
កីឡាករជើងខ្លាំង ពេជ្រ សម្បត្តិ អំឡុងពេលប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Saw Kolo។ រូបថត យូរសុះ អាប់ឌុល រ៉ាស់ហ៊ីម
ភ្នំពេញៈព្រឹត្តិការណ៍ប្រកួតគុនខ្មែរអលស្តារ (Kun Khmer All Star) បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ និងមើលតាមការផ្សាយផ្ទាល់រហូតដល់ជាង ២១ ម៉ឺននាក់ ហើយស្របពេលជាមួយគ្នានេះ កីឡាករជើងខ្លាំង ពេជ្រ សម្បត្តិ ដែលបានផ្តួលកីឡាករឡាវឱ្យសន្លប់នោះ បានទទួលរង្វាន់ឡានថ្មី ១ គ្រឿងយ៉ាងរំភើបបំផុត ចំណែកអ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ ព្រមទាំងកីឡាករវ័យក្មេង ឡុង ពិសិដ្ឋ និង ពេជ្រ ប៊ុនសិទ្ធ សុទ្ធតែដណ្តើមបានខ្សែក្រវាត់ ហើយ អេលីត សាន់ ក៏ទទួលបានជោគជ័យ សម្រាប់ការការពារខ្សែក្រវាត់របស់ខ្លួន ពីការដណ្តើមរបស់អ្នកប្រដាល់មីយ៉ាន់ម៉ាផងដែរ។
បើទោះបីជាកម្មវិធីគុនខ្មែរអលស្តារ ធ្លាប់ត្រូវបានរៀបចំចំនួន៧លើករួចមកហើយ ប៉ុន្តែសម្រាប់ការរៀបចំជាលើកទី៨ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី ២២ ខែសីហា គឺព្រឹត្តិការណ៍ ដែលមានលក់សំបុត្រ៣ប្រភេទ តម្លៃ១០ដុល្លារ ៥ដុល្លារ និង៣ដុល្លារមួយនេះ ទទួលបានអ្នកចូលរួមទស្សនាផ្ទាល់ចូលពាន់នាក់ និងមានអ្នកតាមដានការប្រកួតតាមរយៈការផ្សាយផ្ទាល់ជាង ២១ ម៉ឺននាក់ (210,5K)។
ជាមួយការទទួលបានអ្នកទស្សនាយ៉ាងច្រើននេះ លោក ស៊ន អេលីត ស្ថាបនិកព្រឹត្តិការណ៍ Kun Khmer All Star បានបង្ហោះសារ ក្រោយការប្រកួតថា៖ «សូមអរគុណបងប្អូនអ្នកគាំទ្រ ដែលបានជួយគុនខ្មែរអលស្តារ បំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន និងសូមអរគុណប្អូនៗកីឡាករ ដែលប្រកួតអស់ពីសមត្ថភាព បំពេញចំណីចក្ខុអ្នកទស្សនា»។ យ៉ាងណាក៏ដោយ លោក អេលីត ក៏បានសូមការអធ្យាស្រ័យ រាល់កំហុសឆ្គងបច្ចេកទេស និងការដោះដូរសមាសភាពកីឡាករ ដែលបានកើតមានឡើង ក្នុងកម្មវិធីនេះផងដែរ។
ងាកមកចាប់អារម្មណ៍ ពីការប្រកួតទាំង៩គូ នៅក្នុងព្រឹត្តិការណ៍គុនខ្មែរអលស្តារ លើកទី៨នេះវិញ គឺមានភាពស្វិតស្វាញ និងជក់ចិត្តខ្លាំង ជាពិសេសការប្រកួតដណ្តើមខ្សែក្រវាត់ និងការពារខ្សែក្រវាត់ចំនួន៤ប្រភេទទម្ងន់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា ហើយការប្រកួតមិត្តភាពអន្តរជាតិចំនួន៥គូទៀត ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។
តាមរយៈការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរអលស្តាររវាងកីឡាករក្នុងស្រុក គឺម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឡុង ពិសិដ្ឋ បានយកឈ្នះកីឡាករ អេលីត រស្មី ដោយពិន្ទុទាំងលំបាក ក្នុងការប្រកួតត្រឹម៣ទឹក ដើម្បីទទួលបានខ្សែក្រវាត់ទម្ងន់៥១គីឡូក្រាម ក្នុងអាជីពជាលើកដំបូង ចំណែក ពេជ្រ ប៊ុនសិទ្ធ បានម៉ាត់ឱ្យកីឡាករ រិទ្ធី សូសែន សន្លប់នៅទឹកទី២ ដើម្បីទទួលបានខ្សែក្រវាត់ប្រភេទទម្ងន់៥៧គីឡូក្រាម។
ចំណែកអ្នកលេងកណ្តាប់ដៃឆ្វេង ជាម្ចាស់មេដាយមាសស៊ីហ្គេម រឿង សោភ័ណ្ឌ បានម៉ាត់ឱ្យកីឡាករម៉ារុក Omar El Ouers សន្លប់នៅចុងទឹកទី១ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរអលស្តារប្រភេទទម្ងន់៦៩គីឡូក្រាម ហើយ អេលីត សាន់ ក៏ទទួលបានជោគជ័យ ក្នុងការការពារខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមរបស់ខ្លួន ដោយរូបគេបានយកឈ្នះអ្នកប្រយុទ្ធរបស់មីយ៉ាន់ម៉ា Zaw Aye See ដោយពិន្ទុ ខណៈការប្រកួតរបស់អ្នកទាំង២នេះ មានភាពស្វិតស្វាញខ្លាំង។
យ៉ាងណាមិញ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិទាំង៥គូវិញ កីឡាករកម្ពុជា រិទ្ធី ចាន់ណា បានផ្តួលអ្នកប្រដាល់ឡាវ Khunlek VHGym ឱ្យសន្លប់នៅក្នុងទឹកទី៣ រីឯការប្រកួតកីឡាករថ្នាលទម្ងន់២៩គីឡូក្រាមវិញ រិទ្ធ បូរិន របស់កម្ពុជា បានបុកកែងបណ្តាលឱ្យកីឡាករឡាវ Petchmanee សន្លប់ក្នុងទឹកទី២ ហើយ ពេជ្រ សិង្ហៈ បានទាត់ឱ្យឡាវ Plakat ខូចជើងក្រោម និងត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត នៅក្នុងទឹកទី២។
ទន្ទឹមនឹងនេះកីឡាករនីហ្សេរីយ៉ាសញ្ជាតិកម្ពុជា ម៉ានូ សិល្បៈ ដែលបើកឱកាសឱ្យអ្នកប្រដាល់ឡាវ Chat Samai ឡើងប្រកួតសងសឹក ដើម្បីជម្រះភាពមន្ទិល សម្រាប់ការចាញ់ដោយសន្លប់ទាំងមិនអស់ចិត្ត នៅលើសង្វៀនថោន កន្លងមកនោះ គឺ ម៉ានូ ធ្វើបានកាន់តែល្អ ដោយរូបគេបានបុកជង្គង់ និងបន្ថែមដោយកណ្តាប់ដៃ បង្ខំឱ្យ Chat Samai សុំចុះចាញ់នៅត្រឹមទឹកទី២ប៉ុណ្ណោះ។
ជាមួយជ័យជម្នះនេះ ម៉ានូ សិល្បៈ បាននិយាយក្រោយការប្រកួតថា៖ «ការជួបគ្នាលើកមុន ខ្ញុំបានវ៉ៃគាត់ (Chat Samai) ឱ្យសន្លប់ឈរ នៅទឹកទី៣ តែគាត់អត់ពេញចិត្ត ហើយខ្ញុំក៏អត់ពេញចិត្ត ដោយសុំប្រកួតគ្នាម្តងទៀត។ មុនឡើងប្រកួតលើកនេះ ខ្ញុំប្រាប់ថា ដាក់តម្លៃខ្លួន នរណាគេវ៉ៃសន្លប់ នរណាគេខ្លាំងជាង! ហើយខ្ញុំបានវ៉ៃគាត់ឱ្យសន្លប់ ដោយការប្រើជង្គង់ ដែលក្បាច់នេះ ព្រំ សំណាង ជាអ្នកបង្ហាត់ខ្ញុំ ព្រោះ ព្រំ សំណាង ក៏តែងតែវ៉ៃគូប្រកួតឱ្យសន្លប់ដោយជង្គង់ដែរ»។
ដោយឡែកកីឡាករមានរហស្សនាម «ក្របីព្រៃ» ពេជ្រ សម្បត្តិ បានប្រើកណ្តាប់ដៃ ម៉ាត់ឱ្យកីឡាករមីយ៉ាន់ម៉ា Saw Kolo សន្លប់ នៅត្រឹមទឹកទី២ ហើយបន្ថែមទៅលើជ័យជម្នះនេះ ពេជ្រ សម្បត្តិ ក៏បានក្លាយជាម្ចាស់ឡានថ្មីម៉ាក Mazda 2 ផងដែរ ព្រោះនៅក្នុងការប្រកួតគុនខ្មែរអលស្តារ លើកទី៨នេះ គណៈកម្មការបានដាក់កីឡាករកម្ពុជា៤នាក់ រួមមាន រឿង សោភ័ណ្ឌ, ម៉ានូ សិល្បៈ, អេលីត សាន់ និង ពេជ្រ សម្បត្តិ ឱ្យអ្នកទស្សនាបោះឆ្នោត ដើម្បីស្វែងរកអ្នកក្លាយជាម្ចាស់ឡានថ្មីនេះ ហើយជាលទ្ធផល ពេជ្រ សម្បត្តិ ទទួលបានការគាំទ្រ តាមរយៈការបោះឆ្នោតច្រើនជាងគេ៕