ភ្នំពេញៈ​ នាយកដ្ឋាន​យុវជន នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី ​២៤​ ខែសីហា បានរៀបចំ​វគ្គ​ប្រកួត​ជម្រុះ​យក ៣ ​ក្រុម នៃ​កម្មវិធី​យុវជន​ ២១ ក្រោម​ប្រធានបទ "​សហគ្រិន​ឌីជីថល​៖ នវានុវត្តន៍​អាជីវកម្ម​" ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​ក្រសួង​អប់រំ​។

​នៅក្នុង​ពិធី​នេះ លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួង​អប់រំ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អគ្គនាយកដ្ឋាន​យុវជន ដែល​បាន​ខិតខំ​ប្រើប្រាស់​អស់​ថាមពល​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី ក្នុង​ការរៀបចំ​កម្មវិធី “​យុវជន​២១” ឆ្នាំ​២០២៣ រដូវ​កាល​ទី​៣ ក្រោម​ប្រធានបទ “​សហគ្រិន​ឌីជីថល​៖ នវានុវត្តន៍​អាជីវកម្ម​”»​។

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ ក៏បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​និស្សិត​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា គួរ​គប្បី​ពង្រឹងសមត្ថភាព និង​ចូលរួម​ប្រកួតប្រជែង​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​យុវជន​២១ នា​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

​បើតាម​ក្រសួង​អប់រំ ប្រធានបទ​សម្រាប់​ឆ្នាំ​២០២៣ មាន​ខ្លឹម​សារសំខាន់​ផ្ដោតលើ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​សមត្ថភាព​យុវជន​កម្ពុជា ឱ្យមាន​គំនិត​ផ្ដួចផ្ដើម​អាជីវកម្ម​ថ្មី និង​អភិវឌ្ឍ​អាជីវកម្ម​ឱ្យមាន​លក្ខណៈ​កាន់តែ​ស៊ីជម្រៅ​ប្រសើរ​ជាង​មុន ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នៅក្នុង​បរិបទ​ថ្មី និង​មាន​បំ​ណិ​ន​រៀបចំ​គម្រោង​អាជីវកម្ម​បែប​ឌីជីថល​ដែល​អនុវត្តបាន​នៅក្នុង​សង្គម​ជាក់ស្ដែង​៕