ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រកាសច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily នៅលើបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃទី១៨ខែសីហា ស្តីពី «ពលករខ្មែរប្រព្រឹត្តអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយ ពីស្ថានទូតខ្មែរ» ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់។

យោងតាមរយៈលិខិតបកស្រាយបំភ្លឺរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ចុះថ្ងៃទី១៩ ខែសីហា នេះ បញ្ជាក់ថា ការចុះផ្សាយនេះពុំមានមូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំផ្លើសទាំងស្រុងខុសពីការពិត ដែលផ្ទុយពីច្បាប់សារព័ត៌មាន ក្នុងបំណងបង្កការញុះញង់ឱ្យបងប្អូនខ្មែរ ជាពិសេសកម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចោទប្រកាន់ ឬខឹងសម្បារនឹងស្ថានទូត ថាមិនអើពើជួយដោះស្រាយបញ្ហានេះ។

ស្ថានទូតកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុងប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូនសរុបចំនួន ២០,៥៦១ នាក់ (ស្រី ៩,៥៨៧នាក់) និងពុំជួបវិបត្តិ អត់ការងារធ្វើ ដូចដែល The Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុសច្បាប់តាមទិដ្ឋាការទេសចរណ៍ប៉ុណ្ណោះ។

ស្ថានទូតបញ្ជាក់ថា៖‍«ប៉ុន្តែក៏មានកម្មសិក្សាការីខ្មែរមួយចំនួនតូច បានរត់ចេញពីកន្លែងការងារទៅធ្វើការខុសច្បាប់ ក្រោមការអូសទាញ និងបោកប្រាស់របស់មេខ្យល់។ ការរត់ចេញពីកន្លែងធ្វើការពុំមែនមានតែកម្មសិក្សាការីខ្មែរនោះទេ កន្លងមកស្ថានទូតបានជួបជាមួយក្រសួង-ស្ថាប័នជប៉ុន ហើយបានស្នើសុំឱ្យមានវិធានការផ្លូវច្បាប់ចំពោះមេខ្យល់អូសទាញកម្មសិក្សាការីទៅធ្វើការខុសច្បាប់ និងនិយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើការនៅតាមរោងចក្រ-សហគ្រាសរបស់ខ្លួន»។

ស្ថានទូតបញ្ជាក់ទៀតថា ចំពោះការទប់ស្កាត់ការរត់ចេញពីកន្លែងធ្វើការរបស់កម្មសិក្សាការី ស្ថានទូតតែងសហការជាមួយសមាគមគ្រប់គ្រង និងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនបញ្ចូនខ្មែរ ដោយបានរៀបចំកម្មវិធីចុះប្រឹក្សាយោបល់ និងណែនាំដល់កម្មសិក្សាការីឱ្យបានជ្រួតជ្រាបពីផលវិបាកនៃការរត់ចេញពីកន្លែងធ្វើការ និងយន្តការផ្ដល់សេវាគាំពារ និងទ្រទ្រង់ដល់កម្មសិក្សាការី និងពលករជំនាញខ្មែរថែមទៀតផង។ ការសម្របសម្រួលនោះ តាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនបញ្ជូនខ្មែរ សមាគមគ្រប់គ្រង និងក្រុមហ៊ុនជប៉ុន ក្រសួងសុខាភិបាល និងសុខុមាលភាពជប៉ុន ក្រសួងយុត្តិធម៌ជប៉ុន និងអង្គការគ្រប់គ្រង កម្មសិក្សាការីបច្ចេកទេស (OTIT) ដើម្បីដោះស្រាយបញ្ហាការងារ និងការរស់នៅឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យ ព្រមជាមួយនឹងនីតិវិធីនៃការដាក់ពាក្យស្នើសុំអន្តរាគមន៍។

ស្ថានទូតបញ្ជាក់ថា ចំពោះអំពើចោរកម្មលួចកាត់ខ្សែភ្លើងដែលកើតមានកន្លងមកនោះ គឺការលួចកាត់ខ្សែភ្លើងប្រើពន្លឺថ្ងៃ (Solar) ពុំមែនខ្សែភ្លើង ធ្វើឱ្យស្ថានីយរថភ្លើងលែងដំណើរការនោះទេ ដែលការលួចកាត់ខ្សែភ្លើងនេះ មានការរៀបចំជាប្រព័ន្ធ ពុំមែនគ្រាន់តែដោយសារជួបវិបត្តិអត់ការងារធ្វើនោះទេ និងក៏ពុំមែនមានតែអតីតកម្មសិក្សាការីខ្មែរនោះដែរ។

ស្ថានទូតក៏បានបញ្ជាក់បន្ថែមថា សហជីពដែលបានផ្ដល់ព័ត៌មានដល់សារព័ត៌មាន The Cambodia Daily ពុំមែនជាសហជីពទទួលបន្ទុកការពារសិទ្ធិពលករខ្មែរ ដូចដែលបានអះអាងនោះទេ ក៏ប៉ុន្តែជាប្រភេទសហជីពលើកទឹកចិត្តឱ្យកម្មសិក្សាការីបរទេសប្ដឹងនឹងក្រុមហ៊ុនរបស់ខ្លួន ដោយពុំពិភាក្សា ឬផ្សះផ្សាជាមុន ជាពិសេសពុំដែលទំនាក់ទំនងមកស្ថានទូតឡើយ។

ស្ថានទូតពន្យល់ថា ដោយឡែកករណីធ្វើអត្តឃាតរបស់កម្មសិក្សាការីក្នុងឆ្នាំ ២០២២ មិនមែនដោយសារការរងសម្ពាធការងារខ្លាំង ទើបគេរត់ចេញនោះទេ គឺជាការចាញ់បោករត់តាមមេខ្យល់ទៅធ្វើការខុសច្បាប់។ ស្ថានទូតថា៖«មុនពេលធ្វើអត្តឃាតជនរងគ្រោះបានប្រឹក្សាយោបល់ជាមួយបុគ្គលិកមជ្ឈមណ្ឌលផ្តល់ប្រឹក្សាយោបល់ដល់កម្មសិក្សាការី បរទេសរបស់អង្គការ OTIT និងទំនាក់ទំនងក្រុមហ៊ុន ដែលធ្លាប់ធ្វើការ ដើម្បីស្នើសុំអនុញ្ញាតចូលធ្វើការវិញ បន្ទាប់ពីបានរត់តាមមេខ្យល់ប្រមាណមួយសប្ដាហ៍»។

ក្រោយមកតំណាងក្រុមហ៊ុនបានទទួលពាក្យស្នើសុំទៅពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងគ្រោងឯកភាពទទួលចូលធ្វើការវិញ ក៏ប៉ុន្តែជាអកុសលជនរងគ្រោះបានធ្វើអត្តឃាតបាត់ទៅហើយ។ ក្រុមការងារស្ថានទូតបានចូលរួមកម្មវិធីបូជាសព និងយកថវិកាចូលបុណ្យសព ក៏ដូចជាសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនជប៉ុន ចាត់ចែងបុណ្យសព និងបញ្ចូនធាតុទៅប្រទេសខ្មែរ តាមសំណូមពររបស់គ្រួសារសព។

ស្ថានទូតសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថាមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន មិនដែលខ្វល់ខ្វាយយកចិត្តទុកដាក់លើសុខទុក្ខរបស់ពលករខ្មែរនោះ ជាព័ត៌មានមួលបង្កាច់ខុសពីការពិតទាំងស្រុង។ ជាក់ស្តែង ស្ថានទូតក៏ដូចជាមន្ត្រីស្ថានទូតតែងតែខិតខំយកចិត្តទុកដាក់ជានិច្ចលើសុខទុក្ខរបស់សិក្ខាកាម និងពលករជំនាញ ព្រមទាំងរាល់ពេលតំណាងស្ថានទូតចុះជួបពួកគេនៅតាមក្រុមហ៊ុនដែលពួកគេធ្វើការស្ថានទូតតែងបានផ្សព្វផ្សាយ និងណែនាំពួកគាត់បានយល់ដឹងពីការគោរពច្បាប់ជប៉ុន ចៀសវាងនូវការជឿតាមការបោកប្រាស់របស់ពួកមេខ្យល់។

តាមរយៈលិខិតបំភ្លឺនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ស្នើសុំឱ្យសារព័ត៌មាន The Cambodia Daily ធ្វើការកែសម្រួលការចុះផ្សាយរបស់ខ្លួន ដោយឈរលើមូលដ្ឋានព័ត៌មានពិត និងមានសីលធម៌វិជ្ជាជីវៈជាចម្បង៕