រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចាត់តាំង​លោក មាស សុ​ភ័​ណ្ឌ អតីត​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ធ្វើជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី ដើម្បី​សម្របសម្រួល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នាយករ​ដ្ឋ​មន្ត្រី​និង​ទំនាក់ទំនង​ជាមួយ​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​ធ្វើ​សេចក្តីថ្លែងការណ៍​នានា​។

​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ ២០២៣ បានសម្រេច​បង្កើត​ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី ចំណុះ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើជា​សេនាធិការ​លើ​កិច្ចការ​ព័ត៌មាន​របស់​នាយករ​ដ្ឋ​មន្ត្រី​។​

​តាមរយៈ​សេចក្តីសម្រេច​នេះ ត្រូវបានចាត់តាំង​លោក មាស សុ​ភ័​ណ្ឌ ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​។ សេចក្តីសម្រេច​បញ្ជាក់ថា​៖«​ការតែងតាំង និង​ការផ្លាស់ប្តូរ​សមាសភាព​នៃ​ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី ត្រូវធ្វើឡើង​តាម​ការសម្រេច​របស់​នា​យក​រដ្ឋមន្ត្រី ដោយយោង​តាម​សំណើ​របស់​ប្រធាន​ក្រុម​អ្នកនាំពាក្យ​។ ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី អាចបង្កើត​ក្រុមការងារ​ចំណុះ​តាម​ការចាំបាច់ តាម​ការសម្រេច របស់​នាយករដ្ឋមន្ត្រី ដោយយោង​តាម​សំណើ​របស់​ប្រធាន​ក្រុម​អ្នកនាំពាក្យ ដើម្បី​អនុវត្ត​ភារកិច្ច​របស់ខ្លួន​»​។​

​ប្រភព​ដដែល​បន្តទៀត​ថា ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី មាន​ភារកិច្ច សម្របសម្រួល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នាយករ​ដ្ឋ​មន្ត្រី​,​ទំនាក់ទំនង​ជាមួយ​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​។ ទំនាក់ទំនង​ជាមួយ​បណ្តា​ស្ថាប័ន និង​អង្គភាព​នានា​សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​, ស្រាវជ្រាវ និង​ប្រមូល​ចងក្រង​រាល់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​, រៀបចំ​សេចក្តីបំភ្លឺ សេចក្តីប្រកាស​ព័ត៌មាន សេចក្តីថ្លែងការណ៍ និង​ការផ្សព្វផ្សាយ​ផ្សេងទៀត​អំពី ព័ត៌មាន​របស់​នាយក​រដ្ឋមន្ត្រី​ឱ្យបាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បំពេញភារកិច្ច​ផ្សេងទៀត តាម​ការប្រគល់​ពី​នាយករដ្ឋមន្ត្រី​។​

​បើតាម​សេចក្តីសម្រេច​នេះ ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី មាន​ថវិកា​សម្រាប់​ដំណើរការ​ការងារ​រប​ស់​ខ្លួន ក្នុង​កញ្ចប់​ថវិកា របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។​

​លោក មាស សុ​ភ័​ណ្ឌ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ការចាត់តាំង​នេះ​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា​នេះ​។​

​សេចក្តីសម្រេច​ខាងលើ បញ្ជាក់ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​មុខងារ សាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​សាមីខ្លួន ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕