ភ្នំពេញៈ លោក​យ៉ង សាំង​កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើង ថា លោក​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កាលពី​ខែធ្នូ ឆ្នាំ ២០២២ ក្នុង​បេសកកម្ម​ចូលរួម​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​វិស័យ​ស្រូវអង្ករ និង​មាន​ផែនការ​ចូលរួម​ធ្វើការ​គាំទ្រ​កសិករ​ឱ្យបាន ១ លាន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ដើម្បី​លើកស្ទួយ​ផលិតកម្ម​កសិកម្ម​និង​ប្រាក់ចំណូល។ នេះបើ​យោងតាម​ហ្វេសប៊ុក​លោក​យ៉ង សាំងកុមារ។​

លោក​បាន​សរសេរ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី ២៤ សីហា​ថា៖«​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ខ្ញុំ​ត្រូវធ្វើ​ការជ្រើសរើស​រវាង​តំណែង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ។ ពេលនេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ជ្រើសរើស​យក​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ចូលរួម​ប្រឡូក​ផ្ទាល់​ក្នុងការ​អនុវត្ត​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ​អាទិភាព​ទី ៥ និង​ទី ៦ ដែលជា​កម្មវិធី​គោលនយោបាយ​កសិកម្ម»។​

នៅក្នុង​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង ៦ ចំណុច របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​លើកដំបូង​កាលពី​ថ្ងៃទី ២៤ សីហា ត្រង់ចំណុច​ទី ៥ បាន​ចែងថា «ការដាក់ចេញ​នូវ​យន្តការ​សម្របសម្រួល​និង​កម្មវិធី​ហិរញ្ញប្បទាន​សំដៅ​លើកស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ​ក្នុង​កម្រិត​សមរម្យ»។​

ចំណែក​ចំណុច​ទី ៦ ចែងថា «​ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ សង្កាត់​ដែលមាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស​និង​ការរៀបចំ​ឱ្យមាន​សមាគម​កសិករ​នៅតាម​ជនបទ»។

លោក​រដ្ឋលេខាធិការ លើកឡើងថា​៖«​យើង​មាន​ផែនការ​ដាក់ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​ចំនួន ១ ៦០០ នាក់​នៅ​ទូទាំង​ប្រទេស​ដើម្បី​ធ្វើការ​ជាមួយ​កសិករ​ជាង ១ លាន​គ្រួសារ»។​

បន្ថែម​ពីនេះ លោក​យ៉ង សាំង​កុមារ បាន​គូសបញ្ជាក់​ពី​គោលបំណង​របស់លោក​ថា​៖«​ខ្ញុំ​នឹង​ខិតខំ​ចូលរួម​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី ឌិត ទីណា និង​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់​ក្នុងការ​ដឹកនាំ​អនុវត្តន៍​កម្មវិធី​គោលនយោបាយ​ទាំង ២ ខាងលើ​នេះ​ឱ្យបាន​ជោគជ័យ​ដើម្បី​វិស័យ​កសិកម្ម ជីវភាព​កសិករ និង​សន្តិសុខ​ស្បៀង សម្រាប់​សង្គមជាតិ​យើង​ទាំងមូល»៕​