​ភ្នំពេញៈ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជាមាន​ជំនឿថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នឹង​បំពេញភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ បន្ត​អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម​។​

​ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ​ក្នុងឱកាស​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៧ នៅ​ថ្ងៃទី​ ២១ ខែសីហា​។​

​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​រស់​នៅបាន​ស្មើភាព​គ្នា​ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ ការ​មាន​ការងារ​ធ្វើ​សមរម្យ​ទៅតាម​កម្លាំង​សមត្ថភាព និង​កម្រិត​វិជ្ជា​របស់ខ្លួន​។ ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បានអនុម័ត គឺជា​ឧបករណ៍​គតិយុត្តិ​សម្រាប់​រាជរដ្ឋាភិបាល​អ​នុ​វត្ត និង​លើកកម្ពស់​នីតិរដ្ឋ សំដៅ​ឱ្យ​ប្រទេស​កម្ពុ​ជាមាន​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រាន់ និង​ល្អ ស្របតាម​ការវិវឌ្ឍ​រីក​ច្រើន​របស់​សង្គមជាតិ​។​

​ព្រះអង្គ​មាន​ព្រះបន្ទូល​បន្តថា​៖ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​នឹង​ទទួល​ការទុកចិត្ត​ពី​រដ្ឋសភា នឹង​បំពេញភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ បន្ត​អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែលមាន​វិសាលភាព​គ្របដណ្ដប់ ប្រជាពលរដ្ឋ​គ្រប់រូប ទាំង​ការអភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្របគ្នា​នឹង​ការលើកកម្ពស់​សីលធម៌ សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ​»​។​

​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ «​ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព និង​សាមគ្គីភាព​ជាតិ​ខ្ពស់ ដោយ​ឈរលើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ មេ​ត្ត ករុណា មុទិតា និង​ឧបេក្ខា​។ នៅក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ខ្ញុំ​សូម​ប្រសិទ្ធពរ សូម​រដ្ឋសភា​នីតិកាល​ទី​៧ មានដំណើរ​ការល្អ និង​អនុវត្ត​តួនាទី​របស់ខ្លួន​ប្រកបដោយ​មនសិការ​ទទួល​ខុសត្រូវ ដើម្បី​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ជា​ឧ​ត្ត​ម​ប្រយោជន៍​រួម ជូន​ជាតិ​មាតុភូមិ និង​ប្រជាជាតិ​យើង​ទាំងមូល​»៕​