​ភ្នំពេញៈ រដ្ឋសភា​ចាប់ផ្តើម​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​សម្រាប់​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​ ២១ ខែសីហា​នេះ ក្រោម​ព្រះ​រាជាធិបតី​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ខណៈ​នៅថ្ងៃនេះ សមាជិកសភា​អាណត្តិ​ថ្មី នេះ​ក៏​នឹង​ស្បថ​ចូលកាន់​តំណែង​ផងដែរ ដែល​ការកោះប្រជុំ​ដំបូង​នេះ​គឺធ្វើឡើង​ប្រមាណ​ ២ ​សប្តាហ៍ ក្រោយពី​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​)​ ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ៥ សីហា​។​

​លទ្ធផល​ផ្លូវការ​នៃ​ការបោះ​​ឆ្នោតជាតិ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ​(CPP)​ ទទួលបាន​អា​សនៈ​ច្រើនជាងគេ​គឺ​ ១២០ ​អាសនៈ បន្ទាប់មក​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ទទួលបាន ​៥ ​អាសនៈ​ក្នុងចំណោម​អាសនៈ​ចំនួន​ ១២៥​ ក្នុង​រដ្ឋសភា​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បានប្រកាស​ពីថ្ងៃ​ទី ​២៦ ខែកក្កដាថា លោក​នឹងមិន​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៀត​ទេ​ចាប់ពី​ថ្ងៃទី​ ២២ ខែ​សីហា ឆ្នាំ​ ២០២៣ តទៅ​ក្រោយ​​ពី​លោក​បាន​កាន់តំណែង​នេះ​អស់ ជាង​ ៣៨ ​ឆ្នាំ តែ​លោក​នឹង​កាន់តំណែង​ជា​ប្រធានព្រឹទ្ធសភា ខណៈ​លោក​ ហ៊ុន ម៉ា​ណែ​ត កូន​​ប្រុស​ច្បង​របស់លោក ដែលជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​កងទ័ពជើងគោក​នឹង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ថ្មី​នេះ​។​

​កាលពី​ថ្ងៃទី​ ១៨ ខែសីហា លោកស្រី ឃួន សុ​ដា​រី អនុ​ប្រធាន​ទី​២ រដ្ឋសភា និង​លោក ជាម យៀប អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ​បើក​សម័យប្រជុំ​ដំបូង​របស់​រដ្ឋសភា​នីតិកាល​ទី៧ ​នេះ​។​

​រដ្ឋសភា​បានប្រកាស​កាលពី​ថ្ងៃទី ​១៨ ខែសីហា​ថា ក្នុង​កិច្ច​​ប្រជុំ​នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​អមដោយ​អគ្គលេខាធិការរង អគ្គនាយក និង​នាយកដ្ឋាន​ជំនាញ​ចំណុះ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បានធ្វើ​សេចក្តីរាយការណ៍​លម្អិត​ពី​ការងារ​ពាក់ព័ន្ធ​នឹង​នីតិវិធី​ដំណើរការ​នៃ​ការបើក​សម័យប្រជុំ​ដំបូង​នេះ រួមមាន ការងារ​ពិធី​ការ ការការពារ​សន្តិសុខ​សុវត្ថិ​ភាព ការងារ​សម្របសម្រួល​អ្នកសារព័ត៌មាន និង​ការងារ​ជាច្រើន​ផ្សេងទៀត​។​

​រដ្ឋសភា​បាន​បញ្ជាក់ថា​៖«​ជា​លទ្ធផល​មកទល់ពេលនេះ ដំណើរ​ការ​នៃ​ការត្រៀម​រៀបចំ​បើក​​សម័យប្រជុំ​លើកដំបូង​របស់​រដ្ឋសភា បាននិងកំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន​»​។​

​លោក​ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​នៃ​រដ្ឋសភា មិនអាច​ទាក់​ទង​ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​នៅ​ថ្ងៃទី ​២០ ខែសីហា​។​ ទោះយ៉ាងណា អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​ ១១ ខែសីហា​ថា​៖ «​យោងតាម​ព្រះរាជសារ​ចុះ​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ ​២០២៣ របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ ៥ ​កើត ខែស្រាព​ណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ​២១ ខែសីហា ឆ្នាំ​ ២០២៣ វេលា​ម៉ោង ​៨:០០​ ព្រឹក រដ្ឋសភា​នីតិកាល​ទី​ ៧ នឹង​ប្រារព្ធ ពិធី​បើក​សម័យប្រជុំ​ដំបូង​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​»​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្នុង​ពិធី​«​ដ៏​មហោឡារិក និង​ជា​ប្រវត្តិ​សាស្ត្រ​» នេះ ឥស្សរជន​ជាន់​ខ្ពស់ អង្គទូត​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ក៏ត្រូវ​បាន​អញ្ជើញ​ចូលរួម​ផងដែរ​។ បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​នេះ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១ ​នេះ​នឹង​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​របស់លោក​ហេង សំរិន ព្រឹទ្ធ​សមាជិក​រដ្ឋសភា​ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​អនុម័ត​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិ​កាល​ទី៧ ​នេះ​។​

​សេចក្តីជូនដំណឹង​បន្តថា នៅ​ថ្ងៃទី​ ២២ ខែសីហា វេលា​ម៉ោង ​៨:០០​ ព្រឹក សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ នឹង​បន្ត​ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។​

​លោក​ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៦ កក្កដា​ថា​៖ «​ថ្ងៃ​ ២១ [​សីហា​]​ នេះ ពេលព្រឹក​គឺ​ព្រះមហាក្សត្រ​កោះប្រជុំ​សភា​។ ពេល​ល្ងាច​ថ្ងៃទី​ ២១ ខែសីហា គឺ​នឹងមាន​ការស្បថ​ចូលកាន់​តំណែង​របស់​ស​មា​ជិ​ក​សភា​។ បន្ទាប់​ទៅ​គឺ​នៅ​ថ្ងៃទី​ ២២ [​សីហា​]​ សភា​នឹង​កោះប្រជុំ​ក្រោម​អធិបតី​ភាព​របស់​ព្រឹទ្ធបុរស ហើយ​ពេល​នោះ​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​នឹងត្រូវ​បង្កើតឡើង​។ ល្ងាច​ថ្ងៃទី ២២ [​សីហា​] គឺ​គណៈរដ្ឋមន្ត្រី នឹង​ស្បថ​ចូលកាន់​តំណែង​ចំ​ថ្ងៃ​អង្គារ ៦​ កើត ខែស្រាព​ណ៍ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧​។ ដូច្នេះ វា​ជា​ពេលវេលា​ល្អ​ដែល​យើង​យក​ខែ​នេះ​យក​ខ្នើត​ធ្វើជា​ពេលចេញ​ដំណើរ​ផ្លូវការ​របស់​សភា និង​របស់​រាជរដ្ឋាភិបាល​»​។​

​លោក ​យង់ ពៅ អគ្គលេខា​ធិ​​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែសីហា​ថា ដំណើរការ​ប្រជុំ​រដ្ឋ​សភា​នឹង​ប្រព្រឹត្ត​ទៅតាម​ធម្មតា ដោយ​ពុំមាន​បញ្ហា​អ្វី​ទេ បើ​ទោះ​ជា​ពុំ​មានការ​សាទរ ឬក៏​មានប្រតិកម្ម​ពី​បស្ចិមប្រទេស និង​អ្នក​នយោបាយ​ក្រៅ​ស្រុក​ខ្លះ​ក្ដី​។​

​លោក​ថា​៖ «​យើង​វាយតម្លៃថា​ដំណើរការ​កិច្ចប្រជុំ​ទី​១​ស្អែក​គឺ​នឹង​ដំណើរការ​តាម​របៀបវារៈ​របស់ខ្លួន​នៃ​សមាជិកសភា​ទាំង​ ១២៥ ដោយ​មិនទាន់​ឃើញ​មាន​សញ្ញាណ​នៃ​ការ​អវត្តមាន​ទេ​។ ក្រៅពី​ការ​ប្រកាស​សុពលភាព​ស្អែក​ហើយ​នៅ​ថ្ងៃទី ​២២ [​សីហា​] នឹងមាន​កិច្ចប្រជុំសភា​ដើម្បី​បង្កើត​ក្បាល​ម៉ាស៊ីន​សភា​ក៏ដូចជា​ទទួលស្គាល់​គណៈ​រដ្ឋមន្ត្រី​ដែរ​»៕