ភ្នំពេញៈ នៅក្នុង​សម័យ​ប្រជុំ​លើក​ទី១ នីតិកាល​ទី៧ ដែលបន្ត​ធ្វើឡើង​នាព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣​នេះ រដ្ឋ​សភា​ជាតិ បានបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​លោកស្រី ឃួន សុដារី ធ្វើជា​ប្រធាន​រដ្ឋ​សភា​ថ្មី ដែលលោកស្រី​ជាស្ត្រី​ដំបូង​កាន់តំណែង​នេះ។

សម័យ​ប្រជុំ​លើកទី១ នីតិកាល​ទី៧ ដែលបន្ត​ធ្វើឡើង​នាព្រឹក​ថ្ងៃទី២២ ខែសីហា រដ្ឋ​សភា បានអនុម័ត​គាំទ្រ​ដល់​លោកស្រី ឃួន សុដារី ជាប្រធាន​រដ្ឋសភា លោក ជាម យៀប ជាអនុប្រធាន​ទី១ និងលោក វង សូត ជាអនុប្រធាន​ទី២។

នៅក្នុងសម័យ​ប្រជុំ​នោះដែរ លោក ស្រី ឃួន សុដារី បានប្តេជ្ញា​ថា នឹងខិតខំ​បំពេញ​នូវ​បេសកកម្ម ដ៏ឧត្តុងឧត្តម​ក្នុងភាពជា​តំណាង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសហការ​ឱ្យបានល្អ​ជាមួយនឹង​គ្រប់ស្ថាប័ន​ជាតិ ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ពង្រឹង​នីតិរដ្ឋ និងបម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ប្រជាជាតិ និងមាតុភូមិ ជានិច្ច​និរន្តរ៍​តទៅ។

ជាមួយនឹង​ការអនុម័ត​គាំទ្រ​ក្បាលម៉ាស៊ីន​រដ្ឋ​សភា​នេះ សម័យ​ប្រជុំ​លើកទី១ ក៏បានបោះឆ្នោត​គាំទ្រលើ​បេក្ខភាព​ប្រធាន និងអនុប្រធាន​គណៈកម្មការ​ទាំង ១០ របស់​រដ្ឋ​សភា​ផងដែរ។ ការបោះឆ្នោត​នេះ ទទួលបាន​សំឡេង​គាំទ្រ ១២៣ លើ ១២៥ នៃសមាជិក​រដ្ឋ​សភា​ទាំងមូល៕