
ក្រុមនិស្សិត ដែលចូលរួមពិធីរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែឧសភា ។ រូបថត Hun Manet page
ភ្នំពេញៈអង្គការសង្គមស៊ីវិល និងសមាគមចំនួន ៨ ស្ថាប័នបានស្នើឱ្យក្រសួងអប់រំ ត្រូវលុបចោល បម្រាមការពិភាក្សាពីបញ្ហាសង្គម និងនយោបាយនៅក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ហើយក៏ស្នើក្រសួងគួរតែពិចារណាដាក់បញ្ចូលមេរៀនពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋផងដែរ។
ការស្នើបែបនេះឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយស្ដីពី «លទ្ធផលនៃកិច្ចពិគ្រោះយោបល់លើបញ្ហាប្រឈម ក្តីកង្វល់ និងអនុសាសន៍របស់យុវជន» ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
ក្រុមអង្គការសង្គមស៊ីវិល និងសមាគមទាំងនោះរួមមាន បណ្ដាញយុវជនកម្ពុជា អង្គការអភិវឌ្ឍន៍កម្មវិធីធនធានយុវជន អង្គការសមធម៌កម្ពុជា,មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសង់ត្រាល់ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរជាដើម។
ក្រុមអង្គការទាំងនោះបានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាបានផ្ដល់សិទ្ធិយ៉ាងពេញលេញឱ្យប្រជាពលរដ្ឋខ្មែរចូលរួម ក្នុងកិច្ចការពលរដ្ឋ នយោបាយ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ខណៈដែលគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា ក៏បានលើកកម្ពស់ការចូលរួមរបស់យុវជនលើគ្រប់វិស័យផងដែរ។
ប្រភពដដែលថា ប៉ុន្តែការដាក់បម្រាមមិនឱ្យមានការជជែកពីបញ្ហានយោបាយនៅក្នុងកម្រិតគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិត បានធ្វើឱ្យយុវជនបាត់បង់ឱកាសក្នុងការស្វែងយល់និងការពិភាក្សាពីបញ្ហានយោបាយនិងសង្គម។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា គួរតែលុបចោលបម្រាមការពិភាក្សាពីបញ្ហាសង្គម និងនយោបាយនៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិត ហើយក្រសួងក៏គួរតែពិចារណាដាក់បញ្ចូលមេរៀនពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋផងដែរ»។
ជុំវិញរឿងនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី២១ ខែសីហាថា ជាទូទៅថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា តែងតែពិនិត្យអនុសាសន៍ សម្រាប់បន្តអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ក្រោយពីទទួលបានអនុសាសន៍នានាពីគ្រប់ភាគីពាក់ព័ន្ធតាមយន្តការរដ្ឋបាលផ្លូវការ។
សម្រាប់ពេលនេះ លោកបានបញ្ជាក់ថា ក្រសួងអប់រំ កំពុងប្រតិបត្តិកិច្ចការរបស់ខ្លួនដោយយោងលើច្បាប់ និងឯកសារគតិយុត្តដែលមានជាធរមាន។
លោកបានបន្ថែមថា ជាក់ស្តែងក្រសួងបាន និងបន្តលើកកម្ពស់សិទ្ធិមនុស្ស ដោយអនុវត្តច្បាប់ស្តីពីការអប់រំ ជាពិសេសតាមខ្លឹមសារមាត្រាចំនួន៣នៃច្បាប់ស្តីពីការអប់រំ រួមមាន មាត្រា១៧ការអប់រំចំណេះទូទៅ ជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឱ្យចេះប្រើចំណេះដឹងនិងបំណិនមូលដ្ឋាន។
លោក រស់ សុវាចា បានបញ្ជាក់ថា៖«យោងតាមច្បាប់ស្តីពីការអប់រំក្នុងខ្លឹមសារនៃមាត្រ៣៤សកម្មភាពនយោបាយក្នុងស្ថាប័នអប់រំគ្រឹះស្ថានសិក្សាត្រូវគោរពគោលការណ៍អព្យាក្រឹតភាព។ការធ្វើសកម្មភាពនយោបាយនិងឬការឃោសនានយោបាយឱ្យគណបក្សនយោបាយណាមួយក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សា ត្រូវហាមឃាត់»។
លោកបន្តថា សម្រាប់ខ្លឹមសារនៃមាត្រា៣៥ ស្តីពីសិទ្ធិនិងករណីយកិច្ចរបស់អ្នកសិក្សាទាក់ទងនឹងការអប់រំថា មានសិទ្ធិទទួលបានការគោរព និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សជាពិសេសសិទ្ធិមានសេចក្តីថ្លៃថ្នូរ សិទ្ធិរួចផុតពីទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី។
លោកថា ៖ «ដូច្នេះហើយអ្នកសិក្សាមានករណីកិច្ចគោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាតម្លៃខាងសមធម៌យេនឌ័រដោយអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងគោរពសិទ្ធិអ្នកដទៃដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា»។
លើសពីនេះទៀត ការស្នើរបស់អង្គការ និងសមាគមទាំងនេះ ដែលឱ្យក្រសួងអប់រំពិចារណាទៅលើការដាក់បញ្ចូលមេរៀនអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ អ្នកនាំពាក្យក្រសួងថា ក្រសួងបានរៀបចំកម្មវិធីសិក្សាដោយដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទាំងនោះតាំងពីយូរមកហើយ។
ជាក់ស្តែង ក្រសួងបានបញ្ជ្រាបក្នុងមុខវិជ្ជាភាសាខ្មែរ និងសិក្សាសង្គម និងបានបញ្ចូលយ៉ាងពេញលេញនិងពិស្ដារនៅក្នុងមុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា នៅកម្រិតមធ្យមសិក្សាមានចាប់ពីថ្នាក់ទី១០ រហូតដល់ថ្នាក់១២៕