ភ្នំពេញៈ ក្រសួង​ទេស​ចរណ៍បាន​ជ្រើស​រើស​បច្ចេក​វិទ្យា​ចំនួន ១៥ សម្រាប់​អនុវត្ត​ផែន​ទី​បង្ហាញ​ផ្លូវ​បច្ចេក​វិទ្យា​ទេស​ច​រណ៍ ដល់​ឆ្នាំ​ ២០៣០ ដើម្បី​ធ្វើ​ឱ្យ​ការ​អភិឌ្ឍ​ផលិត​ផល និង​សេវា​កម្ម​ក្នុង​វិស័យ​ទេស​ចរណ៍ សម្រេច​បាន​ជោគ​ជ័យ​។

​យោងតាម​ក្រសួង​ទេស​ចរណ៍ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហាថា បច្ចេក​វិទ្យា​គន្លឹះ​ចំនួន ១៥ ត្រូវ​បាន​កំណត់​ដល់​ការ​អភិវឌ្ឍ​ផលិត​ផល និង​សេវា​កម្ម ដែល​​រួម​មាន​៖ ថ្នាល​លក់​តាម​អន​ឡាញ,បច្ចេក​វិទ្យា​ចាប់​រូប​ភាព,អ៊ីន​ធឺ​ណិត,អ៊ីន​ធឺ​ណិត​នៃ​វត្ថុ,បច្ចេក​វិទ្យា​ក្លោដ,បច្ចេក​វិទ្យា​ស្លាក​សញ្ញា​ឆ្លាត​វៃ។

បច្ចេក​វិទ្យា​បញ្ចូល​រូប​និម្មិត​ទៅ​ក្នុង​ពិភព​ពិត​/​បច្ចេក​វិទ្យា​រូប​ភាព​ប្រត្យ​ក្សនិម្មិត, បច្ចេក​វិទ្យា​កំណត់​ទិស​ដៅ, ប្រព័ន្ធ​ព័ត៌​មាន​ភូមិ​សាស្ត្រ,បញ្ញា​សិប្បនិម្មិត,ទិន្ន​ន័យ​ធំ,បច្ចេក​វិទ្យា​អេក​ក្រង់​ថាច់​ស្គ្រីន,ប្រព័ន្ធ​បណ្តាញ​សង្គម, កម្ម​វិធី​លើ​គេហ​ទំព័រ​/​កម្ម​វិធី​លើ​ទូរ​ស័ព្ទ​ដៃ និង​ឧបករណ៍​ចល័ត។

​​ក្រសួង​ទេស​ចរណ៍ ​​បញ្ជាក់​ថា​៖ «​​បច្ចេក​វិទ្យា​គន្លឹះ​ទាំង​នេះ​មាន​សារៈ​សំខាន់​ជា​យុទ្ធ​សាស្ត្រ​សម្រាប់​ផលិ​ត​ផល និង​សេវា​កម្ម​យុទ្ធ​សាស្ត្រ​ទាំង​ក្នុង​រយៈ​ពេល​ខ្លី មធ្យម និង​វែង​សម្រាប់​ការ​គាំ​ទ្រ និង​ការ​ជួយ​ឱ្យ​សម្រេ​ច​បាន​នូវ​គោល​បំណង និង​ចក្ខុ​វិស័យ​ខាង​លើ​»​។

លោក​ស្រី ឆាយ ស៊ីវលីន ប្រធាន​សមា​គម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា (CATA) បាន​ថ្លែង​នៅថ្ងៃទី​២០ ខែសីហា​ថា ការ​ជ្រើស​រើស​បច្ចេក​វិទ្យា​​ទាំង​អស់​នេះ ​​ជា​គន្លឹះ​ដ៏​​មាន​សារៈ​សំខាន់​នៅ​ក្នុង​យុទ្ធ​សាស្ត្រ​វិស័យ​ទេស​ចរណ៍ ​ពីព្រោះ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ព្យាយាម​ដើរ​ឱ្យ​ទាន់​នូវ​សម័យ​បច្ចេក​វិទ្យា​ ដែល​ពិភព​លោក​កំពុង​ប្រើ​ប្រាស់​។

ជា​មួយ​គ្នា​នេះ រា​ជ​រដ្ឋា​ភិ​បាល ក៏​បាន​កំណត់​ថា វិទ្យា​សា​ស្ត្រ និង​បច្ចេក​វិទ្យា គឺ​ជា​វិស័យ​ស្នូល​មួយ​ដ៏​សំខាន់​នៅ​គ្រប់​វិស័យ ដូច្នេះ​ហើយ​នៅ​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​តែ​តាម​ឱ្យ​​ទាន់​នូវ​គ្រប់​បច្ចេក​វិទ្យា ជា​ពិសេស​វិស័យ​ទេស​ចរណ៍ ដែល​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ជា​មួយ​ប្រទេស​ជិត​ខាង ក៏​ដូច​ជា​មាន​ភាព​ទាក់​ទាញ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ភ្ញៀវ​គ្រប់​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក ពួក​គាត់​មាន​ការ​​ចាប់​អារម្មណ៍​។

​ក្រៅ​ពី​នេះ បច្ចេក​វិទ្យាទាំង​អស់​នោះ វា​ផ្ដល់​​នូវ​​ភាព​​ងាយ​ស្រួល​សម្រាប់​ភ្ញៀវ​ទេស​ចរក្នុង​ការ​ស្រាវ​ជ្រាវ ឫ​ស្វែង​រក​​​តំបន់​ទេស​ចរណ៍​ដែល​មាន​សុវត្ថិ​ភាព និង​សេវា​កម្ម​ល្អ​អ្វី​ខ្លះ ​ដើម្បី​ជា​ការ​ប្រៀប​ធៀប​ជា​មួយ​បណ្ដា​ប្រទេ​ស​ដទៃ​ទៀត​ផង​ដែរ​។ នេះបើតាមការថ្លែង​របស់​លោកស្រី ឆាយ ស៊ីវលីន។

លោកស្រី​មានប្រសាសន៍​ថា​៖ «​អ៊ីចឹង​ក្រសួង​ជ្រើស​រើស​បច្ចេក​វិទ្យា​ទាំង​អស់​ហ្នឹង វា​គឺ​ជា​ត្រី​វិស័យ​មួយ​ផង​ដែរ សម្រាប់​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេស​ចរណ៍ ពីព្រោះ​ទាំង​ប្រតិ​បត្តិ​ករ​ទេស​ចរណ៍​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯក​ជន គាត់​មិន​ប្រាកដ​ថា​ ចេះទាំង​អស់​នោះ​ទេ​»​។

លោក​ស្រី​​ថា ហើយ​វា​ក៏​ជា​​ឱកាស​មួយ​សម្រាប់​ឱ្យ​ប្រតិ​បត្តិ​ករ​ទេស​ចរណ៍​ទាំង​អស់​នោះ ចាប់​យក​ការ​អភិវ​ឌ្ឍ​​​សេវា​​កម្ម និង​ផលិត​ផល​វិស័យ​ទេស​ចរណ៍​​របស់​ខ្លួន តាម​រយៈ​ការ​តាម​​ឱ្យ​ទាន់​នូវ​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​ឯង​៕