ភ្នំពេញៈ ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្មី បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ​និង​ប្រកាស​បន្ត​អនុវត្ត​កំណែទម្រង់​ដែល​ដាក់ចេញ​ដោយ​លោក​ ប្រាក់ សុខុន ក្នុងនោះ​នឹង​បន្ត​អនុវត្តតាម​ការសម្រេច​របស់​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២២ ​និង​លើក​ទិសដៅ ​២០២៣ ​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។

​ការប្រកាស​គាំទ្រ​របស់លោក សុខ​ ចិន្តា​សោភា នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​រវាង​លោក​ជា​មួយ​ថ្នាក់ដឹកនាំ​រួមមាន​លោក ប្រាក់​ សុខុន អតីតរដ្ឋមន្ត្រី​ការបរទេស ព្រមទាំង​មន្ត្រី​ក្រសួង​នេះ​នៅ​ថ្ងៃទី​ ២៣ ខែសីហា ឆ្នាំ ​២០២៣​។​

​លោក​ សុខ ចិន្តា​សោភា បាន​ថ្លែងថា ការគាំទ្រ​និង​អនុវត្ត​ការ​កំណែទម្រង់​នោះ​រួមមាន បន្ត​ពង្រឹង​ដំណើរការ ដើម្បី​បង្កើត​សមិទ្ធផល​ថ្មីៗ​របស់​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ដល់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ខាង​វិស័យ​ការទូត​ដើម្បី​កសាង​ឱ្យបាន​មន្ត្រី​មាន​សមត្ថ​ភាពខ្លាំង ស្អាតស្អំ វៃឆ្លាត និង​ផ្តោតទៅលើ​ប្រយោជន៍​ជាតិ​។​

​លោក​មានប្រសាសន៍ថា​៖ «​ជំរុញ​ការកែសម្រួល​រចនាសម្ព័ន្ធ​ស្ថាប័ន​និង​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រសួង​ចាំបាច់​នានា​ទាំង​ផ្នែក​រឹង​និង​ផ្នែក​ទន់ ដូចជាជំរុញ​សំណើ​គម្រោង​សាងសង់​អគារ​ធ្វើការ​បន្ថែម​តាម​ការចាំបាច់​,​ ពង្រីក​សមត្ថភាព​ស្ថាប័ន​ដោយ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​បង្កើន​ចំនួន​មន្ត្រី​តាម​ដំណាក់កាល​និង​ផ្តល់​ការ​លើកទឹកចិត្ត​ចំពោះ​បុគ្គល​ដែលមាន​សមត្ថភាព​និង​ទេពកោសល្យ​»​។

​លោក​ សុខ ចិន្តា​សោភា បាន​បន្តថា ការងារ​កំណែទម្រង់​មួយទៀត​នោះ​គឺ​បន្ត​ជំរុញ​ការស្នើ​សុំឱ្យ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញវត្ថុ អនុវត្ត​ឡើងវិញ​នូវ​ការពិនិត្យ​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រី​ការ​ទូត​ និង​បុគ្គលិក​នានា​ដែល​បម្រើ​តាម​ស្ថាន​បេសកកម្ម​នៅក្រៅ​ប្រទេស​រៀងរាល់​២​ឆ្នាំ​ម្តង​ដើម្បី​អាចឆ្លើយតប​សមស្រប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ នៃ​រដ្ឋសភា​នឹង​បន្ត​ដំណើរការ​ក្នុង​បរិបទ​នៃ​ការប្រកួត​​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​យោធា​រវាង​មហាអំណាច​ធំ​បំផុត​ទាំង ​២ ​ដែលមាន​ភាព​តានតឹង​ខ្លាំង​ឡើងៗ​។ ដូចនេះ​នៅក្នុង​ស្ថាន​​ការណ៍​អន្តរជាតិ​វិ​វត្ត​បត់បែន ប្រែប្រួល យ៉ាង​ស្មុគស្មាញ​និង​ឆាប់រហ័ស​នេះ​»​។​

​នាឱកាស​នោះដែរ អតីតរដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន បានបង្ហាញ​ពី​ភាព​ក្តុកក្តួល​ដោយ​លោក​បាន​លើកឡើងថា នេះ​ជា​ពេលវេលា​ដ៏​រំជួលចិត្ត​បំផុត​មួយ​សម្រាប់​លោក​ផ្ទាល់​ក្នុង​រយៈពេល​ជាង ​៤៤​ ឆ្នាំ ដែល​លោក​ធ្វើ​ការជូន​រដ្ឋ​និង​ក្រោយ ​៧ ​ឆ្នាំ​ជា​រដ្ឋ​មន្ត្រី​ការបរទេស​។​លោក​បាន​

បញ្ជាក់ថា​៖ «​វា​ជា​ច្បាប់ធម្មជាតិ​ដែល​អ្វីៗ​តែងតែមាន​ការចាប់​ផ្តើម​និង​ការបញ្ចប់​ទៅវិញ​។​ជា​កិត្តិ​យស​ខ្ពង់ខ្ពស់​ណាស់​ដែល​សម្តេច​អគ្គ​​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានប្រគល់​ឱ្យ​ខ្លួន​ខ្ញុំ​នូវ​បេសកកម្ម​ដ៏​ថ្លៃថ្នូរ​បំផុត​ក្នុងការ​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​យើង​លើ​សមរភូមិ​ការទូត​នានា​នៅក្នុង​តំបន់​និង​ពិភពលោក​»​។​

​លោក ​ប្រាក់ សុខុន បាន​បន្ថែមថា ក្នុង​អាណត្តិ​របស់លោក ការងារ​ធំៗ​ទាំង ​៥ ដែល​លោក​បាន​បំពេញ​រួមមាន ការការពារ​ផលប្រយោជន៍​គោល​របស់​ជាតិ ជាពិសេស​ការការពារ​ឯក​រាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​កិត្យានុភាព​របស់​កម្ពុជា​;​ការអនុវត្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​ប្រកបដោយ​ភាពបត់បែន វាងវៃ ឆ្លើយតប​ទៅនឹង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​ដ៏​តាន​តឹង​ស្មុគស្មាញ​។​

​លោក​បាន​បន្តថា ការចូលរួម​ជា​មួយ​សហគមន៍​អន្តរជាតិ​ក្នុង​បុព្វហេតុ​សន្តិភាព ស្ថិរភាព មនុស្សធម៌ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​ពិភពលោក​;​ការអនុវត្ត​ការងារ​ការទូត​សេដ្ឋកិច្ច វប្បធម៌ និង​ទេស​​ចរណ៍ ដើម្បី​រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច និង​ចុងក្រោយ​គឺ​ការបន្ត​ការដ្ឋាន​កំណែទម្រង់​ស្ថាប័ន​នៅក្នុង​ក្រសួង​ដើម្បី​រៀបចំ​អង្គ​អ្នកការទូត​ប្រកបដោយ​វិជ្ជាជីវៈ សកម្ម មាន​សមត្ថភាព និង​ស្នេហា​ជាតិ​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះដែរ លោក​ សុខ ចិន្តា​សោភា បាន​ប្តេជ្ញាចិត្ត​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​កម្លាំងកាយ​ចិត្ត​បំពេញភារកិច្ច និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​នេះ​តាម​គន្លង​ធម៌​ក្នុង​មនសិការ​ស្នេហា​ជាតិ​ដ៏​ស្មោះ​ស្ម័គ្រ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ដោយ​នឹង​ខិតខំ​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​ការទូត​បទពិសោធន៍​ដ៏​សន្ធឹកសន្ធាប់​និង​ការធ្វើ​សេចក្តីសម្រេច​ដ៏​វាងវៃ និង​ត្រងត្រាប់​អនុវត្តតាម​ដំបូន្មាន​លោក​ហ៊ុន សែន និង​ស្របតាម​ការចង្អុលបង្ហាញ​ណែនាំ​និង​អនុសាសន៍​ដឹកនាំ​របស់លោក​ហ៊ុន ម៉ា​ណែ​ត ដែលមាន​ចំណេះដឹង និង​បទពិសោធន៍​ដឹកនាំ ផ្នែក​យោធា​ផងដែរ​៕