សៀមរាបៈ កូនឈើ​ព្រៃ​លិចទឹក ប្រភេទ​ដើម​រាំង ចំនួន ១៥ ១៥៦ដើម ត្រូវ​បាន​ដាំ​បន្ថែម លើ​ផ្ទៃដី​ព្រៃលិច​ទឹក​រេចរឹល​ដោយ​ភ្លើង​ឆេះព្រៃ និង​ទីតាំង​បឹង​អភិរក្ស​ពូជ​ត្រី​ចំនួន ២៤ ហិកតា ក្នុង​ដែន​សហគមន៍​នេសាទ​ក្នុង​ឃុំ​ចំនួន ៤ ក្នុង​ខេត្តសៀមរាប។

អង្គការរីខូហ្វ (RECOFTC) តាម​រយៈ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប (EU) តាម​រយៈគម្រោង ទន្លេសាប​យើង (Our Tonle Sap) បាន​គាំទ្រ​សហគមន៍​នេសាទ​ចំនួន ៤ ក្នុង​ខេត្ត​សៀមរាប។ ក្នុង​នោះ​រួម​មាន សហគមន៍នេសាទ​កំពង់​ភ្លុក សហគមន៍​នេសាទ​ថ្នល់​ដាច់ សហគមន៍​នេសាទ​ព្រែកស្រមោច និង សហគមន៍​នេសាទ​ចុងឃ្នៀស ក្នុង​ការ​ដាំ​ស្ដារ​ព្រៃលិច​ទឹក​ឡើង​វិញ ដោយ​មាន​កិច្ច​សហការ និង​ចូលរួម​ពី​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប អាជ្ញាធរ​មូលដ្ឋាន និង សមាជិក​សហគមន៍​នេសាទ។ នេះ​បើ​យោង​តាម​អង្គការ រីខូហ្វ (RECOFTC) នា​ថ្ងៃទី​១៧ ខែ​សីហា​នេះ។

ជាលទ្ធផល កូនឈើ​ព្រៃលិច​ទឹក​ប្រភេទ​ដើម​រាំង​ជាង ១៥ ០០០ ដើម​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ឃុំ កំពង់ឃ្លាំង ឃុំដានរុន ឃុំកំពង់ភ្លុក និង សង្កាត់ចុងឃ្នៀស។ អង្គការ​បាន​សម្ដែង​ក្តី​សង្ឃឹម​ថា​កូនឈើ​ដែល​ដាំ​នៅ​ក្នុង​សហគមន៍​លូតលាស់​ល្អ និង​មាន​ភាពធន់។

នាពេល​ថ្មីៗ​នេះ គណៈកម្មការ និង សមាជិក​សហគមន៍​នេសាទ​ព្រែក​ស្រមោច អាជ្ញាធរ​ភូមិឃុំ និង នាយផ្នែក នាយ​សង្កាត់​រដ្ឋបាល​ជលផល​បាន​ចូលរួម​យុទ្ធនាការ​ដាំ​កូនឈើ​ក្នុង​សហគមន៍​នេសាទ​ព្រែក​ស្រមោច​ផងដែរ៕