ភ្នំពេញៈ អតីត​នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​លោក ហ៊ុន សែន បានបង្ហាញ​ក្តីសង្ឃឹម​លើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា និង​ថៃ ថា នឹង​ធ្វើការ​រួមគ្នា​ក្នុងការ​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២ ​ទ្វេដង​ថែមទៀត បន្ទាប់ពី ប្រទេស​ទាំង ​២ បោះឆ្នោត​គាំទ្រ​នាយករដ្ឋមន្ត្រី​ថ្មី​រៀងៗ​ខ្លួន​នៅ​ចំ​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣ ដូចគ្នា​។​

​លោក​ ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់លោក​នៅ​យប់​ថ្ងៃទី ​២២ ខែសីហា ក្រោយពេល​លោក​ហ៊ុន​ ​ម៉ា​ណែ​ត ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ជា​ផ្លូវ​ការ ខណៈ​នៅ​ប្រទេស​ថៃ​វិញ​សភា​របស់គេ​ក៏បាន​បោះឆ្នោត​ជ្រើសរើស​លោក Srettha Thavisin ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​ផងដែរ​។​

​លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ថ្ងៃនេះ​ជាការ​គាប់​ជួន​ខ្លាំងណាស់ ដោយ​ប្រទេស​ ២ ​កាន់​របបរាជានិយម​ដូចគ្នា​នៅ​ជិត​ខាង​គ្នា ​(​កម្ពុជា​និង​ថៃ​)​ ទទួលបាន​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​ថ្ងៃ​តែ​​មួយ​។ បើទោះបី​ខ្ញុំ​ឈប់​ធ្វើជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ​ក៏ដោយ​ខ្ញុំ​សូម​ផ្ញើ​សារ​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម​ Srettha Thavisin ដែល​ត្រូវ​​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើស​រើស​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ​»​។​

​លោក​បាន​បន្តថា​៖«​ខ្ញុំ​សង្ឃឹមថា នាយករដ្ឋមន្ត្រី​ថ្មី​ទាំង​ ២ ​នឹងធ្វើ​ទំនាក់ទំនង​ជាមួយគ្នា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រ​ទស​ទាំង ​២ ​ឱ្យ​រីកចម្រើន​ទ្វេដង​បន្ថែមទៀត​»​។​

​ថ្ងៃ​ដដែល​នោះ នាយករដ្ឋមន្ត្រី​ថ្មី​ទាំង ​២ កម្ពុជា​-​ថៃ​, លោក​ហ៊ុន​ ម៉ា​ណែ​ត និង​លោក Srettha Thavisin បាន​សន្ទនា​តាម​ទូរ​ស័ព្ទ​ជាមួយគ្នា​ផងដែរ​ដែល​លោក​ទាំង ​២​ បាន​អបអរសាទរ​គ្នា​ទៅវិញទៅមក ខណៈ​លោក Srettha Thavisin បញ្ជាក់​ក្នុង​កិច្ចសន្ទនា​នេះ​ថា លោក​ហ៊ុន​ ម៉ា​ណែ​ត ជា​បុគ្គល​ទី១ ដែល​បាន​អបអរសាទរ​ចំពោះ​លោក បន្ទាប់ពី​រូបលោក​ក្លាយ​ជានា​យក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​។​

​បន្ថែម​ពីនេះ នាយករដ្ឋមន្ត្រី​ថ្មី​ទាំង ​២ ក៏បាន​ប្តេជ្ញាចិត្ត ពង្រឹង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិ​​ការ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ​២​បន្ថែមទៀត​ផងដែរ​។​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​ សភា​កម្ពុជា បាន​ថ្លែង​ពី​ការមើលឃើញ​សញ្ញា​វិជ្ជមាន​លើ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ថៃ នៃ​រដ្ឋាភិបាល​ថ្មី​ទាំង​ ២​ តាមរយៈ​សារ​របស់លោក​ហ៊ុន សែន និង​កិច្ចសន្ទនា​រវាង​លោក ហ៊ុន​ ម៉ា​ណែ​ត និង​លោក Srettha Thavisin​។​

​លោក​បាន​បន្ដថា ទំនាក់​ទំនង​ក្នុង​កម្រិត​បុគ្គល​,​ទំនាក់​-ទំនង​នៃ​រវាង​គណបក្ស​កាន់​អំ​ណា​ច​ពោលគឺ​គណបក្ស​ប្រជា​ជនកម្ពុជា និង​គណបក្ស​ភឿ​ថៃ និង​ទំនាក់ទំនង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ សបញ្ជាក់​អំពី​សញ្ញា​វិជ្ជមាន​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​ទៅ​ថ្ងៃមុខ​។​

​លោក​ គិ​ន ភា បាន​បន្ថែមថា កន្លងមក​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ មាន​ទាំង​ការ​ស្អប់ និង​ការស្រឡាញ់​នៅ​លាយឡំ​គ្នា ដោយពេល​ខ្លះ​មាន​ភាព​រកាំ​​រ​កូ​ស ខ្លះ​ក៏​ត្រូវរ៉ូវ​គ្នា ដោយសារ​ការប្រែប្រួល​ន​យោ​បាយ​ផ្ទៃក្នុង​នៅ​ប្រទេស​ថៃ​។​

​ទោះជា​យ៉ាងណា លោក ​គិ​ន ភា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា​ទំនាក់ទំនង​ប្រទេស​ទាំង​ ២​ នឹងមាន​ភាពប្រសើរឡើង​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ទាំង ​២​។ ប្រសិនបើ​មានការ​ប្រែប្រួល​នយោបាយ​ផ្ទៃក្នុង​នៅ​ថៃ​វា​ក៏​អាច​ជះឥទ្ធិពល​ដល់​កម្ពុជា​ផងដែរ ប្រសិនបើ​មានការ​ប្រឆាំង​ពី​ក្រុម​អាវ​លឿង​ឬ​ក្រុម​យោធា​ណាមួយ​ផ្ទុះឡើង​»​។​

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣ រដ្ឋសភា​កម្ពុជា​បានអនុម័ត​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ក្រោម​ការដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ា​ណែ​ត ខណៈ​នៅក្នុង​ប្រទេស​ថៃ​វិញ​សភា​ថៃ​បាន​បោះឆ្នោត​ជ្រើសរើស​លោក Srettha Thavisin ជានា​យក​រដ្ឋមន្ត្រី​ថៃ​ថ្មី​ផងដែរ ហើយក៏​ស្រប​ពេលដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិលត្រឡប់​ចូល​ប្រ​​ទេស​វិញ​ផងដែរ​៕