត ១ គ្រឿង ដែលក្រោយ​មក​ពួកគេយក​ទៅប្លុង​ចោល មានចម្ងាយ​ពីកន្លែង​គ្លីនិក​នោះប្រមាណ ១ គីឡូម៉ែត្រ៕