
អ្នកចូលរួមក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក នៅថ្ងៃទី២៥ ខែសីហា។ រូបថត រដ្ឋបាលខេត្តសៀមរាប
សៀមរាបៈ លោក សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ បានលើកឡើងនៅថ្ងៃទី២៥សីហា ថា អាជ្ញាធរថ្នាក់ក្រោមជាតិ មានរដ្ឋបាលខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
លោក សួង ណយ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសនៃវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណផ្សារម៉ាក្រូ។
លោកបន្តថា ការបង្កើតវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជំរុញផលិតផលក្នុងស្រុក និងជំរុញការនាំចេញនៅនឹងកន្លែងស្របតាមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ។
លោក សួង ណយ លើកឡើងថា កន្លងមកអ្នកផលិតតែងរអ៊ូរទាំថា អត់ទីផ្សារ ហើយអ្នកទិញ ដែលជាអ្នកនៅក្នុងស្រុកដូចគ្នា អ្នកនៅសៀមរាបដូចគ្នា អត់ដឹងថា នៅខេត្តសៀមរាបផលិតបានអ្វីខ្លះនោះទេ? «ដូច្នេះហើយបានជាវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ មានន័យថា នាំអ្នកផលិតនិងអ្នកទិញឱ្យពួកគាត់ជួបគ្នាដើម្បីឱ្យពួកគាត់ជជែកគ្នា ថា អ្នកផលិត ផលិតបានអី ចំនួនប៉ុន្មាន? ហើយអ្នកទិញត្រូវការអ្វី ត្រូវការចំនួនប៉ុន្មាន?»។
បន្ថែមពីនេះ ឱ្យពួកគាត់ជជែកគ្នាដោយផ្ទាល់ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។ លោក សួង ណយ រំពឹងថា នៅតាមបណ្តាខេត្តរាជធានីដទៃទៀត នឹងរៀបចំវេទិកាបែបនេះ ឱ្យបានញឹកញាប់ ព្រោះវានឹងជំរុញឱ្យមានការផលិត និងការប្រើប្រាស់ផលិតផលរបស់ខ្មែរកាន់តែច្រើន។
លោក យុន លីនណេ អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តសៀមរាប ក៏បានថ្លែងក្នុងពិធីនេះដែរថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ នេះធ្វើឡើងក៏ដើម្បីចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយផងដែរ៕