ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចាត់ទុក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី លើក​ដំបូង សម្រាប់​នីតិកាល​ទី ៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី ២៤ ខែសីហា ថា «​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​» និង​បាន​ថ្លែង «​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជនរួមជាតិ​ទាំងអស់ ដែល​បានផ្ដល់​យុត្តិធម៌ ជំនឿ និង​ការគាំទ្រ​យ៉ាងរឹងមាំ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​នៃការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី ៧ កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ នេះបើ​យោងតាម​ក្រសួង​មហាផ្ទៃ។​

លោក​ហ៊ុន ម៉ា​ណែ​ត បន្តថា​៖«​ជាការ​ពិតណាស់ ការបោះឆ្នោត​កន្លងទៅ បាន​ប្រព្រឹត្តទៅ​យ៉ាង​ត្រឹមត្រូវ​ដោយ​សេរី និង​យុត្តិធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង និង​ជាពិសេស មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​រហូតដល់​ជាង ៨ លាននាក់ ត្រូវជា​ប្រមាណ ៨៤,៥៤ ភាគរយ នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)»។​

លោក​បន្ថែមទៀតថា ច្បាស់​ណាស់​ថា «​លទ្ធផល​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ឆន្ទៈ នៃ​ការគាំទ្រ​ដ៏​ពេញទំហឹង និង​មោះមុត​ពី​ប្រជាពលរដ្ឋ​ច្រើន​លើសលប់ និង​ពី​គ្រប់​មជ្ឈដ្ឋាន​លើកិច្ច​ដំណើរការ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ និង​ទៀងទាត់​របស់​កម្ពុជា»។​

លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ជាការ​ពិត ការគាំទ្រ​ជឿទុកចិត្ត​ដ៏​ធំធេង មានន័យ​មិន​ត្រឹមតែ​ជាការ​លើក​ទឹកចិត្ត​ដល់​មហិមា​ចំពោះ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ «​តែ​ក៏​ជាការ​ទទួល​ខុសត្រូវ​ធំ​បំផុត​របស់​យើង​ទាំងអស់គ្នា នៅក្នុង​ការបំពេញ​បេសកកម្ម​ជាតិ​ដ៏ឧត្តុង្គឧត្តម ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន ជាពិសេស​ការធានា​បន្ត​រក្សាបាន​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ព្រមទាំង​ការបន្ត​ជំរុញ​កែលម្អ​ជីវិត​ជីវភាព​របស់​ប្រជាជន និង​ការអភិវឌ្ឍ​ឈានឡើង​ឥតឈប់ឈរ​របស់​ប្រទេសជាតិ»។​

លោក​បាន​គូសបញ្ជាក់ថា​៖«​អាស្រ័យហេតុនេះ យើងទាំងអស់គ្នា​ជា​សហសេវិក​ក្នុង​រាជរដ្ឋាភិបាល ត្រូវ​ប្ដេជ្ញា​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​បំផុត ឱ្យ​អស់ពី​សមត្ថភាព​នៅ​ក្នុង​ស្មារតី​សាមគ្គី​ស្អិតរមួត និង​សហប្រតិបត្តិ​ការល្អ និងការ​សម្របសម្រួល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បំពេញ​បេសកកម្ម​ជាតិ​ដ៏ឧត្តុងឧត្តម​នេះ ឱ្យសម្រេច​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​អាណត្កិ ដែល​ប្រជាពលរដ្ឋ​យើង​ដ៏​ច្រើន​កុះករ នៅ​ទូទាំង​ប្រទេស​បាន​ប្រគល់​ជូន»។​

បើ​យោងតាម​ក្រសួងមហាផ្ទៃ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាល​ទី ៧ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី ២៤ សីហា បាន​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន ៥ រួមមាន ៖ ទី១- ការប្រកាស​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១, ទី២- ការពិនិត្យ និង​សម្រេច​លើ​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការកែសម្រួល​ឈ្មោះ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ទៅជា “​ក្រសួង​អធិការកិច្ច​”, ទី៣- ការពិនិត្យ និង​សម្រេច​លើ​សេចក្តី​ព្រាងច្បាប់ ស្ដីពី​ការបង្កើត​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន, ទី៤- ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី អំពី​របៀបរបប​ការងារ និង​កិច្ចដំណើរការ​នៃ​គណៈរដ្ឋមន្ត្រី និង​ទី៥- បញ្ហា​ផ្សេងៗ៕