ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ និង​អង្គការអន្តរ​ជាតិទេសន្តរប្រវេសន៍ (IOM) បាន​សហការ​គ្នា​រៀប​ចំ​បើក​​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី ការ​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ទៅ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ខេត្ត​ព្រៃវែង និង​កំពង់​ធំ ដើម្បី​ឱ្យ​មន្ត្រី​ទាំង​នោះ​ផ្តល់​សេវា​គាំ​ពារ​សម​ស្រប​បាន​ទាន់​ពេល​វេលា​។

វគ្គ​បណ្ដុះ​បណ្ដាល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៣ ខែ​សីហា​ ក្រោម​អធិបតី​លោកស្រី ជូ ប៊ុនអេង រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃនិង​ជាអនុ​ប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) និង​លោកស្រី គ្រីស្ទីន ផាកូ ប្រធាន​បេសកកម្ម​អង្គ​ការIOM ប្រចាំ​កម្ពុជា រួម​ជា​មួយ​និង​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ផង​ដែរ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកស្រី ជូ ប៊ុនអេង។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា សិក្ខា​កាម​ដែល​អញ្ជើញ​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ មាន​លោក លោក​ស្រី ជា​មន្រ្តី​ថ្នាក់​ក្រោម​ជាតិអាជ្ញាធរ​ដែនដី​ អភិ​បាល អភិបាល​រង​ស្រុក ស្នង​ការ​រង អធិ​ការ អធិ​ការ​រង និង​មន្រ្តី​នគរ​បាល​​ដែល​អញ្ជើញ​មក​ពី​ខេត្ត​ព្រៃវែង និង​​ខេត្ត​កំពង់​ធំ​។

លោកស្រី ជូ ប៊ុនអេងរដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង​ ក្នុង​គោល​បំណង ដើម្បី​ពង្រឹង​សមត្ថភាព​មន្រ្តី​អ្នក​អនុវត្ត​ន៍ការ​ងារ ថ្នាក់​ក្រោម​ជាតិ ឱ្យ​ទទួល​បាន​​ចំណេះ​ដឹង ក្នុង​ការ​សង្កេត សាក​សួរ ប្រមូល​ព័ត៌​មាន ស្វែង​រក​ភាព​រង​គ្រោះ​របស់​បុគ្គល ​​ដែល​សង្ស័យ​ថា​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ឱ្យ​អាច​សន្និ​ដ្ឋាន​ឈាន​ទៅ​ធ្វើ​ការ​សន្មតជា​បណ្តោះ​អាសន្ន​ថា «​ជា​ជន​រង​គ្រោះ​» ដើម្បី​ផ្តល់​កិច្ច​ការ​ពារ ការ​​គាំ​ពារ និងផ្តល់​​សេវា​សម​ស្រប​ជួយ​ជន​​រង​គ្រោះ​ឱ្យបាន​ទាន់​ពេល​វេលា ​ប្រកប​ដោយ​មនុស្ស​ធម៌ មិន​រើស​អើង ដោយ​មិន​ទាន់​គិត​អំពី​ការ​សង្កេត ស្រាវ​ជ្រាវ​ផ្សេង​ទៀត​តាម​នីតិ​វិធី​តុលា​ការ​ដែល​ចាំ​បាច់​។

លោក​ស្រី​បញ្ជាក់​ថា៖​ «​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន ដែល​ស្ថិត​ក្រោម​គណៈ​កម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស មាន​រចនា​សម្ព័ន្ធ​ច្បាស់​លាស់​ណាស់ ប៉ុន្តែ​បែរ​ជា​បណ្តែត​បណ្តោយ​ឱ្យ​មាន​ឧក្រិដ្ឋ​ជន ធ្វើ​សកម្មភាព​បាន​ទៅ​វិញ​។ ប្រការ​នេះ​ហើយ ដែល​យើង​មិន​ចង់​ឃើញ​ឈ្មោះ​មន្ត្រី មាន​តែ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​លើ​ក្រដាស ហើយ​គ្មាន​​សកម្មភាព​ជាក់​ស្តែង​»​។

ជុំ​វិញ​រឿង​នេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ ​ បាន​​ថ្លែងថា ការ​រៀប​ចំ​របស់​ក្រសួង​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព និង​បង្កើនចំ​ណេះ​ដឹង​ទៅ​ដល់​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​ទាក់​ទង​នឹង​ការ​កំណត់​អត្ត​សញ្ញាណ​ជន​រង​​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្សគឺ​ជា​រឿង​ចាំ​បាច់។

លោកថា៖« ពីព្រោះ​មិន​ថា​នៅ​កម្ពុជា ឬ​បណ្ដា​ប្រទេស​ផ្សេង​នោះ​ទេ អំពើ​ជួញ​ដូរ​មនុស្ស​នៅ​តែ​ជា​ក្ដី​បារម្ភ ខណៈ​ដែល​​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក នៅ​តែ​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​»។ លោក​បន្ត​ថា ដូច្នេះ​ហើយ​កម្ពុជា ត្រូវ​តែ​មាន​យន្ត​ការ និង​ការ​រៀប​ចំ​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​ជួយ​លើក​កម្ពស់​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ជា​ពិសេស​គឺ​ការ​ស្ដារ​នី​តិ​សម្បទា​ជន​រង​គ្រោះ​ទាំង​នោះ​ឡើង​វិញ​។

លោក អំ សំអាត លើក​ឡើង​ថា​៖ «​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ ខ្ញុំ​យល់​ថា​ការ​ផ្ដល់​សេវា​គាំ​ពារ​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ដល់​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស គឺ​វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ និង​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទាន់​ពេល​វេលា​សម្រាប់​គាត់ ពីព្រោះ​បញ្ហា​នៃកា​រ​គាំ​ពារ​ទៅ​លើ​ជន​រង​គ្រោះ​​នៅ​មាន​ការ​រើស​​អើង​ និង​មិន​សម​ស្រប​តាម​ស្ថាន​ភាព​សង្គម​។​ជា​ពិសេស​គឺ​មិន​សូវ​មាន​មណ្ឌល ឬ​ក៏​កន្លែង​សុវត្ថិ​ភាព​ស​ម្រាប់​​ពួក​គាត់​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ដំណើរ​រឿង​ក្ដី ពីព្រោះ​បញ្ហា​​ខ្លះ​ទាក់​ទង​នឹង​សុវត្ថិ​​ភាព​ និង​​សន្តិ​សុខ​ផ្ទាល់​ខ្លួន​របស់​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស និង​ក្រុម​គ្រួសារ វា​ក៏​ជា​រឿង​សំខាន់​ដែរ​»​។

ពាក់ព័ន្ធបញ្ហា​នៃ​ការ​ជួញ​ដូរ​មនុស្ស​នេះ ក្រៅ​ពី​ការ​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ទៅ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ឱ្យ​មាន​ចំណេះ​ដឹង និង​សមត្ថភាព​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​នៃ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ហើយ ​លោក​អំ សំអាត សង្ឃឹម​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ នឹង​ផ្ដល់​កិច្ច​គាំ​ពារ​ឱ្យ​ល្អ​ប្រសើរ និង​ពេញ​លេញ​សម្រាប់​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ផង​ដែរ​៕