ភ្នំពេញៈ អាស៊ាននិងប្រទេសដៃគូកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានព្រមានថា ភាពតានតឹងភូមិសាស្ត្រនយោបាយ អាចរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងទំនាក់ទំនងពាណិជ្ជកម្មសកលដោយរារាំងការទទួលបានផលប្រយោជន៍ពីសកលភាវូបនីយកម្ម។

ការព្រមាននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១១ កាលពីថ្ងៃទី២១ ខែសីហា នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី ដែលដឹកនាំដោយលោក Zulkifli Hasan រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី។

កិច្ចប្រជុំបានស្វាគមន៍លោក Filipus Nino Pereira រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំនេះ។

សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំបានបញ្ជាក់ថា៖ «កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ភាពតានតឹងភូមិសាស្ត្រនយោបាយអាចរំខានដល់ទំនាក់ទំនងពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិ ដែលរារាំងដល់ផលយោជន៍ដែលមានប្រសិទ្ធភាពដែលទទួលបានពីសកលភាវូបនីយកម្ម»។

ប្រភពដដែលបានបន្ដថា៖ «កិច្ចប្រជុំបានទទួលស្គាល់ថា ភាពតានតឹងទាំងនេះ អាចនាំឱ្យមានការបែកបាក់សេដ្ឋ-កិច្ច និងការកើនឡើងនូវភាពមិនច្បាស់លាស់ នៃគោលនយោបាយ ហើយនៅទីបំផុតធ្វើឱ្យហិនហោចទំនុកចិត្តទីផ្សារ កាត់បន្ថយការវិនិយោគ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុកពីកំណើនរយៈពេលវែងនៅក្នុងតំបន់»។

យ៉ាងណាក្ដីកិច្ចប្រជុំបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីគាំទ្រអាស៊ានជាចំណុចកណ្តាលនៃកំណើននៅក្នុងតំបន់។

អង្គប្រជុំក៏បានទទួលស្គាល់បន្ថែមអំពីសារៈសំខាន់នៃការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃភាពតានតឹងភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជាសកលផ្សេងទៀតចំពោះតំបន់ ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី ជាពិសេសលើបញ្ហាទាក់ទងនឹងសន្តិសុខស្បៀងអាហារ និងថាមពល។

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់ មិនរើសអើង បើកចំហ យុត្តិធម៌ បរិយាប័ន្ន សមធម៌ និងតម្លាភាពជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូលរបស់ខ្លួន។ទន្ទឹមនឹងការបញ្ជាក់ឡើងវិញពីគោលការណ៍គ្រឹះរបស់ WTO កិច្ចប្រជុំបានគាំទ្រការឆ្ពោះទៅធ្វើកំណែទម្រង់ចាំបាច់នៃ WTO ដើម្បីកែលម្អមុខងារទាំងអស់របស់ខ្លួន។

កិច្ចប្រជុំបានរំឭកថា សមាជិក WTO នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី១២ បានទទួលស្គាល់បញ្ហាប្រឈម និងកង្វល់ទាក់ទងនឹងប្រព័ន្ធដោះស្រាយវិវាទ រួមមាន បញ្ហាពាក់ព័ន្ធនឹងស្ថាប័នបណ្តឹងឧទ្ធរណ៍ ដោយទទួលស្គាល់ពីសារៈសំខាន់ និងភាពបន្ទាន់នៃការដោះស្រាយបញ្ហាប្រឈម និងកង្វល់ទាំងនោះ។ អង្គប្រជុំបានប្តេជ្ញាថានឹងពិភាក្សាក្នុងគោលបំណងដើម្បីឱ្យមានប្រព័ន្ធដោះស្រាយវិវាទពេញលេញ និងដំណើរការល្អដែលអាចចូលជាសមាជិក WTO ទាំងអស់នៅឆ្នាំ២០២៤ ។

កិច្ចប្រជុំបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យនៃសន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី១២និងបានកោតសរសើរចំពោះការគាំទ្រការស្រាវជ្រាវជាបន្តបន្ទាប់ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) រួមចំណែកដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា។

កិច្ចប្រជុំបានកត់សម្គាល់លើឯកសាររបស់ ERIA ស្តីពី«ការជំរុញអន្តរកាលសេដ្ឋកិច្ចវិលជុំតាមរយៈឌីជីថលភាវូបនីយកម្ម៖យុទ្ធសាស្ត្រស្តីពីសកម្មភាពរួមក្នុងបណ្តាប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា» ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃឌីជីថលនីយកម្មជាកត្តាជំរុញសេដ្ឋកិច្ចវិលជុំបន្ថែមទៀត។

កិច្ចប្រជុំបានបញ្ជាក់ពីការគាំទ្រប្រទេសទីម័រខាងកើតដើម្បីក្លាយជារដ្ឋសមាជិកអាស៊ានតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ហើយក៏បានលើកទឹកចិត្តដល់រដ្ឋាភិបាលទីម័រ ខាងកើតឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីត្រៀមខ្លួនសម្រាប់សមាជិកភាពអាស៊ាន។

កិច្ចប្រជុំបានកត់សម្គាល់ពីការអនុវត្តកិច្ចសហប្រតិបត្តិការនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ការណែនាំសម្រាប់កិច្ចសហប្រតិបត្តិការរបស់អាស៊ាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានគូសបញ្ជាក់អំពីតួនាទីសំខាន់នៃបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងការដោះស្រាយវិបត្តិអាកាសធាតុដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញកសាងអនាគតប្រកបដោយនិរន្តរភាព បង្កើតការងារ និងបង្កើនភាពធន់នឹងផលប៉ះពាល់បរិស្ថាន៕