ភ្នំពេញៈ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក សុខ ផល និង​គណៈប្រតិភូ​កម្ពុជា​ បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ​ជាមួយ​ដៃគូ​សន្ទនា​បូក​ ៣ នៅ​ឥណ្ឌូនេស៊ី ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​សំដៅ​ពង្រឹង​ការរៀបចំ​ និង​ចាត់ចែង​អនុវត្ត​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុង​រង្វង់​ប្រទេស​ជា​ដៃគូ​។​

​ជំនួប​ប្រជុំ​ពិគ្រោះ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើក​ទី​១៧ នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ឡា​ប៊ូ​ន​បា​ចូ ឥណ្ឌូនេស៊ី ដែលមាន​ការចួលរួម​ពី​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​នានា និង​ប្រទេស​ដៃគូ​សន្ទនា​រួមមាន ចិន កូរ៉េខាងត្បូង និង​ជប៉ុន​។ នេះ​បើ​យោងតាម​ការប្រកាស​ពី​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​អង្គប្រជុំ អាស៊ាន​និង​ដៃគូ បាន​ផ្លាស់ប្តូរ​ទស្សនៈយោបល់​គ្នា​ទៅវិញទៅមក លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ផ្តល់យោបល់​បន្ត​ពង្រឹង​សហប្រតិបត្តិ​ការបន្ថែម​រវាង​អាស៊ាន​និង​ប្រទេស​ជា​ដៃគូ​សំដៅ រៀបចំ ចាត់ចែង​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ផែន​ការដែល​ខ្លួន​ដាក់ចេញ​និង​ឯកភាព​កន្លងមក​។​

​បន្ទាប់​ពីនេះ លោក ​សុខ ផល ក៏បាន​ចូលរួម​ក្នុង​ពិធី​ផ្ទេរតំណែង​ជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៨ (18th AMMTC) ដែល​នឹងត្រូវ​ប្តូរ​វេន​ពី​ឥណ្ឌូនេស៊ី​ទៅកាន់​ឡាវ ផងដែរ ខណៈ​ឡាវ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែសីហា ឆ្នាំ​២០២៤​។​

​ក្រៅពីនោះ លោក ​សុខ ផល បាន​ជួបពិភាក្សា​កា​ងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ចិន​លោក ស៊ី ថា​ថុង ផង ដោយ​ភាគី​ទាំង​២ កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង​និង​កិច្ចសហការ​ល្អ​រវាង​គ្នា​និង​គ្នា​កន្លងទៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ភាគី​ទាំង​២ ក៏បាន​ពិភាក្សា​និង​ប្តេជ្ញា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​បទល្មើស​ឆ្លងដែន តាមរយៈ​យន្តការ​តំបន់ និង​ក្របខ័ណ្ឌ​មេគង្គ​-​ឡាន​ឆាង ផងដែរ​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែលជា​យន្តការ​ពហុ​ភាគី​ដើម្បី​ទប់ស្កាត់​បញ្ហា​សន្តិសុខ​ជា​ប្រពៃណី​លើ​បទល្មើស​ឆ្លងដែន​ខណៈ​ប្រទេស​ដៃគូ​សន្ទនា​តួយ៉ាង ចិន កូរ៉េខាងត្បូង ជប៉ុន ជាដើម​សុទ្ធសឹងតែ​ជា​ប្រទេស​ដែលមាន​សក្តានុពល​សម្រាប់​ការគាំទ្រ​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។​

​លោក​ គិ​ន ភា ថ្លែងថា​៖«​កន្លងមក​កិច្ចសហការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​លើ​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ​មាន​លក្ខណៈ​ល្អ ព្រោះ​ជា​បញ្ហា​រួម​ដែល​ត្រូវ​ដោះស្រាយ ព្រោះ​បទល្មើស​នេះ ត្រូវការ​យន្តការ​ពហុ​ភាគី​»​។​

​លោក ថ្លែងថា ក្នុង​បញ្ហា​សន្តិសុខ​តំបន់​នេះ ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជា​បទល្មើស​ធំ​ដែល​ទាមទារ​បណ្តា​ប្រទេស​នានា​រួមគ្នា​ដោះស្រាយ ដែល​គ្មាន​ប្រទេស​ណាមួយ​ជា​ឯក​តោ​ភាគី​អាច​សម្រេចបាន​ដោយ​ជោគជ័យ​ឡើយ ពោលគឺ​ពហុភាគី​និយម​ដែលជា​យន្តការ​គន្លឹះ​៕