
សាលា និងយុវជនកម្ពុជា ទទួលបានពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន និងពានរង្វាន់យុវជនឆ្នើមបរិស្ថានអាស៊ានឆ្នាំ២០២៣។
ភ្នំពេញៈយុវជន និងសាលាកម្ពុជាបានទទួលពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន និងពានរង្វាន់យុវជនឆ្នើមបរិស្ថានអាស៊ានឆ្នាំ២០២៣ ដែលជាមោទនភាពសម្រាប់កម្ពុជា ដែលទទួលបានការស្គាល់កម្រិតតំបន់ក្នុងការងារអប់រំ ផ្សព្វផ្សាយ និងការធ្វើសកម្មភាពមេត្រីភាពបរិស្ថាន។
យោងតាមក្រសួងបរិស្ថាននាថ្ងៃទី២៥ ខែសីហាបានឱ្យដឹងថា កម្ពុជាបានចាត់បញ្ជូនសាលាមេត្រីបរិស្ថានចំនួន ២ សាលា និងយុវជនឆ្នើមបរិស្ថានចំនួន ២ រូបទៅចូលរួមក្នុងកម្មវិធីនេះ។ ក្នុងនោះរួមមាន៖ ១. សាលាមេត្រីបរិស្ថាន មាន វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ តំណាងដោយ លោក ជា សំអូន ជានាយកសាលា និងសាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង តំណាងដោយ លោក នុត អង្គារ ជានាយកសាលា។
ចំពោះយុវជនឆ្នើមបរិស្ថានវិញ រួមមាន៖យុវនារី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន និងយុវជន ហែម សុភេម និស្សិតប្លាស្ទិក។
ក្រសួងបរិស្ថានបានបញ្ជាក់ថា៖«នេះជាមោទនភាពសម្រាប់កម្ពុជាដែលមានសាលា និង យុវជនឆ្នើម ត្រូវបានទទួលស្គាល់កម្រិតតំបន់ថា ជាសាលា និងយុជនគំរូដែលមានស្នាដៃល្អ ក្នុងការងារអប់រំ ផ្សព្វផ្សាយ និងធ្វើសកម្មភាពមេត្រីភាពបរិស្ថានដែលជាការរួមចំណែក លើកកម្ពស់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាពទាំងក្នុងស្រុក និងក្នុងតំបន់អាស៊ានទាំងមូល»។
ទាំងសាលា និងយុវជន ដែលត្រូវបានចាត់បញ្ជូនចូលរួមក្នុងកម្មវិធីខាងលើ បានឆ្លងកាត់ការវាយតម្លៃ និងទទួលស្គាល់ថ្នាក់ជាតិលើការងារបរិស្ថាន និងសង្គមដោយផ្អែកលើសូចនាករ និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ក្រោមការដឹកនាំរបស់នាយកដ្ឋានអប់រំបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។
លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្តូរវេនក្រុមការងារអប់រំបរិស្ថានអាស៊ាន (AWGEE) បានដឹកនាំក្រុមការងារ គណៈគ្រប់គ្រងសាលា និងយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីសិក្ខាសាលា និងពិធីប្រគល់ពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ានលើកទី៤ និងពានរង្វាន់យុវជនឆ្នើមបរិស្ថានអាស៊ានលើកទី២ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៣ ខែសីហានេះ។
កម្មវិធីពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន និងពានរង្វាន់យុវជនឆ្នើមបរិស្ថានអាស៊ាន គឺជាគំនិតផ្តួចផ្តើមរបស់ក្រុមការងារអប់រំបរិស្ថានអាស៊ាន ដែលត្រូវបានរៀបចំឡើងរៀងរាល់ ៤ ឆ្នាំម្តង ស្របតាមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន។ ក្នុងនាមជាសមាជិក កម្ពុជាបានខិតខំប្រឹងប្រែង និងនៅបន្តកិច្ចសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងបុព្វហេតុការងារបរិស្ថាន តាមរយៈការបណ្តុះបណ្តាល ការផ្តល់បច្ចេកទេស និងការគាំទ្រហិរញ្ញវត្ថុផ្សេងៗដល់សាលា និងយុវជន ដើម្បីមានលទ្ធភាពអនុវត្តកម្មវិធីសាលាមេត្រីបរិស្ថាន ព្រមទាំងការអនុវត្តសកម្មភាពផ្សេងៗរបស់យុវជនឱ្យកាន់តែមានភាពផុលផុស និងទូលំទូលាយនាពេលខាងមុខ។ នេះបើយោងតាមក្រសួងបរិស្ថាន៕