ភ្នំពេញៈ មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​បាន​ផ្ញើលិខិត​បន្តបន្ទាប់​គ្នា​ថ្លែង​សាទរ និង​បង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​បន្ត​កិច្ចសហ ប្រតិបត្តិការ​ជា​​មួយ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​ដែល​បាន​ជាប់ឆ្នោត​កាលពី​ខែកក្កដា ហើយ​សមា​ជិ​ក​រដ្ឋសភា​បាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​ផ្ដល់​សេចក្ដី​ទុក​​ចិត្ត កាលពី​ថ្ងៃទី ​២២ ខែសីហា​ឆ្នាំ​ ២០២៣​។​

​មេដឹកនាំ​ទាំងនោះ​មាន នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ទុយ​នី​ស៊ី​, ប្រធានាធិបតី​នៃ​សា​ធារ​ណ​រដ្ឋ​ហ្គា​ណា​,​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បេឡា​រុស​, ព្រះមហាក្សត្រ​នៃ​ប្រទេស​ប្រ៊ុ​យ​ណេ​, នាយករដ្ឋមន្ត្រី​នៃ​សា​ធារ​​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​, ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​, នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​, ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​សន្តិសុខ​ជាតិ​សិង្ហ​បុរី​, នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​, នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​នៃ​ព្រះរាជាណាចក្រ​ថៃ នាយករដ្ឋមន្ត្រី​ប្រទេស​ហុង​គ្រី​, នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដែ​ស​, នាយករដ្ឋមន្ត្រី​ជប៉ុន​, ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​, នាយក​​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យ​កូរ៉េ និង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង​ថ្នាក់ដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត​។​

​យោងតាម​លិខិត​ទាំងនោះ​មាន លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣ បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ចាប់ផ្ដើម​រាជរដ្ឋាភិបាល​ថ្មី​។​

​យោងតាម​លិខិត​នេះ លោក ហ្វូ​មី​អូ បានឱ្យដឹងថា​៖ «​កម្ពុជា និង​ជប៉ុន​បាន​កសាង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​សន្តិភាព ការ​ស្តារឡើងវិញ និង​ការអភិវឌ្ឍ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​»​។

​លោក​បាន​បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិន​ត្រឹមតែ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ជប៉ុន និង​កម្ពុជា​ត្រូវបាន​ពង្រឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ថ្មីៗ​ដូចជា សន្តិសុខ ឌីជីថល និង​បណ្តាញ​គមនាគមន៍​ជាដើម​ក៏​កំពុងមាន​ការរីកចម្រើន​ផងដែរ​។

​លោក ហ្វូ​មី​អូ គី​ស៊ី​ដា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មានបំណង​សហការ​ជាមួយ​ឯកឧត្តម​ដើម្បី​ធ្វើ​ការជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ឆាក​តំបន់ និង​អន្តរ​ជាតិ ព្រមទាំង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធ​​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។​

​លើសពីនេះ ទាក់ទង​ទៅនឹង​លទ្ធិ​ប្រជាធិបតេយ្យ​ប្រទេស​ជប៉ុន​នឹង​បន្ត​ពិភាក្សា​ដោយស្មោះ​ត្រង់ និង​សហ​​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការ​អភិ​​វ​ឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ផងដែរ​។​

​លិខិត​លោក មីន អ៊ុង​ឡាំង (Min Aung Hlaing) មេដឹកនាំ​កំពូល​យោធា​មី​យ៉ាន់​ម៉ា ក៏បាន​ឱ្យដឹងថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​យ៉ាង​កក់​ក្តៅ​ចំពោះ​ឯកឧត្តម ចំពោះ​ការតែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​»​។​

​លោក​បាន​បន្តថា ក្នុង​រយៈពេល​ ៦​ ទសវត្សរ៍​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​របស់​មី​យ៉ាន់​ម៉ា និង​កម្ពុជា​បាន​រក្សាបាន​ទំនាក់ទំនង​ជិតស្និទ្ធ ការយល់​ដឹង និង​ការជឿទុកចិត្ត​គ្នា ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅ​​វិញ​ទៅមក​ចំពោះ​អធិបតេយ្យភាព ការមិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញទៅមក និង​កិច្ច​សហ​ប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង​ ២​។​

​យោងតាម​លិខិត​នេះ លោក មីន អ៊ុង​ឡាំង បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ និង​ការណែនាំ​ប្រកបដោយ​ចក្ខុវិស័យ​របស់​ឯកឧត្តម កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​មី​យ៉ាន់​ម៉ា និង​កម្ពុជា នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត​លើ​វិស័យ​ផ្សេងៗ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជាតិ និង​ប្រជាជន​យើង​ទាំង​ ២​ នៅ​ឆ្នាំ​ខាងមុខៗ​ទៀត​»​។​

​យោងតាម​លិខិត លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានឱ្យដឹងថា ប្រទេស​ចិន និង​កម្ពុជា ដែលជា​អ្នកជិតខាង​ដែលមាន​ទំនាក់​ទំនង​មិត្តភាព​ប្រពៃណី​ចាក់ឫស​យ៉ាង​ស៊ីជម្រៅ ឥឡូវនេះ​កំពុង​ឈានចូល​យុគសម័យ​ថ្មី​នៃ​ការកសាង​សហ​​គម​ន៍​ចិន​-​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ជាមួយនឹង​អនាគត​រួមគ្នា ក្រោម​ការ​​ណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​មេដឹកនាំ​ប្រទេស​ទាំង​ ២​។​

​លោក វ៉ាង យី បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ឯកឧត្តម ដើម្បី​អនុវត្ត​ការ​ឯក​​ភាព​ដ៏​សំខាន់​ដែល​មេដឹកនាំ​នៃ​ប្រ​ទេស​យើង​ទាំង​ ២ ​សម្រេចបាន និង​ការជំរុញ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​ទៀត​»​។​

​លោក​ ថុង ម៉េង​ដា​វិត អ្នកស្រាវជ្រាវ​ប្រចាំ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែសីហា ឆ្នាំ​ ២០២៣ ថា សារ​លិខិត​នៃ​មេដឹកនាំ​ទាំងនោះ​បានបញ្ជាក់​ពី​ជំនឿ និង​ការទុកចិត្ត​លើ​រដ្ឋាភិបាល​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក ហ៊ុន ម៉ា​ណែ​ត និង​សមាជិក​រដ្ឋាភិបាល​ថ្មី គឺជា​ក្រុម​បញ្ញវន្ត និង​ជា​អ្នកដឹកនាំ​ដែល​ពោរពេញ​ដោយ​សមត្ថភាព ចំណេះដឹង និង​បទ​​ពិសោធន៍​ការងារ​ច្រើន​ជាមួយ​បរ​​ទេស​។ លោក​ថា​៖ «​ដូចនេះ​ការ​រឹត​ចំណងមិត្តភាព និង​ការស្តារ​ទំនាក់​ទំនង​ជាមួយ​មិត្ត​បរទេស ជា​កត្តា​ដ៏​សំខាន់​ដើម្បីឱ្យ​កម្ពុជា​ទទួលបាន​ការ​គាំទ្រ បង្កើន​ទំនុកចិត្ត ពង្រីក​កិច្ច​សហ​​ប្រតិបត្តិ​ការបន្ថែម និង​ជំរុញ​សកម្ម​ភាព​វិនិយោគ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំងនោះ​»​។

លោក​ថ្លែងថា រាជរដ្ឋាភិបាល​នីតិ​កាល​ទី​៧ នេះ​គឺជា​ចំណុច​របត់​ន​យោ​បាយ​កម្ពុជា​សម័យ​ទំនើប ដែល​បាន​គូសវាស និង​ជំរុញ​បន្ថែម​ពី​ថ្នាក់ដឹកនាំ​សម័យមុន ហើយ​កម្ពុជា​ត្រូវតែ​បន្ត​ពង្រឹង និង​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការបរទេស ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល ជាពិសេស​ការអភិវឌ្ឍ​ធនធាន​មនុស្ស ការកែសម្រួល និង​ពង្រឹងសមត្ថភាព​កសាង​ស្ថាប័ន វិស័យសេដ្ឋកិច្ច យោធា និង​សន្តិសុខ បច្ចេក​​វិទ្យា​ព័ត៌មានវិទ្យា និង​ធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម ដើម្បី​សម្រេចបាន​គោល​ដៅ​ជាតិ ២០៣០ និង​ ២០៥០៕