​ភ្នំពេញៈ កាកបាទក្រហមកម្ពុជា​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២​ នៃ​សមាគមជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ីអាគ្នេយ៍​ពីថ្ងៃ​ទី​ ១៧ ដល់​ថ្ងៃទី ​២២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។

​អ្នកចូលរួម​ក្នុង​វេទិកា​យុវជន នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២០ ខែកញ្ញា​មាន​យុវជន ៣​នាក់ មកពី​សមាគមជាតិ​នីមួយៗ​។ ដោយឡែក កាកបាទក្រហមកម្ពុជា បាន​ចាត់​យុវជន ១០​នាក់ ចូលរួម ជា​ប្រតិភូ និង​យុវជន ១០​នាក់​ទៀត ចូលរួម​អនុវត្ត​ជា​អ្នកសម្របសម្រួល​ការងា​រ​ជូន​គណៈប្រតិភូ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កាកបាទ​ក្រហម​កម្ពុជា ស្តីពី ការចូល​ក្រាបបង្គំ​គាល់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា របស់ លោកស្រី​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​នា​សុក្រ​ទី ២៥ ខែសីហា​នេះ​។​

​វេទិកា​យុវជន​នេះ មាន​គោលបំណង បំប៉ន​ចំណេះដឹង​ស្តីពី​ការងារ​មនុស្សធម៌​ដល់​យុវជន រួមទាំង​កសាង​សមត្ថភាព យុវជន​ក្នុង​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​នៅក្នុង​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​។ យុវជន ទាំងអស់ នឹង​បន្ត​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ ក្នុងឋានៈ​ជា​អ្នកសង្កេតការណ៍​។​

​បន្ត​ពី​វេទិកា​យុវជន គឺ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ ថ្ងៃទី ២១ និង ២២ ខែកញ្ញា ដែលមាន​គណៈប្រតិភូ​ម​ក​ពី​សមាគមជាតិ​ទាំង ១១ ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ចូលរួម​។ ក្នុងនោះ គណៈប្រតិភូ​ដឹកនាំ​ដោយ ប្រធាន​សមាគមជាតិ​មាន​ចំនួន​៦ និង​ដឹកនាំ​ដោយ​អគ្គលេខាធិការ​មាន​ចំនួន​៥​។

​កិច្ចប្រជុំ​នេះ នឹងមាន​កិច្ចពិភាក្សា​រវាង​ប្រតិភូ​ថ្នាក់ដឹកនាំ និង​ប្រតិភូ​យុវជន​មកពី​សមាគមជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ប្រចាំ​ភូមិភាគ អាស៊ីអាគ្នេយ៍ ក្រោម​ប្រធានបទ ការចូលរួម​របស់​យុវជន​កាកបាទក្រហម ដើម្បី​អនាគត កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម និង​ដំណោះស្រាយ​ថ្មី​ក្នុង​ការងារ​មនុស្សធម៌​។

​ទន្ទឹមនឹងនេះ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ នឹង​ពិនិត្យ​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​សេចក្តីសម្រេច និង​ការប្តេជ្ញាចិត្ត​រួមគ្នា​កាល​ឆ្នាំ​២០២២ និង​បន្ត​ពិភាក្សា​ស្វែងរក ដំណោះស្រាយ​ថ្មីៗ​លើ​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​ជា​បន្តបន្ទាប់ រួមជាមួយ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាព នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ និង​នៅលើ​សកលលោក ទៅតាម​របៀបវារៈ​ខ្លឹមសារ នៃ​សម័យប្រជុំ​ចំនួន​៩ ដែល​លទ្ធផល​សម្រេចបាន នឹង​ចេញ​ជា​សេចក្តីថ្លែងការណ៍​រាជធានី​ភ្នំពេញ សម្រាប់​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ នៃ​សមាគមជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ីអាគ្នេយ៍​។​

​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ លោកស្រី​ប៊ុន រ៉ានី ហ៊ុនសែន នឹង ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​សំខាន់ៗ​ជាច្រើន​៕