
ចំណិតផ្លែសណ្ដាន់ ដាក់ហាលថ្ងៃឱ្យក្រៀមនាពេលកន្លងទៅ។ រូបថត ហ្វេសប៊ុក
កំពង់ចាមៈដើមសណ្តាន់ជារុក្ខជាតិមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្តយកផ្លែរបស់វាផ្សំធ្វើជាគ្រឿងម្ជូរ និងយកទៅស្ងោរជាមួយផ្លែស្លា ដើម្បីយកពណ៌ផងដែរ។ ទោះយ៉ាងណាបច្ចុប្បន្ន ផ្លែសណ្តាន់ហាក់ដូចជាមិនសូវមានគេយកមកប្រើក្នុងសម្លប៉ុន្មានទេ ខណៈការនិយមហាក់ផ្ដោតលើម្ជូរអម្ពិលច្រើនជាង។
ងាកមកមើលលើកម្រាលកន្ទេលនិងកម្រាលស័ង្កសីពណ៌សជាធ្នើរៗ ដែលត្រូវបានគេដាក់តម្រៀបគ្នានៅពីមុខតាមផ្ទះ ដោយអន្លើៗមានសណ្ឋានជាចំណិតស្តើងៗ ពណ៌សស្រអាប់នៅក្នុងភូមិ ១ នៃស្រុកកោះសូទិន ខេត្ត
កំពង់ចាមវិញ នោះហើយគឺជាចំណិតផ្លែសណ្តាន់របស់លោក ដេន សឿន ដែលដាក់ហាលថ្ងៃក្នុងចំណោមអ្នកភូមិដទៃទៀត។
លោក ដេន សឿន អាយុ ៦៦ ឆ្នាំ ដែលរស់នៅជាមួយភរិយា និងគ្មានកូនចៅម្នាក់ផងនោះបាននិយាយថា លោករស់នៅភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។លោកបានឱ្យដឹងថាដើមសណ្ដាន់នៅស្រុកកោះសូទិនពីមុនៗមកដោយសារវាសម្បូរគេមិនសូវដាំទេគឺនៅពេលទឹកទន្លេឡើងគឺគ្រាប់សណ្តាន់បានអណ្តែតតាមទឹកពីក្នុងព្រៃចម្ការនៅក្រោយផ្ទះរសាត់តាមទឹកចូលក្នុងភូមិក៏ដុះឯកឯង។ដូច្នេះនៅតាមភូមិភាគច្រើនមានដើមសណ្តាន់នៅក្បែរៗផ្ទះដែលយ៉ាងហោចណាស់ផ្ទះ១ក៏មានសណ្តាន់១ដើមដែរតែមានអ្នកខ្លះក៏ដាំវាដែរ ដែលចំណូលចិត្តនៃការដាំនេះគឺជាតំណបន្តគ្នាតាំងពីដូនតាមកម្ល៉េះ។
លោកបានឱ្យដឹងបន្តថា ដោយសារបន្តពីដូនតាមកដូច្នេះហើយទើបវាក្លាយទៅជាដំណាំប្រពៃណីផងដែរ។ ផ្លែសណ្តាន់ជាគ្រឿងផ្សំម្យ៉ាងសម្រាប់ធ្វើម្ជូរបង់ក្នុងសម្លឬក៏បុកជាមួយប្រហុក ឬជាមួយអ្វីផ្សេងទៀតធ្វើជាគ្រឿងជ្រលក់សម្រាប់ហូប។ លោកថា បច្ចុប្បន្នលោកមានដើមសណ្តាន់ចំនួន ១៥ ដើម ដែលបានដាំកាលពី៥ឆ្នាំមុនហើយដើមសណ្តាន់ពេញឱ្យផលផ្លែខ្លាំង គឺចាប់ពីខែមិថុនាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។ដំណាំនេះមិនពិបាកថែរក្សាដាក់ថ្នាំជំរុញឱ្យដើមលូតលាស់អីទេ។
លោកបានបញ្ជាក់ថា៖ «ចូលដល់រដូវនេះទាំងគេទាំងខ្ញុំកំពុងពេញប្រមូលផលផ្លែសណ្តាន់គ្រប់តែគ្នាហ្នឹង ប៉ុន្តែផ្ទះខ្លះមានដើមសណ្តាន់ច្រើនផ្ទះខ្លះមានតិច»។

បើតាមលោក ដេន សឿន បច្ចុប្បន្នគ្មានដើមសណ្តាន់ដុះឯកឯងច្រើនដូចមុនៗ ទេហេតុដូច្នេះហើយប្រជាជនអ្នកភូមិចេះតែដាំបន្ថែម។ដើមសណ្តាន់បើគាស់កូនយកមកដាំ តែរយៈពេល ២ ឆ្នាំ វាផ្លែហើយហើយបើឱ្យវាផ្លែល្អគឺចាប់ពីដើមវាមានអាយុ ៥ ឆ្នាំឡើងទៅដែលក្នុង ១ ដើមៗវាផ្លែចន្លោះពី ២០ គីឡូក្រាមទៅ ៧០ គីឡូក្រាម។ ពេលបេះផ្លែវាមកគេចិតវាជាចំណិតហើយហាលថ្ងៃ ដែលបើមានពន្លឺថ្ងៃល្អហាលតែ ៣ ថ្ងៃ គឺក្រៀមហើយ រីឯការលក់វិញគឺមានឈ្មួញមកទិញដល់ៗ ផ្ទះតែម្តង។ សម្រាប់សណ្តាន់ក្រៀម បើខែខ្សត់វិញក្នុង ១ គីឡូក្រាម លោកលក់ក្នុងតម្លៃចន្លោះពី ១៥ ០០០ រៀល ទៅ ២២ ០០០ ម៉ឺនរៀល។ចំពោះខែសីហានេះតម្លៃសណ្តាន់ក្រៀមចុះថោកខ្លះហើយ ដោយទម្ងន់ ១ គីឡូក្រាម លោកអាចលក់បានត្រឹមតែ ១ ម៉ឺន រៀលទៅ ១២ ០០០ រៀលប៉ុណ្ណោះ។
ទោះជាយ៉ាងណារបរធ្វើសណ្តាន់ក្រៀម លក់នេះគ្រាន់តែជារបររួមផ្សំគ្រាន់ផ្គត់ផ្គង់ជីវភាពបន្ថែមតែប៉ុណ្ណោះ។ ផលប្រយោជន៍មួយទៀតរបស់ផ្លែសណ្តាន់ គឺគេយកវាទៅស្ងោរលាយជាមួយផ្លែស្លា ព្រោះវាធ្វើឱ្យមានពណ៌ក្រហមរលោងស្រស់។ លោកបានពោលថា៖ «អាហ្នឹងដូចជាមានហាងឆេងល្អណាស់ ដូចអត់ចេះនៅសល់ទេ។ ឈ្មួញដណ្តើមគ្នាទិញរកតែសណ្តាន់លក់គ្មានស្រួលលក់ណាស់»។
លោកស្រី ស៊ុន ចន្ថា ជាមេឃុំកោះសូទិន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដំណាំសណ្តាន់ជាដំណាំប្រពៃណីតពីដូនតាមកគ្រាន់តែថា ផ្ទះខ្លះដាំតែ១ដើមសម្រាប់ប្រើប្រាស់ក្នុងគ្រួសារតែភាគច្រើនមានស្ទើរគ្រប់ផ្ទះតែម្តង។ចំពោះផ្លែសណ្តាន់វិញគេយកទៅធ្វើម្ជូរព្រោះវាមានរសជាតិជូរជ្រះខុសពីម្ជូរក្រូចឆ្មារហើយសណ្តាន់ក្រៀមនៅតែមានទីផ្សារបើទោះជាតម្លៃទីផ្សារពេលខ្លះធ្លាក់ថ្លៃក៏ដោយ។ដោយសារតែវាមានទីផ្សារល្អបែបនេះហើយទើបអ្នកភូមិនាំគ្នាដាំកាន់តែច្រើនឡើងៗក្លាយជាដំណាំពេញនិយមឱ្យតែមានដីទំនេរគឺគាត់ដាំដំណាំនេះហើយ។
លោកស្រីមេឃុំ បានបញ្ជាក់ថា ផ្លែសណ្តាន់ក្នុងឆ្នាំនេះ មានតម្លៃថ្លៃជាងឆ្នាំមុនៗ ដែលកាលពីដើមរដូវ [ខែមិថុនា] ក្នុង ១ គីឡូក្រាម ថ្លៃ ២០ ០០០ ម៉ឺនទៅ ២២ ០០០ រៀល ហើយឥឡូវនេះចុះមកនៅត្រឹម ១ គីឡូក្រាម ១០ ០០០រៀល។ លោកថា៖ «យើងចង់និយាយភាសាមួយថាដំណាំនេះគាត់ដាំចោលមិនបាច់ថែទាំដូចដំណាំផ្សេងៗទេ»។
ពាក់ព័ន្ធដំណាំសណ្តាន់នេះដែរ លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់ភ្នំពេញប៉ស្តិ៍ថា ដំណាំសណ្តាន់ភាគច្រើនមាននៅតាមមាត់ទន្លេតាមព្រែក ឬតាមមាត់ទន្លេតូចហើយប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះសូទិនមានការច្នៃផ្លែសណ្តាន់ដោយចិតហាលច្រើន។
លោកបានថ្លែងថា៖ «ខ្ញុំឃើញគាត់ហាលមានអនាម័យល្អមានជាទ្រនើរៗហើយមានហាលច្រើនខុសពីឆ្នាំទៅ។ពួកគាត់មានចំនួនកាន់តែច្រើនឡើងដែលបានកែច្នៃផ្លែសណ្តាន់ស្រស់ជាសណ្តាន់ក្រៀមសម្រាប់លក់»៕